ខ្សែបម្រើ Keisuke Honda ត្រូវបានគ្រូបង្វឹកកោះហៅឲ្យចូលក្នុងក្រុមជម្រើសជាតិជប៉ុនវិញ ដើម្បីត្រៀមប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិម៉ាលី និងជម្រើសជាតិអ៊ុយក្រែននាចុងខែមីនានេះ។
កីឡាករវ័យ៣១ឆ្នាំរូបនេះកំពុងលេងឲ្យក្លិប Pachuca របស់ម៉ិចសុីកូ ហើយការបង្ហាញខ្លួនចុងក្រោយឲ្យក្រុមជម្រើសជាតិគឺប្រកួតជាមួយអារ៉ាប៊ីសាអ៊ូឌីតកាលពីខែតុលា។
ក្រៅពីកីឡាករខ្សែបម្រើ Keisuke Honda ជាប់ជាជម្រើសជាតិជប៉ុនវិញ ក៏មានខ្សែបម្រើប្រយុទ្ធ Takashi Usami របស់ក្លិប Augsburg ដែលកំពុងលេងខ្ចីជើងនៅក្លិប Fortuna Dusseldorf និងខ្សែបម្រើក្លិប FC Tokyo កីឡាករ Shoya Nakajima ដែលកំពុងលេងខ្ចីជើងនៅក្លិបព័រទុយហ្គាល់ Portimonense ក៏ត្រូវបានបញ្ចូលក្នុងបញ្ជីឈ្មោះរបស់លោក Vahid Halihodic ផងដែរ ។
ដោយឡែកខ្សែប្រយុទ្ធរបស់ក្លិប Leicester City កីឡាករ Shinji Okazaki ដែលទើបតែជាពីរបួសជង្គង់កាលពីថ្មីៗ គ្មានឈ្មោះប្រកួតជាមួយក្រុមជម្រើសជាតិទាំង២ខាងលើឡើយ។ កីឡាករដែលគ្មានឈ្មោះលេងឲ្យជម្រើសជាតិជប៉ុនដទៃទៀតមាន Maya Yoshida របស់ Shouthampton រងរបួសជង្គង់ និងខ្សែបម្រើប្រយុទ្ធ Dortmund កីឡាករ Shinji Kagawa រងរបួសកែងជើង។ គ្រូជម្រើសជាតិជប៉ុនលោក Halilhodic ក៏ធ្លាប់មិនបញ្ចូលឈ្មោះ Kagawa, Okazaki និង Honda កាលលេងមិត្តភាពជាមួយប្រេស៊ីល និងបែលហ្សុិកកាលពីខែវិច្ឆិកាដែរ។ គេមិនទាន់ដឹងថា កីឡាករសំខាន់ និងមានសក្តានុពលរបស់ជប៉ុនអាចនឹងចូលលេងបានសម្រាប់ព្រឹត្តិការណ៍ World Cup នៅប្រទេសរុស្សុីនោះទេ។ ប្រសិនបើកីឡាករទាំងនោះជាពីរបួសវិញគ្រូបង្វឹក អាចនឹងពិចារណាជាថ្មី ។
សម្រាប់ព្រឹត្តិការណ៍ World Cup ក្នុងប្រទេសរុស្សីឆ្នាំនេះជប៉ុននឹងត្រូវជួបកូឡុំប៊ី, សេណេហ្គាល់និងប៉ូឡូញក្នុងពូល H នៅពាក់កណ្តាលខែមិថុនាខាងមុខ។ ខាងក្រោមនេះជាបញ្ជីឈ្មោះកីឡាករទាំងអស់៖
អ្នកចាំទី៖ Eiji Kawashima, Masaaki Higashiguchi, Kosuke Nakamura។
ខ្សែការពារ៖ Yuto Nagatomo, Tomoaki Makino, Masato Morishige, Tomoya Ugajin, Hiroki Sakai, Shintaro Kurumaya, Gen Shoji, Wataru Endo, Naomichi Ueda ។
ខ្សែបម្រើ ៖ Makoto Hasebe, Hotaru Yamaguchi, Ryota Morioka, Gaku Shibasaki, Ryota Ohshima, Kento Misao ។
ខ្សែប្រយុទ្ធ ៖ Keisuke Honda, Yu Kobayashi, Yuya Osako, Genki Haraguchi, Takashi Usami, Kenyu Sugimoto, Yuya Kubo, Shoya Nakajima ៕ ដេវីត