កាលពីថ្ងៃទី១៧ ខែមេសា រដ្ឋមន្ត្រីការបរទេស សាឌីអារ៉ាប៊ី លោក Adel Al Jubeirបានបញ្ជាក់ថា ប្រទេសរបស់លោកបានត្រៀមលក្ខណៈបញ្ជូនកម្លាំងទាហាន ទៅកាន់ស៊ីរី ដែលជាផ្នែកមួយនៃការខិតខំរបស់អាមេរិក ក្នុងការរក្សាស្ថានភាពនៅក្នុងប្រទេសនេះឲ្យល្អប្រសើរជាងនេះ។
មានប្រសាសន៍នៅក្នុងសន្និសីទកាសែត ជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នៅទីក្រុង Riyardប្រទេសសាឌីអារ៉ាប៊ី រដ្ឋមន្ត្រីការបរទេសសាឌីអារ៉ាប៊ី លោក Adel Al Jubeirបានបញ្ជាក់ថា ប្រទេសរបស់លោកបានត្រៀមលក្ខណៈក្នុងការដាក់ពង្រាយកម្លាំងទាហាន នៅក្នុងប្រទេសស៊ីរី ដើម្បីធ្វើឲ្យមានភាពល្អប្រសើរឡើងវិញ នៅក្នុងប្រទេសនេះ។
សំណើបញ្ជូនទាហានទៅកាន់ប្រទេសស៊ីរីមិនមែនជារឿងថ្មីឡើយសម្រាប់សាឌីអារ៉ាប៊ី ។ កាលពីជំនន់ដឹកនាំរបស់លោក អូបាម៉ា ប្រទេសនេះ ក៏បានស្នើផងដែរ ថា បើអាមេរិកបញ្ជូនទាហានទៅកាន់ស៊ីរីនោះ សាឌីអារ៉ាប៊ីនឹងបញ្ជូនទាហានទៅផងដែរ ។
ពាក់ព័ន្ធនឹងស្ថានភាពនៅក្នុងប្រទេសស៊ីរីនោះដែរ នៅចំពោះមុខសភាសហភាពអឺរ៉ុប ប្រធានាធិបតីវ័យក្មេងរបស់បារាំង លោក អ៊ែមម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានការពារសេចក្តីសម្រេចចិត្តរបស់ប្រទេសលោក ចំពោះការចូលរួមជាមួយអាមេរិក និងអង់គ្លេស ក្នុងការវាយប្រហារដែនអាកាសលើប្រទេសស៊ីរី ។
លោក ម៉ាក្រុង បានថ្លែងចំពោះមុខសមាជិកសភាអឺរ៉ុប នៅក្នុងទីក្រុង Strasbourg យ៉ាងដូច្នេះថា «យើងធ្វើអន្តរាគមន៍នេះ គឺដើម្បីការពារកិត្តិយស នៃសហគមន៍អន្តរជាតិ»។ ការវាយប្រហារដែលជាការរួមដៃគ្នារវាង បារាំង សហរដ្ឋអាមេរិក និងអង់គ្លេស គឺជាការឆ្លើយតបទៅនឹងអ្វីដែលលោកខាងលិចចោទប្រកាន់ថា រដ្ឋាភិបាលស៊ីរីបានប្រើប្រាស់អាវុធគីមី វាយប្រហារ និងសម្លាប់មនុស្សជាង៤០នាក់ នៅសង្កាត់ឌួម៉ា ជាយទីក្រុងដាម៉ាស់ ។
ប្រធានាធិបតីវ័យក្មេងខាងលើនេះ បានបញ្ជាក់បន្ថែមថា «យើងត្រូវតែការពារតម្លៃរបស់យើង។ ប្រទេសបារាំង មិនបានប្រកាសសង្គ្រាម ជាមួយរបបដឹកនាំស៊ីរីរបស់ លោក បាសា អាល់ អាសាដនោះទេ»។ នេះជាការឆ្លើយតបទៅនឹងសំនួររបស់សមាជិកសភាអឺរ៉ុបមួយចំនួនដែលបានសួរមេដឹកនាំបារាំង ពាក់ព័ន្ធនឹងភាពស្របច្បាប់ នៃការវាយប្រហារលើប្រទេសស៊ីរី ដែលបារាំងបានចូលដៃចូលជើង កាលពីថ្ងៃសៅរ៍ សប្តាហ៍មុននោះ។
កងទ័ពបារាំងបានចូលរួមជាមួយកងទ័ពអាមេរិក និងអង់គ្លេស ក្នុងប្រតិបត្តិការវាយប្រហារដោយបាញ់មីស៊ីល ទៅលើមូលដ្ឋានទ័ពស៊ីរី។ បញ្ហាស៊ីរី ដែលកំពុងតែក្តៅគគុក ត្រូវបានអ្នកកាសែតទាំង២រូបចោទសួរលោកម៉ាក្រុង មុនគេបង្អស់ ។ អ្នកកាសែត បានលើកឡើងថា មានការរិះគន់ថា ហេតុអ្វីលោកប្រធានាធិបតី មិនបានស្នើសុំទៅរដ្ឋសភា ឲ្យបើកភ្លើងខៀវជាមុនសិន មុននឹងសម្រេចឲ្យកងទ័ពបារាំងចូលរួមបាញ់មីស៊ីល ជាមួយកងទ័ពអាមេរិក និងកងទ័ពអង់គ្លេស ។ លោកម៉ាក្រុង បានឆ្លើយថា រដ្ឋធម្មនុញ្ញបារាំងបានចែងយ៉ាងច្បាស់ថា គឺប្រធានាធិបតី ដែលជាអគ្គបញ្ជាការកំពូលរបស់កងទ័ព ដូច្នេះគ្មានហេតុផលអ្វី ដែលប្រធានាធិបតី គ្មានសិទ្ធិសម្រេចបញ្ជាទ័ព ឲ្យបើកប្រតិបត្តិការណាមួយនោះទេ។
មួយវិញទៀត រដ្ឋធម្មនុញ្ញ តម្រូវឲ្យរដ្ឋាភិបាលជូនដំណឹងទៅរដ្ឋសភា ស្តីអំពីប្រតិបត្តិការយោធាណាមួយ ក្នុងរយៈពេល៣ថ្ងៃយ៉ាងយូរ ក្រោយការចាប់ផ្តើមប្រតិបត្តិការ។ ចំពោះចំណុចនេះ លោកម៉ាក្រុងបានឆ្លើយថា រដ្ឋាភិបាលបានជូនដំណឹងទៅរដ្ឋសភារួចហើយ ក្រោយប្រតិបត្តិការមួយថ្ងៃ ហើយសភា ដេញដោលថ្ងៃទី១៦ ខែមេសា ៕ ម៉ែវ សាធី