ព័ត៌មានទាន់ហេតុការណ៍៖

ទ័ពអាកាសរុស្ស៊ីធ្វើសមយុទ្ធជាទ្រង់ទ្រាយធំ ក្រោយប្រធានាធិបតីពូទីនជាប់ឆ្នោតជាថ្មី

ចែករំលែក៖

ក្រោយពេលជាប់ឆ្នោតជាប្រធានាធិបតីអាណត្តិទី៤ ជាបន្តទៀតនោះ លោក ពូទីន បានប្រកាសថា នឹងមិនប្រកួតប្រជែងអាវុធជាមួយលោកខាងលិចនោះឡើយ ហើយកម្លាំងទាហានរុស្ស៊ី នៅតែរឹងមាំ នឹងខ្លាំងជាងមុនទៀត បើទោះបីលោក បានសន្យាកាត់បន្ថយថវិកា លើយោធាក្តី។

ដើម្បីបង្ហាញពីសមត្ថភាព ពិត កងទ័ព រុស្ស៊ី បានចាប់ផ្តើមបើកការធ្វើសមយុទ្ធយោធា ក្នុងទ្រង់ទ្រាយដ៏ធំមួយកក្រើកភាគខាងកើតប្រទេស ដែលមាន គោលដៅហ្វឹកហាត់ការពារដែនអាកាសរបស់ខ្លួន។ សមយុទ្ធ យោធានេះ កើតមានឡើងក្រោយលោក វ្ល៉ាឌីមៀរ ពូទីន បានសន្យា ថានឹងកាត់បន្ថយ កញ្ចប់ថវិកាយោធា ក្នុងឆ្នាំ២០១៨នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួ នៅថ្ងៃពុធ ទី២១ ខែ មីនា ឆ្នាំ២០១៨។

បើតាមសេចក្តីថ្លែងការណ៍របស់យោធារុស្ស៊ី កងទ័ពរុស្ស៊ីជាង៦,០០០នាក់ រួមទាំងយន្តហោះជាង៦០គ្រឿង ក៏ដូចជាឧទ្ធម្ភាគចក្រទំនើបៗប្រមាណ៦០គ្រឿងទៀត រួមមានដូចជាយន្តហោះចម្បាំងធុន Su-34, Su-25SM, Su-30SM, Su-35S និងឧទ្ធម្ភាគចក្រ ប្រយុទ្ធ Ka-52 ជាដើម បូករួមជាមួយប្រព័ន្ធសព្វាវុធនិងបរិក្ខារយោធាពាក់ព័ន្ធដទៃៗទៀតសរុបជាង ៥០០គ្រឿងថែមទៀត។

គួរជម្រាបថា នៅក្នុងអំឡុងនៃការធ្វើ សមយុទ្ធដ៏កក្រើកនេះ ក្រុមអាកាសយានិក នឹងបញ្ជាយន្តហោះចម្បាំងរបស់ពួកគេ ចូលរួម ក្នុងការហ្វឹកហាត់ដេញស្ទាក់ និង កម្ទេចសត្រូវឈ្លានពាន ហើយការបាញ់គ្រាប់ពិតនៃប្រព័ន្ធនៅលើផ្ទៃដីនិងលើផ្ទៃអាកាស ក៏នឹងត្រូវប្រព្រឹត្តទៅលើគោលដៅហាត់សមផងដែរ៕ ម៉ែវ សាធី

 


ចែករំលែក៖