ខេត្តតាកែវ ៖ ទីតាំងផលិតស្ករត្នោត ក្លែងក្លាយ ជាច្រើនកន្លែងកំពុងតែដំណើរ ការជាធម្មតា នៅឃុំលំពង់ ឃុំត្រពាំងសាប និងឃុំកុមារាជា ស្រុកបាទី ។បើទោះបីជា អាជ្ញាធរពាក់ព័ន្ធធ្លាប់បានចុះទៅបង្រ្កាប យ៉ាងណាក្ដី ក៏គ្មានប្រសិទ្ធភាពចំពោះម្ចាស់ទីតាំងទាំងនោះដែរ ។ ខណៈពេលដែល ប្រជាពលរដ្ឋទូទាំងប្រទេស និងសមាគម ស្ករត្នោតកម្ពុជា ទូទូចដល់អាជ្ញាធរពាក់ព័ន្ធជួយពិនិត្យមើលទីតាំងទាំងនោះម្ដងទៀត និងសុំឲ្យមានវិធានការជាក់លាក់ផង។
សូមរំឭកផងដែរថា លោក អ៊ូច ភា អភិបាលខេត្តតាកែវ ដែលតែងតាំងថ្មី ទើបចូលកាន់តំណែង ក៏ធ្លាប់បានព្រមាន ចំពោះអាជ្ញាធរពាក់ព័ន្ធ កាលពី ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨នេះដូច្នេះថា កន្លង មកនៅខេត្តតាកែវរបស់យើង គឺជួប បញ្ហាជាច្រើនពាក់ព័ន្ធទៅនឹងចំណី អាហារដែលមានសារធាតុគីមីដូចជា ប្រហុក ត្រីផ្ទក់ ដែលមានសារធាតុគីមី នាំចូលពីវៀតណាម ត្រូវបានប្រជាពល រដ្ឋនៅឃុំអង្កាញ់ ស្រុកទ្រាំង បានផលិត និងកែច្នៃយកមកលក់ ដោយមិនខ្លាចប៉ះពាល់សុខភាពអ្នកបរិភោគ។
បញ្ហាស្ករត្នោតក្លែងក្លាយដែលបិទហើយ នៅលួចបន្តផលិតទៀត ដែលកើត មានឡើងនៅឃុំកុមារាជា ឃុំលំពង់ ស្រុក បាទី ហើយគ្មានសុំច្បាប់ត្រឹមត្រូវពីមន្ទីរ ឧស្សាហកម្ម។
បញ្ហាសរសៃគុយទាវដែលមានសារធាតុគីមីបូរ៉ាក់ នៅស្រុកបាទី ជាពិសេស គឺ បញ្ហានៅតាមព្រំដែន គឺបញ្ហាការជួលដីស្រែឲ្យជនជាតិវៀតណាមធ្វើ កុងត្រូល ជជ្រុះ និងបញ្ហាកញ្ឆានៅស្រុកគិរីវង់ សូមកុំចាប់ជាដដែលៗពេក បង្រ្កាបឲ្យអស់ តែម្តងទៅ កុំឲ្យរឿងទាំងអស់នេះកើតឡើងម្តងទៀតនៅលើទឹកដីខេត្តតាកែវរបស់យើង ហើយក៏សូមឲ្យមន្រ្តីពាក់ព័ន្ធ កង កម្លាំងសមត្ថកិច្ច ត្រូវតែទប់ស្កាត់ បង្រ្កាប ឲ្យទាល់តែបាន ដើម្បីស្តារកិត្តិយសមុខ មាត់របស់ខេត្តយើងឡើងវិញ ។
បើទោះបីជា លោកអភិបាលស្រុកបាទី ភួន ឈីម ដែលទើបចូលកាន់តំណែង កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ជំនួសពីលោក អ៊ុក រី អតីតអភិបាល ស្រុក បាទី ក៏នៅតែគ្មានសមត្ថភាពចុះទៅបង្រ្កាប ឬបិទទីតាំងផលិតស្ករត្នោតកែច្នៃទាំងនោះបានដដែលបណ្ដោយឲ្យបើកដំណើរការជាធម្មតា។
សូមបញ្ជាក់ដែរថា យោងទៅតាមសេចក្ដីជូនដំណឹងរបស់ក្រសួងឧស្សាហកម្ម និង សិប្បកម្ម ស្ដីពីការបញ្ឈប់ជាបន្ទាន់នូវទីតាំងផលិតស្ករត្នោតក្លែងក្លាយ គ្រប់រូបភាព នៅទូទាំង២៥រាជធានីខេត្ត កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ គណៈកម្មការចម្រុះ ថ្នាក់ខេត្ត ដឹកនាំដោយលោក ឈួ សុធា អភិបាលរងខេត្តតាកែវ និងជាប្រធាន គណៈកម្មការដើម្បីចុះត្រួតពិនិត្យ និងផ្អាកសកម្មភាពផលិតស្ករត្នោតកែច្នៃ មានចំនួន ៤៨ ទីតាំងដែលស្ថិតក្នុងឃុំលំពង់ ឃុំ ត្រពាំងសាប និងឃុំកុមារាជា ស្រុកបាទី៕ ហេង សូរិយា