ព័ត៌មានទាន់ហេតុការណ៍៖

Michael Carrick នឹងចូលនិវត្តន៍នៅចុងរដូវកាលនេះ

ចែករំលែក៖

ខ្សែបម្រើរបស់ក្រុមបិសាចក្រហម Manchester United កីឡាករ Michael Carrick បានប្រកាសថា គាត់នឹងបញ្ចប់អាជីពរបស់ខ្លួននៅចុងបញ្ចប់រដូវកាលនេះ(២០១៧-២០១៨) បន្ទាប់ពីលេងជាកីឡាករអាជីពអស់រយៈពេល១៩ឆ្នាំកន្លងទៅ។

ខ្សែបម្រើវ័យ៣៦ឆ្នាំរូបនេះចាប់ផ្តើមលេងបាល់ដំបូងនៅថ្នាលយុវជនដ៏ល្បីល្បាញរបស់ក្លិប West Ham ហើយបានបង្ហាញខ្លួនលើកដំបូងជាកីឡាករអាជីពក្នុងឆ្នាំ១៩៩៩ មុនពេលដែលត្រូវ Tottenham ទិញយកទៅនៅឆ្នាំ២០០៤។

Carrick បានផ្ទេរបន្តរយៈពេល២រដូវកាលក្រោយមកនៅពេលដែលក្រុមបិសាចក្រហម បានចំណាយទឹកប្រាក់១៤លានផោនដើម្បីនាំយករូបគាត់ទៅកាន់ Old Trafford ហើយវាគឺជាការវិនិយោគដ៏ត្រឹមត្រូវមួយសម្រាប់ក្រុមបីសាចក្រហម ដោយសារគាត់បានចូលរួមចំណែកយ៉ាងច្រើនក្នុងការជួយឲ្យក្រុមមានលទ្ធិពលខ្លាំងបំផុតនៅដើមសហស្សវត្សរ៍នេះ។

អតីតកីឡាករជម្រើសជាតិរបស់អង់គ្លេសរូបនេះបានជួយឲ្យក្រុមបិសាចក្រហមលើកពាន Premier League, ពាន UEFA Champions League និងពាន Europa League ចំនួន៥លើក ហើយលើកពាន FA Cup និង EFL Cup ចំនួន៣លើកផ្សេងទៀតអំឡុងពេលគាត់លេងនៅ Old Trafford។ ប៉ុន្តែរូបគាត់បានចូលលេងត្រឹមតែ៤ប្រកួតប៉ុណ្ណោះក្នុងការប្រកួតទាំងអស់នៅរដូវកាលនេះដោយសារតែបញ្ហាចង្វាក់បេះដូងលោតមិនទៀងទាត់របស់គាត់ ដែលបានបណ្តាលឲ្យគាត់ត្រូវវះកាត់ព្យាបាល។

កីឡាករ Michael Carrick បាននិយាយថា «ដល់ពេលហើយដែលអ្នកលេងលែងបានដូចមុនទៀតនោះ ដល់ពេលដែលត្រូវសម្រាកពីការប្រកួតហើយ។ នោះហើយជាអ្វីដែលខ្ញុំកំពុងតែ គិត។ ខ្ញុំមានបញ្ហានៅក្នុងការប្រកួតជាមួយ Burton ដែលវាបានចាប់ផ្តើមនៅក្នុងតង់ទីពីរ។ ក្រោយមកខ្ញុំបានធ្វើតេស្តមួយចំនួន ហើយបញ្ហាដដែលបានកើតឡើងម្តងទៀតនៅថ្ងៃអាទិត្យនៃសប្តាហ៍នោះ។ ខ្ញុំក៏ត្រូវវះកាត់នៅសប្តាហ៍បន្ទាប់»។

កីឡាករចាស់វស្សារូបនេះបានបន្តថា «ពេលនេះ ខ្ញុំជាសះស្បើយទាំងស្រុងហើយ ដោយត្រូវចំណាយពេលបន្តិចដើម្បីជាដាច់។ រយៈពេល២ ឬ៣ថ្ងៃដំបូងខ្ញុំគិតថា តើខ្ញុំគួរតែបន្តលេងទៀតដែរឬទេ ប៉ុន្ដែខ្ញុំបានគិតច្បាស់លាស់ហើយ ហើយពេលនេះខ្ញុំក៏មានសុខភាពល្អដែរ។ ខ្ញុំចង់លេងឲ្យចប់កុងត្រារបស់ខ្ញុំនៅទីនេះ ដូច្នេះហើយទើបខ្ញុំប្តេជ្ញាថានឹងត្រូវជាសះស្បើយដើម្បីត្រឡប់មកវិញឲ្យបាន» ៕ ដេវីត


ចែករំលែក៖