ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋរស់នៅក្នុងឃុំស្វាយប្រទាល និងឃុំត្រើយស្លា ស្រុក ស្អាង ខេត្តកណ្ដាល កំពុងតែព្រួយបារម្ភ ខណៈព្រៃលិចទឹក និងបឹងធម្មជាតិ នៅក្នុង អតីតដែនឡូត៍នេសាទលេខ៣ ត្រូវបាន ក្រុមហ៊ុនរបស់លោកឧកញ៉ា ឈាង ប៉ាក់សួរ រំលោភយកធ្វើជាកម្មសិទ្ធិ ដោយ ការដុតបំផ្លាញព្រៃលិចទឹក និងឈូស ឆាយយ៉ាងគគ្រឹកគគ្រេង ហាក់គ្មានកោតញញើតអាជ្ញាធរអ្វីបន្តិចសោះឡើយ។
ប្រជាពលរដ្ឋបាននិយាយថា អ្វីដែល ពួកគាត់ព្រួយបារម្ភនោះ គឺខ្លាចបាត់បង់ បឹងបួ និងព្រៃលិចទឹក ដែលជាទីជម្រក ត្រីពងកូន ព្រោះក្រុមហ៊ុនរបស់លោក ឧកញ៉ា ឈាង ប៉ាក់សួរ កាយលើកទំនប់ យ៉ាងធំខ្ពស់ ដើម្បីកំណត់ព្រំប្រទល់ ហើយមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋចូលទៅ នេសាទបានទៀតឡើយ។
ពួកគាត់ក៏បានលើកឡើងដែរ រដ្ឋាភិបាលបានកាត់ឡូនេសាទឲ្យប្រជាពលរដ្ឋប្រកបរបររកស៊ីជាលក្ខណៈគ្រួសារ តែឥឡូវឈ្មួញនាំគ្នាហ៊ុមព័ទ្ធយកធ្វើជាកម្មសិទ្ធិអស់ហើយ និងមិនឲ្យប្រជាពលរដ្ឋចូលនេសាទ តាមបឹង ប្រឡាយ ដែលក្រុ មហ៊ុនអះអាង ថា ជាដីរបស់ពួកគេថែមទៀតផង ។ សូម្បី តែប្រជាពលរដ្ឋធ្លាប់ប្រកបរបរធ្វើចម្ការនៅក្បែរមាត់បឹងរាប់ សិបឆ្នាំមកហើយនោះ ក៏គេលែងឲ្យចូលទៀតដែរ ។
ប្រជាពលរដ្ឋក៏បានបញ្ជាក់ដែរថា ពួកគាត់មិនហ៊ានចេញមុខតវ៉ាដោយផ្ទាល់នោះទេ ព្រោះមេការក្រុមហ៊ុនធ្លាប់គំរាមចាប់ពួកគាត់ដាក់គុក ដូច្នេះ ពួកគាត់មានតែ អំពាវនាវទៅដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ មេត្តាជួយពិនិត្យ និងអន្តរាគមន៍ផង បើ មិនដូច្នោះទេ ប្រជាពលរដ្ឋប្រាកដជាបាត់បង់អាជីពជាក់ជាមិនខាន។
ជាមួយនឹងការលើកឡើងរបស់ប្រជា ពលរដ្ឋនេះ នគរវត្តមិនអាចសុំការពន្យល់បកស្រាយពីសំណាក់តំណាងក្រុមហ៊ុន បានទេ កាលពីថ្ងៃម្សិលមិញ ។
លោក ឆន ចិន នាយសង្កាត់រដ្ឋបាល ជលផលស្អាងបានប្រាប់ថា លោកពុំបាន ដឹងអំពីករណីលោកឧកញ៉ា ឈាង ប៉ាក សួរ ឈូសឆាយដុតព្រៃលិចទឹក និងរំលោភ បឹងអតីតដែនឡូត៍នេសាទលេខ៣នោះទេ ហើយលោកនឹងពិនិត្យមើលប្រសិនបើមានករណីដូចជាការលើកឡើងរបស់ពលរដ្ឋមែននោះ គឺជាករណីខុសច្បាប់ហើយ។
ចំណែកឯលោក ញឹម វណ្ណឌិន អភិបាល ស្រុកស្អាង បានមានប្រសាសន៍ថា លោកនឹងចាត់ឲ្យមន្ត្រីទៅត្រួតពិនិត្យ ករណីលើកឡើងរបស់ប្រជាពលរដ្ឋនៅក្នុងឃុំទាំង ពីរនេះ។
លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល កាលពីថ្មីៗបានព្រមានចាប់ក្រុមឧកញ៉ា ប្រថុយ មួយក្រុម ដែលកំពុងធ្វើសកម្មភាពទិញបឹងធម្មជាតិដោយខុសច្បាប់នៅក្នុងឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្ត កណ្ដាល តាមរយៈធ្វើសកម្មភាពបោក ប្រាស់ប្រជាពលរដ្ឋឲ្យផ្តិតមេដៃលក់បឹង ឬលក់ព្រៃលិចទឹកជម្រកត្រីពងកូនរបស់រដ្ឋ ហើយជួនកាលទង្វើរបស់ពួកគេត្រូវបានលោកទប់ស្កាត់ជាហូរហែមកហើយ នៅ តាម បណ្ដាស្រុកមួយចំនួនរបស់ខេត្ត កណ្ដាល។
លោកបានបញ្ជាក់ថា ក្រុមធ្វើព្យុះភ្លៀងក្នុងការទិញដីសាធារណៈរបស់រដ្ឋនេះ មិន អាចយកបឹងខ្យង ក្នុងឃុំជ័យធំ ស្រុក ខ្សាច់កណ្ដាលបានទេ ព្រោះបឹងនេះត្រូវ បានកំណត់ព្រំប្រទល់ និងចុះបញ្ជីរួចរាល់ អស់ហើយ គឺជាទ្រព្យសម្បត្តិសាធារណៈសម្រាប់បម្រើប្រយោជន៍ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ។
លោក ម៉ៅ ភិរុណ ក៏បានព្រមានចាប់ដាក់គុកមេខ្យល់លក់ និងមេខ្លោងទិញ បឹងធម្មជាតិទំហំ១០០ហិកតា នៅក្នុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បន្ទាប់ប្រជាពលរដ្ឋបានប្រមូលផ្តុំគ្នាផ្តិតមេដៃ តំណាងអ្នកលក់ដោយខុសច្បាប់ក្នុងរយៈ ពេល៣ថ្ងៃជាប់គ្នានេះ។
ប្រជាពលរដ្ឋរស់នៅក្នុងឃុំប្រទាល និងឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល បានសំណូមពរដល់លោកបណ្ឌិតអភិបាលខេត្ត មេត្តាចាត់វិធានការមកលើសកម្មភាពរបស់លោកឧកញ៉ា ឈាង ប៉ាកសួរ ឲ្យដូចវិធានការលោកបណ្ឌិតបានធ្វើចំពោះក្រុមឧកញ៉ា ប្រថុយ ដែលកំពុងបោកប្រាស់ ប្រជាពលរដ្ឋនៅឃុំជ័យធំ ក្នុងស្រុកខ្សាច់ កណ្ដាលផងដែរ ៕ ហេង សូរិយា