ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោយកចិត្តទុកដាក់ដល់ជីវភាពរស់នៅនិងការហូបចុកសម្រាប់កងទ័ព

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ នាយឧត្ដមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជា ការរង កងយោធពលខេមរភូមិន្ទ(ខ.ភ.ម)តំណាងនាយឧត្តមសេនីយ៍បណ្ឌិត ប៉ុល សារឿន អគ្គមេបញ្ជាការ (ខ.ភ.ម)ចូលរួមបើកវគ្គបណ្ដុះបណ្ដាលនាយទាហានសកម្មជំនាន់ទី២២ និងបិទវគ្គបណ្ដុះបណ្ដាល នាយទាហានថ្នាក់កងអនុសេនាធំ វរសេនា តូចថ្មើរជើងជំនាន់ទី១ សាលានាយ ទាហានសកម្ម នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨។

លោកឧត្តមសេនីយ៍ឯក ច័ន្ទ សុភត្រា នាយរងសេនាធិការចម្រុះ និងជានាយក​​សាលានាយទាហានសកម្ម បានឲ្យដឹងថា ក្នុងដំណាក់កាលកែទម្រង់(ខ.ភ.ម) សាលារួមចំណែកក្នុងការបណ្តុះបណ្តាល កម្មសិក្សាការីសម្រាប់បន្តវេនចំនួន២៣ ​ជំនាន់ ស្មើនឹង១១៨៤នាក់ ។ ក្នុងនោះ វគ្គនាយទាហានកងអនុសេនាធំ វរសេនា​តូចជំនាន់ទី១ មានចំនួន៩៤នាក់ បាន​ប្រឡងបញ្ចប់វគ្គ៩២ នាក់ (ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨)។ ដោយឡែកជំនាន់ទី២២ ជាវគ្គជំនាន់ថ្មី ឆ្នាំ២០១៨ មានកម្មសិក្សាការី២០០នាក់។

នាយឧត្ដមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងថា ដើម្បីបុព្វហេតុជាតិ ការពារសុខសន្តិភាព ការពាររាជរដ្ឋាភិ​បាល ក្រោមការដឹកនាំប្រកបដោយ យុទ្ធសាស្ត្រដ៏ឈ្លាសវៃ របស់សម្តេចតេជោ អស់រយៈកាល៣៩ឆ្នាំ បានធ្វើឲ្យប្រទេស​ជាតិ មានការរីកចម្រើនគ្រប់វិស័យ ក្នុង​នោះវិស័យកងទ័ព ក៏មានការរីកចម្រើន ឥតឈប់ឈរ។

នាយឧត្តមសេនីយ៍ ជំរុញឲ្យថ្នាក់ដឹកនាំ យោធាចារ្យ នាយទា ហាន និងពលទាហាន សាលានាយទាហានសកម្ម ពិសេសកម្ម​សិក្សាការីទាំងអស់ បន្តបំពេញតួនាទីភារកិច្ច ដ៏ល្អរបស់ខ្លួន លើការបង្រៀននិងរៀនសូត្រឲ្យបានខ្លាំងក្លា បន្តចូលរួមការពារសុខ សន្តិភាព ស្ថិរភាពនយោបាយ ការពារ កសាង អភិវឌ្ឍន៍ជាតិ ដើម្បីប្រជាជន។

ក្នុងឱកាសនោះដែរ នាយឧត្ដមសេនីយ៍ កិត្តិបណ្ឌិត នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុនសែន និង សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ផ្តល់ជូនសាលាមានអង្ករ ៥តោន ត្រីខ១០កេស ស្រាបៀរ ៥០កេស ទឹកសុទ្ធ ៥០កេស មី ២០០កេស និងថវិកា ២០លាន រៀល ព្រមទាំងឧបត្ថម្ភដល់​យោធា​ចារ្យ និង នាយទាហានសាលា ចំនួន៣៤៦នាក់ ក្នុងម្នាក់ៗថវិកា ៥ម៉ឺន​រៀល និងឧបត្ថម្ភដល់កម្មសិក្សាការី ៦១៣​នាក់ ម្នាក់ៗថវិកា ៤ម៉ឺនរៀល គ្រួសារកង​ទ័ព​៥២នាក់ ម្នាក់ៗ៤ម៉ឺនរៀល ព្រមទាំង​ជួយសាងសង់ខ្លោងទ្វារសាលា ផ្តល់​កុំព្យូទ័រ២គ្រឿង និងព្រីនធឺ២គ្រឿង ស៊ីម៉ងត៍ប្រគេនពីរវត្ត ក្នុងមួយវត្ត១០តោន​ផងដែរ ៕ សុខដុម


ចែករំលែក៖