ភ្នំពេញ៖ របរចងការប្រាក់ ត្រូវបានចាត់ទុកថា មិនត្រឹមត្រូវតាមការកំណត់របស់ធនាគារជាតិនៃកម្ពុជាឡើយ ដោយសារតែពួកគេតែងតែកំណត់ការប្រាក់លើសចំនួន និង ពុំមានលក្ខខណ្ឌច្រើននោះទេ ។ ដូច្នេះដូចពាក្យចាស់បុរាណពោលថា ចង់ចំណេញដាច់ចំណង ឬ ចំណេញច្រើន ខាតច្រើនដូចគ្នា ។
កាលពីល្ងាចថ្ងៃទី៥ ខែមីនា ស្ត្រី៤នាក់មានមុខរបរជាអ្នករកស៊ីចងការប្រាក់បានប្តឹងនារីម្នាក់ជាគ្រូពេទ្យ ដោយចោទប្រកាន់ថា បានបោកប្រាស់ប្រាក់អស់រាប់ម៉ឺនដុល្លារអាមេរិក។
នគរបាល ឱ្យដឹងថា ស្ត្រីឆបោករូបនេះឈ្មោះ សេង ធានី អាយុ២៥ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មុខរបរជាគ្រូពេទ្យ។
ដោយឡែក អ្នកដាក់ពាក្យប្ដឹងមានគ្នា៤នាក់ ដែលសុទ្ធតែជាអ្នកចាញ់បោកស្គាល់អត្តសញ្ញាណ៣នាក់គឺមាន ទី១៖ ឈ្មោះ អ៊ុ សុភី អាយុ៣៨ឆ្នាំ មុខរបរលក់ដូរមានទីលំនៅក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ខាតបង់លុយអស់ចំនួន៤៤,៥០០ដុល្លារ ទី២៖ ឈ្មោះ សុខ រដ្ឋស្រីនួន អាយុ២៩ឆ្នាំ មានទីលំនៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ខាតបង់លុយអស់ចំនួន៣,០០០ដុល្លារទី៣៖ ឈ្មោះ អ៊ូ ស្រីទូច អាយុ៣៦ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅ៣ ខាតបង់អស់លុយចំនួន៤,០០០ដុល្លារ។
រីឯស្រ្តីម្នាក់ទៀត មិនត្រូវបានស្គាល់ឈ្មោះទេ ខាតបង់លុយអស់ចំនួន៣៥,០០០ដុល្លារ។ សរុបអ្នកទាំង៤នាក់ បានខាតបង់លុយចំនួន៨៦,៥០០ដុល្លារ ដែលត្រូវស្រ្តីខាងលើខ្ចីកាលពីឆ្នាំ២០១៧ខ្លះ និងដើមឆ្នាំ២០១៨ខ្លះ ហើយក៏នៅមានអ្នកផ្សេងមួយចំនួនទៀត ក៏បានចាញ់បោកស្រ្តីនោះដែរប៉ុន្តែអត់ទាន់ទៅប្ដឹងឡើយ។
បន្ទាប់ពីទារអត់បាន ពួកគាត់បានដាក់ពាក្យបណ្ដឹងទប់ស្កាត់ នៅសាលាសង្កាត់ចោមចៅ ឱ្យអាជ្ញាធរជួយទប់ស្កាត់ កុំឱ្យកូនបំណុលលក់ផ្ទះដែរ ប៉ុន្តែទីបំផុតអាជ្ញាធរនៅតែស៊ីញ៉ឱ្យស្ត្រីនោះលក់ផ្ទះបាត់ដដែល៕ចេស្តា