ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត២គ្រឿងបានបើកខ្វះការប្រុងប្រយ័ត្នត្រង់ចំណុចផ្លូវបែកជាបួន ខណះដែលនារីម្នាក់ បើករថយន្តស៊េរីទំនើបម៉ាកតូយូតា ស៊ីណា ក្នុងល្បឿនយ៉ាងលឿន ជ្រុលទៅបុកជាមួយនិងរថយន្តមួយគ្រឿងទៀតម៉ាក ម៉ាស្តា ដែលកំពុងបើកលឿនដូចគ្នាពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។
ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃអាទិត្យទី១៥ ខែមេសា ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវបំបែកជាបួន មុខបណ្ណាគារ ហៀ សៀវខេង ម្ដុំផ្សាទំនើបសូរិយា តាមបណ្តោយផ្លូវត្រសក់ផ្អែម(ផ្លូវលេខ៦៣) កែងផ្លូវលេខ១៥៤ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
យោងតាមប្រភពពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកស៊ីណា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT-8299 បើកបរដោយនារីម្នាក់ ធ្វើដំណើរពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុមុខបណ្ណាគារ ហៀ សៀវខេង ដែលជាចំណុចផ្លូវបែកជាបួននោះ ស្រាប់តែមានរថយន្តស៊េរីទំនើប មួយគ្រឿងទៀត ម៉ាក ម៉ាស្តា CX5 ពាក់ស្លាកលេខ ភ្នំពេញ 2AJ-0133 ធ្វើដំណើរតាមផ្លូវលេខ៦៣ ពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿនដូចគ្នា បានទៅបុកគ្នាពេញទំហឹងតែម្ដង បណ្ដាលឲ្យរថយន្ត ស៊ីណា ខ្ទេចផ្នែកខាងមុខស្ទើរទាំងស្រុង។ ចំណែករថយន្តរងគ្រោះ ម៉ាស្តា រងការខូចខាតចំហៀងខាងឆ្វេងយ៉ាងដំណំ។
ក្រោយកើតហេតុ គេឃើញសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ ភាគីទាំងសងខាង ធ្វើការដោះស្រាយគ្នាអស់រយៈពេលមួយសន្ទុះ តែមិនត្រូវគ្នា ទើបសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ ចុះមកវាស់វែង និងស្ទូចរថយន្តយកទៅរក្សាទុក នៅការិយាលយ័ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕ ស តារា