ព័ត៌មានទាន់ហេតុការណ៍៖

ត្រីប្រហុកមានលាយសារធាតុគីមីហាមឃាត់ដែលមន្ត្រីជំនាញរកឃើញកាលពីប៉ុន្មានថ្ងៃមុនត្រូវបានដុតបំផ្លាញចោល

ចែករំលែក៖

ខេត្តតាកែវ៖ ប្រហុកសាច់ត្រីដែលមន្ត្រីកាំកុងត្រូលរកឃើញមានលាយសារធាតុគីមីហាមឃាត់ជាងមួយតោនកាលពីប៉ុន្មានថ្ងៃមុននៅមូលដ្ឋានឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ ត្រូវបានដុតបំផ្លាញចោលហើយ ។

ពិធីនេះបានធ្វើឡើងនៅរសៀលថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅសាលាឃុំ អង្កាញ់ ស្រុកទ្រាំង ក្រោមអធិបតីភាព លោក ខាន់ សុខា អភិបាលរងខេត្តតាកែវ លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តនិងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

ថ្លែងឲ្យដឹងនាឱកាសនោះផងដែរ លោកអភិបាលរងខេត្តបានស្នេីសុំឲ្យប្រជាពលរដ្ឋដែលប្រកបរបរធ្វើប្រហុកលក់មេត្តាកុំផលិតប្រហុកលាយដាក់សារធាតុគីមីប៉ះពាល់សុខភាពអ្នកបរិភោគតទៅទៀត ជៀសវាងនាំឲ្យមានការខាតបង់ថវិកាពេលមន្ត្រីជំនាញចុះត្រួតពិនិត្យលេីកក្រោយៗទៀត ព្រោះបើកាលណាមន្ត្រីជំនាញរកឃើញសារធាតុគីមីហាមឃាត់គឺនិងត្រូវរឹបអូសយកមកបំផ្លាញចោលដូចជាពេលនេះជាដើម។

លោក ខាន់ សុខា អភិបាលរងខេត្តក៏បានបញ្ជាក់ផងដែរថា ចំពោះម្ចាស់ទីតាំងដែលនៅតែបន្តផលិតប្រហុកមានលាយដាក់សារធាតុគីមីទៀតនោះនិងប្រឈមមុខចំពោះផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ។

សូមរំលឹកថាកាលពីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ និងលោក ឈួន ផាន់នី អភិបាលស្រុកទ្រាំង បានចុះទៅទីតាំងសិប្បកម្មផលិតប្រហុកឈ្មោះ យិន យ៉ុង ស្ថិតនៅភូមិរលួស ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ។ ហេីយជាលទ្ធផលគឺមន្ត្រីជំនាញបានរកឃើញនូវសារធាតុគីមីFormalinដាក់ក្នុងសាច់ត្រីប្រហុកចំនួន១១២០គីឡូក្រាម ដែលសាច់ត្រីខូចគុណភាពទាំងនោះ គឺបានមកពីឈ្មួញឈ្មោះ វ៉ាង ជនជាតិវៀតណាម យកមកបោះដុំលក់។

លោកប្រធានសាខាកាំកុងត្រូលក៏បានបញ្ជាក់ផងដែរថាសាច់ត្រីដែលប្រជាពលរដ្ឋយកមកធ្វើជាប្រហុកភាគច្រេីនគឺនាំចូលពីប្រទេសវៀតណាមដែលសាច់ត្រីទាំងនោះបានដាក់នូវសារធាតុគីមី Formalinធ្វើឲ្យ សាច់ត្រីមានគុណភាពល្អមិនស្អុយ ទុកបានយូរ ហើយចំពោះសារធាតុគីមី Formalinនេះធ្វើឲ្យអ្នកបរិភោគមានគ្រោះថ្នាក់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ មានដូចជាសម្ពោធឈាមធ្លាក់ចុះ វិលមុខ ហើយអាចមានគ្រោះថ្នាក់ដល់អាយុជីវិតទៀតផង៕ ភ្នំដា


ចែករំលែក៖