ព័ត៌មានទាន់ហេតុការណ៍៖

មេតុងទីន២នាក់ប្តីប្រពន្ធត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនរឿងបោកសមាជិកជាកូនតុងទីនជិត៥០ម៉ឺនដុល្លារ

ចែករំលែក៖

ខេត្តកំពង់ធំ៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត ឃាត់ខ្លួនមេតុងទីនល្បិចខ្ពស់ ២នាក់ប្តីប្រពន្ធ បញ្ជូនទៅតុលាការ បន្ទាប់ពី បានទទួលពាក្យបណ្តឹង ពីសមាជិកជាកូនតុងទីនជាង៧០នាក់ នៅក្នុងភូមិថ្មី ឃុំទ្រៀល ស្រុកបារាយណ៏ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ ។

សមត្ថកិច្ចបានអោយដឹងថា មេតុងទីន ដែលរៀបគម្រោងបោកសមាជិក របស់ខ្លួនក្នុងទឹកប្រាក់ជិត៥០ម៉ឺនដុល្លារនេះ ឈ្មោះញឹក សោភាព ភេទប្រុស អាយុ៣១ឆ្នាំ និងប្រពន្ធឈ្មោះ ឡុង ចំរើន អាយុ២៩ឆ្នាំរស់នៅភូមិថ្មី ឃុំទ្រៀល ស្រុកបារាយណ៏ ខេត្តកំពង់ធំ។

លោកវរៈសេនីយត្រី ផុន សុផល អនុប្រធានមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តកំពង់ធំ បានបន្តឲ្យដឹងថា ជនសង្ស័យ ជាមេតុងទីន មានល្បិចខ្ពស់ខាងបោកសមាជិករបស់ខ្លួន បានប្រមូលលុយតុងទីនចំនួនបីខ្សែ ខណៈដែខ្សែទី១ មានចំនួន៩៦នាក់ ខ្សែទី២ចំនួន៨០នាក់ និងខ្សែទី៣ មានចំនួន៧០នាក់ ក្នុងក្បាលនីមួយៗ មួយខែដេញ២ដង ដេញ១ដង១០០ដុល្លារ ។

ប្រភពព័ត៍មានពីសមាជិកតុងទីន លោកតិចឆេង បានបញ្ជាក់ថា រហូតមកដល់ពេលនេះមេតុងទីន ឈ្មោះ ញឹក សោភាពនិងប្រពន្ធឈ្មោះឡុងចំរើន បានប្រើល្បិចកាន់កូនខ្មោចដេញខ្លួនឯងយកអស់ចំនួន៧០នាក់ ក្នុងម្នាក់ អ្នកខ្លះអស់ ៥ពាន់ដុល្លារ ខ្លួន៧ពាន់ដុល្លារ ខ្លះអស់ជាង៩ពាន់ដុល្លារ សមាជិករូបនេះបានបញ្ជាក់ថា តុងទីនចំនួនបីខ្សែនេះ ក្បាលទី១មានសមាជិកចំនួន៩៦ឈ្មោះ ចាប់ផ្តើមលេងនៅឆ្នាំ២០១៤ ហើយក្បាល់ទី២ មានចំនួន ៨០នាក់ចាប់ផ្តើមលេងនៅឆ្នាំ២០១៥ និងក្បាលទី៣ ចាប់លេងនៅដើមឆ្នាំ២០១៧ មានចំនួន៧០នាក់ ។

សមាជិកបានបន្ថែមថា តុងទីនក្បាលទី១ ងាប់អស់៨១នាក់ ស្មើ៨៥ភាគរយ ក្បាលទី២ងាប់អស់ស្មើ៥៧នាក់ ស្មើ៧០ភាគរយ និងក្បាលទី៣ ងាប់២១នាក់ ស្មើ៣០ភាគរយ ។ តែលុយទាំងនេះត្រូវបានមេតុងទីនបោកយកទៅចាយខ្លួនឯងយ៉ាងរំភើយ តែត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ៕ ប៊ុន​រិទ្ធី​


ចែករំលែក៖