ខេត្តកំពង់ឆ្នាំង៖ គ្រាប់បែកដៃ១គ្រាប់ផលិតនៅប្រទេសចិន ត្រូវបានគេប្រទះឃើញនៅដីភូមិមួយកន្លែង ជាកន្លែងចិញ្ចឹមគោ ស្ថិតនៅភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង កាលរសៀលថ្ងៃអាទិត្យ ៨កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១៦និង៤៥នាទី ។
សមត្ថកិច្ចបានឲ្យដឹងថា គ្រាប់បែកដៃដែលប្រទះឃើញនេះ នៅក្នុងដីចិញ្ចឹមគោ ដែលមានម្ចាស់ឈ្មោះ លោក ពុំ សុផលភេទប្រុសអាយុ៤៣ឆ្នាំ ម្ចាស់ដីភូមិ (កន្លែងចិញ្ចឹមគោ)មានទីលំនៅភូមិទ្រាជើងឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា គ្រាប់បែក១គ្រាប់ (មិនស្គាល់ម៉ាក) ផលិតនៅប្រទេសចិន ត្រូវបានជនមិនមុខ យកមកផ្លុងចោល នៅកន្លែងចិញ្ចឹមគោរបស់គាត់ មិនដឹងតាំងពីពេលណាមកទេ ទើបតែប្រទះ ឃើញនៅវេលាម៉ោង១៦និង៤៥នាទីថ្ងៃទី២២ ខែមេសា២០១៨ ។
ក្រោយពីម្ចាស់ដីភូមិ បានរាយការណ៍ កម្លាំងសមត្ថកិច្ចបានចុះទៅពិនិត្យកន្លែងកើតហេតុរួចបានយកគ្រាប់បែកនេះ មករក្សាទុកនៅប៉ុស្តិនគរបាលកំពង់ឆ្នាំង ដើម្បីស្រាវជ្រាវ និងបន្តទំនាក់ទំងជាមួយអង្គភាព ស៊ីម៉ាក់ដើម្បីបញ្ជូនយកទៅរក្សាទុក ៕ ចន្ថា