ព័ត៌មានទាន់ហេតុការណ៍៖

ណេតាន់យ៉ាហូ៊៖ ប្រទេសអីុរ៉ង់ជាអ្នកបញ្ជូនយន្តហោះគ្មានមនុស្សបើកវាយប្រហារអីុស្រាអែល

ចែករំលែក៖

អីុស្រាអែល និងអីុរ៉ង់ កាន់តែប្រឈម មុខតានតឹងដាក់គ្នាពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែការចោទប្រកាន់ និងឌឺដង ដាក់គ្នាទៅវិញទៅមក។ កន្លងមក អីុរ៉ង់ បានប្រកាសថា បានដាក់ដៃលើកុងតាក់ បញ្ជាមីស៊ីលរួចជាស្រេចឲ្យតែគ្រប់ទីតាំងនៅប្រទេសអីុស្រាអែលត្រូវបំផ្លាញ។

នៅថ្ងៃទី២៣ខែមេសា នាយករដ្ឋមន្ត្រី អុីស្រាអែល លោក Benjamin Netanyahu បានធ្វើការចោទប្រកាន់ លើប្រទេសអុីរ៉ង់ ពីការបញ្ជូនយន្តហោះគ្មានមនុស្សបើក ទៅវាយប្រហារអុីស្រាអែល បន្ទាប់ពីរដ្ឋ មន្ត្រីការបរទេសអុីរ៉ង់ Mohammad Javad Zarif បានបន្ទោសអុីស្រាអែលចំពោះការ រំលោភច្បាប់ អន្តរជាតិរួចមក ។

លោក Netanyahu បានឆ្លើយតប នឹងការ លើកឡើងនេះនៅក្នុង ពិធីអបអរសាទរទិវាបុណ្យឯករាជ្យលើកទី៧០ របស់ អុីស្រាអែលជាមួយ រដ្ឋមន្ត្រីការពារជាតិ លោក Avigdor Liberman និងប្រធាន បុគ្គលិក Gadi Eisenkot ។

ការកត់សម្គាល់នេះ បានកើតឡើងចំពេលមានភាពតានតឹងកើនឡើង រវាងអុីរ៉ង់ នឹងអុីស្រាអែល បន្ទាប់ពីការវាយប្រហារ តាមអាកាសរបស់អុីស្រាអែល នៅមូល ដ្ឋានអាកាស T -4 នៅក្នុងប្រទេសស៊ីរី កាលពីថ្ងៃទី៩ ខែមេសា ដែលបានសម្លាប់ មនុស្ស យ៉ាងហោចណាស់ ១៤នាក់ រាប់ បញ្ចូលទាំងជនជាតិអុីរ៉ង់ផង ។

អុីស្រាអែលមិនបានធ្វើ អត្ថាធិប្បាយជា ផ្លូវការលើការ វាយប្រហារនោះទេ ទោះបី ជាយ៉ាងណាក៏ដោយលោក Netanyahu និងមន្រ្តីជាន់ខ្ពស់អុីស្រាអែលដទៃទៀត បាននិយាយម្តងហើយម្តងទៀតថា អុីស្រា អែលនឹងមិនអនុញ្ញាតឱ្យ អុីរ៉ង់បង្កើតមូល ដ្ឋានទ័ព នៅស៊ីរីឡើយ ៕ ម៉ែវ សាធី


ចែករំលែក៖