ខេត្តកំពង់ស្ពឺ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈដែលជិះម៉ូតូម្នាក់ឯង ហើយត្រូវបានរថយន្តធុនធំបើកលឿនបញ្ច្រាសគ្នាបុកចំពីមុខយ៉ាងពេញទំហឹង ក្រោយកើតហេតុអ្នកបើកបររថយន្តបានចតរថយន្តទុកចោលរត់គេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍រថយន្តបុកម៉ូតូបានកើតឡើង កាលពីវេលាម៉ោង០៦និង៣០នាទីព្រលប់ ថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨នៅលើផ្លូវលំចំណុចភូមិអូរអញ្ចាឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
តាមសម្តីរបស់មន្ត្រីនគរបាលចរាចរណ៍ស្រុកឱរ៉ាល់បាននិយាយឲ្យដឹងថានៅមុនពេលកើតហេតុមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាកហ៊ីយ៉ុនដាយ ពណ៍លឿង ពាក់ស្លាកលេខ កំពត ៣A-០៥២៨ អ្នកបើកបរមិនស្គាល់អត្តញ្ញាណបានរត់គេចខ្លួនបាត់ស្រមោល។ដោយរថយន្តបង្កហេតុបើកបរតាមបណ្តោយផ្លូវលំ ក្នុងទិសដៅពីកើតទៅលិច លុះធ្វើដំណើរមកដល់ចំណុចកើតហេតុបានបុកជាមួយម៉ូតូម៉ាកវ៉េវអាល់ហ្វា ពណ៌ក្រហមស៊េរី ឆ្នាំ២០១៦ គ្មានស្លាកលេខដែលបើកបញ្ច្រាស់ទិសគ្នារបស់ឈ្មោះ ឈា ណាង ភេទប្រុស អាយុ ២៦ឆ្នាំជាអ្នកកាប់អុសលក់ រស់នៅភូមិចំបក់ ឃុំត្រពាំងជោស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ពេលឃើញដូចនោះអ្នកបើកបររថយន្តបានចតរថយន្តទុកចោលរត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុ នគរបាលជំនាញបានចុះទៅវាស់វែង ប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងទាំង០២យើងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករង់ចាំដោះស្រាយនៅពេលក្រោយ ៕ សេនា សក្តិ