ព័ត៌មានទាន់ហេតុការណ៍៖

ឧក្រិដ្ឋជនរំលោភកុមារនៅឥណ្ឌានឹងត្រូវប្រហារជីវិត

ចែករំលែក៖

ឥណ្ឌាជាប្រទេសដែលមានរឿងអាស្រូវរំលោភបំពានផ្លូវភេទលើស្ត្រីនិងកុមារច្រើនជាងគេបំផុតលើពិភពលោក ហើយជន ល្មើសតែងតែរួចខ្លួន ដោយសារតែ ច្បាប់ ធូររលុងគ្រួសារជនរងគ្រោះមិនហ៊ាន ប្តឹងខ្លាចត្រូវជនដៃដល់សងសឹកវិញនៅពេលក្រោយ។

ប៉ុន្តែក្រោយពីមានការធ្វើបាតុកម្ម ប្រឆាំង ពីសំណាក់ពលរដ្ឋនិងសង្គមស៊ីវិល ទាមទារឲ្យចេញច្បាប់ការពារស្ត្រីនិងកុមាររួចផុតពីការរំលោភបំពានផ្លូវភេទ ទើបរដ្ឋា ភិបាលឥណ្ឌា បានអនុម័តលើច្បាប់ កាត់ ទោសប្រហារជីវិត ចំពោះជនល្មើសដែល រំលោភអនីតិជន។ ច្បាប់ប្រហារជីវិតនេះ ត្រូវបានអនុម័ត បន្ទាប់ពីមានករណីក្មេង ស្រីអាយុ ៨ឆ្នាំម្នាក់ ត្រូវបានមនុស្សមួយ ក្រុមចាប់រំលោភ និងសម្លាប់ បូករួមទាំង ករណីបំពានផ្លូវភេទធ្ងន់ធ្ងរជាច្រើនទៀត ដែលបង្កឲ្យមានការផ្ទុះកំហឹងយ៉ាងខ្លាំង ក្នុងចំណោមមហាជនឥណ្ឌានៅទូទាំង ប្រទេស។

មន្រ្តីរដ្ឋាភិបាលឥណ្ឌាម្នាក់ បានឲ្យ ដឹងថា នាយករដ្ឋមន្ត្រី Narendra Modi បានកោះហៅឲ្យមាន កិច្ចប្រជុំគណៈរដ្ឋ មន្រ្តីមួយ ដើម្បីអនុម័តវិធានការក្តៅទាក់ ទងនឹងបទល្មើសរំលោភផ្លូវភេទ។ នៅថ្ងៃ សៅរ៍ដដែលនោះ គណៈរដ្ឋមន្ត្រីឥណ្ឌាបានសម្រេចធ្វើវិសោធនកម្មច្បាប់ចាស់ ដើម្បីបើកផ្លូវឱ្យមានការផ្តន្ទាទោស ចំពោះ ជនល្មើសទាំងឡាយណា ដែលចាប់ រំលោភក្មេងអាយុក្រោម១២ ឆ្នាំ។ ក្រៅ ពីនេះ ទោសជាប់គុកអប្បបរមា សម្រាប់ ជនល្មើស រំលោភក្មេងវ័យជំទង់ ក៏ត្រូវ បានគេរឹតបន្តឹងផងដែរ។

គួរកត់សម្គាល់ថា ករណីរំលោភ-សម្លាប់ គឺជាប្រធានបទដ៏ក្តៅគគុក ក្នុង សង្គមឥណ្ឌា។ សោកនាដកម្មនេះ កើត ឡើងក្នុងប្រទេសឥតឈប់ឈរ ដែលជាហេតុនាំឲ្យប្រជាពលរដ្ឋឥណ្ឌាមានកំហឹងជាខ្លាំង។ ជាក់ស្តែង ការតវ៉ាបានផ្ទុះឡើងពាសពេញផ្ទៃប្រទេស ក្នុងអំឡុងពេល ថ្មីៗនេះ ក្រោយពីក្មេងស្រីកាន់សាសនាអ៊ិស្លាមវ័យ១២ ឆ្នាំម្នាក់ ត្រូវបានរំលោភនិងបន្ទាប់មកវាយសម្លាប់ ដោយអ្នកកាន់ សាសនាហិណ្ឌូមួយក្រុម។

ក្រៅពីនេះ កាលពីឆ្នំា ២០១២ ក៏មាន ករណីចាប់រំលោភដ៏គួរឲ្យភ្ញាក់ផ្អើលមួយ កើតឡើងនៅក្នុងប្រទេសផងដែរ។ នោះ គឺករណីរំលោភជាក្រុមទៅលើនិស្សិតស្រីម្នាក់ នៅលើរថយន្ដក្រុង ក្នុងទីក្រុងដេលី ហើយកាលនោះ មានសារព័ត៌មានបានចុះផ្សាយពីរឿងនេះ នៅជុំវិញពិភពលោក។

គួរបញ្ជាក់ថា អំពើហិង្សាផ្លូវភេទ រាប់ បញ្ចូលទាំងអំពើហិង្សាផ្លូវភេទលើកុមារផង នៅតែមិនអាចគ្រប់គ្រងបាននៅក្នុង ប្រទេសឥណ្ឌា ហើយបើតាមរបាយការណ៍ មួយឲ្យដឹងថា មានករណីរំលោភសេព សន្ថវៈកុមារចំនួន ១១០០០ ករណីបាន​កើតឡើងក្នុងឆ្នំា ២០១៥។ ក្រៅពីទោសប្រហារជីវិតលើករណីចាប់រំលោភ និង សម្លាប់លើកុមារ បច្ចុប្បន្ននេះ ប្រទេស ឥណ្ឌា មានទោសប្រហារជីវិត២ផ្សេងទៀត ទាក់ទងនឹងអំពើឃាតកម្ម និងការវាយ ប្រហារភេរវកម្ម។ ប៉ុន្តែ ការកាត់ទោស ប្រហារជីវិត កម្រត្រូវបានគេអនុវត្តណាស់៕ ម៉ែវ សាធី


ចែករំលែក៖