ប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រកាសឲ្យដឹងថា កម្លាំង អាមេរិក បារាំង និងសម្ពន្ធមិត្តមិនគួរចាកចេញពីប្រទេសស៊ីរីឡើយនៅពេលដែលសង្គ្រាមបានបញ្ចប់ទៅ ហើយចាំបាច់ត្រូវតែបន្តនៅក្នុងប្រទេសនេះដើម្បីកសាងសីុរីថ្មីក្រោយសង្គ្រាម។
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Fox Newsប្រធានាធិបតីបារាំង លោកម៉ាក្រុងបានបញ្ជាក់ថា កម្លាំង ទាហានអាមេរិក និងសម្ពន្ធមិត្ត មិនត្រូវ ចាកចេញពីស៊ីរីឡើយ គឺនៅទីនេះដើម្បី កសាងសីុរីថ្មី។ លោកម៉ាក្រុងបញ្ជាក់ថា«យើងត្រូវកសាងស៊ីរីថ្មី ក្រោយសង្គ្រាម»។
តាមការលើកឡើងរបស់ប្រធានាធិបតីបារាំង អីុរ៉ង់ និងប្រធានាធិបតីស៊ីរីអាល់ អាសាដ គឺជាហេតុផលដែលកម្លាំងបរទេសចាំបាច់ត្រូវតែបន្តមានវត្តមាននៅស៊ីរីក្រោយសង្គ្រាម។
អាមេរិក និងសម្ពន្ធមិត្តបារាំងបានចាប់ផ្តើមប្រើប្រាស់កម្លាំងយោធា ប្រឆាំង ក្រុមភេរវកម្ម IS នៅលើទឹកដីស៊ីរីតាំង ពីឆ្នាំ២០១៤ មកទល់ពេលនេះ ។ក្រៅពីបើកការវាយប្រហារតាមដែនអាកាស សម្ពន្ធមិត្តដឹកនាំដោយអាមេរិក ក៏បាន ផ្តល់អាវុធ ជាច្រើនទៅឲ្យកម្លាំងប្រឆាំង រដ្ឋាភិបាលស៊ីរី ។
ពាក់ព័ន្ធនឹងស្ថានភាពនៅក្នុងប្រទេសស៊ីរីនោះដែរ តំណាងពិសេសរបស់ចិន នៅសុីរីបានលើកឡើងថា វិធីសាស្ត្រយោ ធា មិនអាចដោះស្រាយបញ្ហាទាំងអស់ បានឡើយ មានតែផ្លូវនយោបាយ ប៉ុណ្ណោះ ទើបអាចទទួលបានជោគជ័យ។
តាមសម្តីអ្នកតំណាងពិសេសរបស់ចិន នៅប្រទេសស៊ីរី លោក ស៊ី ហ្ស៊ាវយ៉ាន (Xie Xiaoyan)បានបញ្ជាក់ថា ដំណោះ ស្រាយតាមផ្លូវនយោបាយ គឺជាមធ្យោ បាយតែមួយគត់ ដើម្បីអាចជួយឲ្យវិបត្តិស៊ីរី ដែលកំពុងបន្តអូសបន្លាយរហូតមកដល់ថ្ងៃនេះ អាចបញ្ចប់ទៅបាន។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ នៅឯរដ្ឋធានីគែរប្រទេសអេហ្ស៊ីប លោក Xie បានសម្តែងក្តីព្រួយបារម្ភជាខ្លាំង ជុំវិញស្ថានការណ៍ដ៏ក្តៅគគុកនាពេលបច្ចុប្បន្ន នៅស៊ីរី ហើយទន្ទឹមនឹងនោះលោកក៏បានទទូចឲ្យប្រទេសពាក់ព័ន្ធនានា ចូលរួម បន្ធូរបន្ថយភាពតឹង និងងាកទៅរកការចរចាគ្នាដោយសន្តិវិធីជំនួសវិញ។
លោក Xie Xiaoyan បានគូសបញ្ជាក់ថា «ប្រទេសចិនពុំដែលគាំទ្រនោះឡើយ ចំពោះការប្រើប្រាស់កម្លាំងបាយ ឬក៏ការ គំរាមកំហែងប្រើធម៌ក្តៅ នៅក្នុងទំនាក់ ទំនងអន្តរជាតិ ហើយអ្នកតំណាងពិសេស រូបនេះបានបន្ថែមថា អធិបតេយ្យភាព ឯករាជ្យភាព សាមគ្គីភាព និងបូរណភាព ទឹកដីរបស់ប្រទេសស៊ីរី គួរតែត្រូវបានគោ រពដោយត្រឹមត្រូវ»។
គួរជម្រាបថា បើតាមលោក Xie រដ្ឋាភិបាលទីក្រុងប៉េកាំង មានជំនឿជឿ ជាក់ថា ពុំមានដំណោះស្រាយផ្នែកយោ ធាណាមួយ អាចដោះស្រាយបញ្ហានៅស៊ីរី បានឡើយ ហើយច្រកផ្លូវដែលអាចងើប ចេញពីវិបត្តិដ៏រ៉ាំរ៉ៃនេះរួចនោះ គឺមានតែការដោះស្រាយតាមផ្នែកនយោបាយប៉ុណ្ណោះ (ជាការអង្គុយចុះចរចាគ្នា រវាងភាគីពាក់ព័ន្ធ)៕ ម៉ែវ សាធី