ព័ត៌មានទាន់ហេតុការណ៍៖

សាកសពជនអន្តោប្រវេសន៍១១នាក់ត្រូវបានរកឃើញនៅឆ្នេរសមុទ្រភាគខាងលិចលីប៊ី

ចែករំលែក៖

អ្នកនាំពាក្យកងនាវាចរបានឲ្យដឹងថា កងនាវាចរលីប៊ី កាលពីថ្ងៃអាទិត្យ បានរកឃើញសាកសពជនអន្តោប្រវេសន៍១១ នាក់ និងបានជួយសង្គ្រោះមនុស្ស៨៣នាក់ទៀត នៅឯឆ្នេរសមុទ្រនៃទីក្រុង Sabratha ភាគខាងលិច។

អ្នកនាំពាក្យ Ayob Qassem បានប្រាប់ស៊ីនហួថា “ឆ្មាំឆ្នេរសមុទ្រល្បាតតាមទូត២គ្រឿង បានរកឃើញសពសាកសពជនអន្តោប្រវេសន៍ខុសច្បាប់១១នាក់ និងបានជួយសង្គ្រោះមនុស្ស៨៣ នាក់ទៀត ដែលជិះលើទូកកៅស៊ូ ចម្ងាយប្រហែល៥ម៉ាយ ពីឆ្នេរសមុទ្រSabratha” ។

លោក Qassem បានបន្ថែមថា “ទូកដឹកជនអន្តោប្រវេសន៍នោះបានបែកបាក់នៅពេលក្រុមល្បាតបានទៅដល់” ។

លោកបានបន្ថែមថា ជនអន្តោប្រវេសន៍ដែលបានជួយសង្គ្រោះ គឺសុទ្ធសឹងជាជនជាតិអាហ្វ្រិកខុសៗគ្នា ហើយត្រូវបានគេដឹកទៅកាន់កំពង់ផែ អាល់ហ្សីវីយ៉ា ដែលស្ថិតនៅចម្ងាយប្រមាណ៤៥គីឡូម៉ែត្រ ខាងលិចរដ្ឋធានី ទ្រីប៉ូលី នៅវេលាម៉ោង១៣ម៉ោងនៅក្នុងតំបន់ ។ បន្ទាប់មក ពួកគេត្រូវបញ្ជូនទៅកាន់មជ្ឈមណ្ឌលទទួលស្នាក់នៅ ក្នុងរដ្ឋធានី ។

សូមបញ្ជាក់ថា បន្ទាប់ពីការបះបោរឆ្នាំ២០១១ ផ្តួលរំលំរបបអតីតមេដឹកនាំ ហ្គាដាហ្វី ប្រទេសលីប៊ី បានក្លាយជាចំណុចចាប់ផ្តើមដ៏សំខាន់មួយឲ្យមានជនអន្តោប្រវេសន៍ខុសច្បាប់ ភៀសខ្លួនឆ្លងកាត់តាមមហាសមុទ្រ មេឌីទែរ៉ាណេ ឆ្ពោះទៅទ្វីបអឺរ៉ុប ដោយសារតែភាពអសន្តិសុខ និងភាពចលាចលនៅក្នុងប្រទេសរបស់ពួកគេ ។

ស្ថានភាពអាកាសធាតុល្អប្រសើរនារដូវនេះបានបង្កើនឲ្យមានលំហូរជនអន្តោប្រវេសន៍ តាមទូកមកពីប្រទេសលីប៊ី ឆ្ពោះទៅកាន់ប្រទេសតំបន់អឺរ៉ុប ជាពិសេសនៅតាមឆ្នេរសមុទ្រភាគខាងលិច ។

ស្ថិតិផ្លូវការបញ្ជាក់ថា ជនអន្តោប្រវេសន៍ដែលបានជួយសង្គ្រោះពីឆ្នេរសមុទ្រលីប៊ី អំឡុងត្រីមាសដំបូងនៃឆ្នាំ២០១៨ មានជាង៤.០០០នាក់រួចមកហើយ ៕ ថាច់ យ៉ាត


ចែករំលែក៖