ភ្នំពេញ ៖ សហភាពអង្គការសង្គមស៊ីវិល និងបណ្តាអង្គការ-សមាគម ព្រមទាំងសហគមន៍មូលដ្ឋាន ដែលជាសមាជិក ពិតជាមាន សេចក្តីសោមនស្សរីករាយក្រៃលែង និងគាំទ្រយ៉ាងពេញទំហឹងចំពោះយន្តការកំណែទម្រង់ប្រព័ន្ធយុត្តិធម៌របស់ ក្រសួងយុត្តិធម៌ ដែលបានដាក់ចេញក្នុងនីតិកាលទី៧នេះ ដោយបង្កើតអោយមាននូវ យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធ តុលាការ និងបន្ថែមនូវយុទ្ធនាការចំនួន២សំខាន់ៗទៀតគឺ យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាម តុលាការ ជាពិសេសពាក់ព័ន្ធនឹងសំណុំរឿងអត្រានុកូលដ្ឋាន គ្រោះថ្នាក់ចរាចរណ៍ជដើម និង យុទ្ធនាការពិនិត្យមើលភាព មិនប្រក្រតីនៅតាមតុលាការ។
សហភាពអង្គការសង្គមស៊ីវិល និងបណ្តាអង្គការ-សមាគម ព្រមទាំងសហគមន៍មូលដ្ឋាន ដែលជាសមាជិក បានឃើញ នូវភាពប្រែប្រួលយ៉ាងសកម្មក្នុងវិស័យយុត្តិធម៌សង្គមរបស់កម្ពុជាពីមួយអាណត្តិទៅមួយអាណត្តិ ជាពិសេសក្រោមការ ដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៅតែបន្តគោលនយោបាយសំខាន់ៗដើម្បីដឹកនាំប្រទេសជាតិប្រកបដោយ ភាពយុត្តិធម៌សង្គមពេញលេញ នេះគឺជាអ្វីដែលបងប្អូនប្រជាពលរដ្ឋមានការគាំទ្រ និងសប្បាយរីករាយក្រៃលែងដែល រស់នៅក្នុងសង្គមមួយដោយមានថ្នាក់ដឹកនាំរាជរដ្ឋាភិបាលគិតគូរអំពីសុខទុក្ខរបស់ពួកគាត់ និងអ្វីៗដែលជាទុក្ខកង្វល់ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
ការបង្កើតអោយមាននូវ យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោយដឹកនាំដោយអាជ្ញាធរជាតិដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ គឺមានបេសកកម្មដោះស្រាយនូវវិវាទរដ្ឋប្បវេណី វិវាទពាណិជ្ជកម្ម និងវិវាទផ្សេងទៀតតាមរយៈការ សម្រុះសម្រួលផ្សះផ្សាវិវាទដោយផ្អែកតាមការព្រមព្រៀងរបស់ភាគីវិវាទ ឬតាមការស្នើសុំរបស់ភាគីវិវាទ ឬដែលភាគីវិវាទ យល់ព្រមទទួលយកយន្តការសម្រុះសម្រួលផ្សះផ្សាវិវាទនេះ (លើកលែងតែករណីព្រហ្មទណ្ឌ និងតាមការកំណត់ច្បាប់ មិនអាចជាកម្មវត្ថុនៃការសម្រុះសម្រួលផ្សះផ្សាបាន)។ យន្តការនេះមិនត្រឹមតែ អាចជួយកាត់បន្ថយការកកស្ទះ សំណុំរឿងនៅតុលាការ ថែមទាំងជាប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋចំនេញពេលវេលា និងថវិកាទៀតផងព្រោះជា ការសម្រុះសម្រួលដោយពុំមាននីតិវិធីច្រើនដូចនៅតុលាការ ហើយថែមទាំងពុំបាច់ចំណាយថវិកាបង់ប្រាក់ប្រដាប់ក្តីជា ដើម និងសេវាមេធាវីផ្សេងៗ ព្រមទាំងចំណាយធ្វើដំណើរចុះឡើងច្រើនដងនោះទេ។ ជាពិសេស ការដោះស្រាយវិវាទ កាន់តែកៀកប្រជាពលរដ្ឋមូលដ្ឋាន និងធានាដល់ភាពសុខដុមរមនាព្រមទាំងធានាបាននូវស្ថេរភាពសង្គមតាមរយៈការ លើកកម្ពស់វប្បធម៌សន្តិភាពនិងធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តដំណោះស្រាយដែលកើតចេញមកពីការស្រុះ ស្រួលនិងផ្សះផ្សា។
កាន់តែពិសេស ក្រសួងក៏បានដាក់ចេញនូវយុទ្ធនាការ ២សំខាន់ផងដែរគឺ យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយ រឿងក្តីនៅតាមតុលាការ និង យុទ្ធនាការពិនិត្យមើលភាពមិនប្រក្រតីនៅតាមតុលាការ។ យុទ្ធនាការទាំងពីរនេះ ធ្វើឡើង ក្នុងគោលបំណងដើម្បីពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ ពោលគឺធ្វើយ៉ាងណាផ្តល់សេវា យុត្តិធម៌ជូនប្រជាជនប្រកបដោយភាពឆាប់រហ័ស និងជួយដោះស្រាយរកយុត្តិធម៌អោយបានត្រឹមត្រូវជូនប្រជាពលរដ្ឋ ក៏ ដូចជាលើកកម្ពស់ តម្លាភាព សុចរិតភាព និងភាពត្រឹមត្រូវ ក្នុងការអនុវត្តច្បាប់ និងចំណាត់ការរឿងក្តីដោយតុលាការ។ យុទ្ធនាការនេះជាការក្រើនរំលឹកដល់មន្ត្រីស្ថាប័នតុលាការ និងស្ថាប័នអយ្យការទាំងអស់ ដោះស្រាយរឿងក្តីគ្រប់ប្រភេទ អោយ បានលឿនឆាប់រហ័ស ត្រឹមត្រូវ និង យុត្តិធម៌ស្របតាមច្បាប់។ កំណែទម្រង់ប្រព័ន្ធយុត្តិធម៌នេះ ធ្វើឡើងក្នុងក្រប ខណ្ឌយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងអនុវត្តនូវវិធានការគន្លឹះទី៥របស់ សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌គឺជាអត្ថិភាពដ៏សំខាន់ដើម្បីពង្រឹងលើកកម្ពស់នីតិរដ្ឋ ដែលជាមូលដ្ឋានដ៏សំខាន់ដើម្បីធានា ស្ថេរភាពក្នុងសង្គម សន្តិសុខ សណ្តាប់ធ្នាប់សារណៈ ការលើកកម្ពស់ការគោរព សិទ្ធិមនុស្ស និងយុត្តិធម៌ក្នុងសង្គមជាតិ ដែលជាគ្រឹះសម្រាប់ភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រទេស ជាតិប្រកបដោយចីរភាព។
គូសបញ្ជាក់បន្ថែមដែរថា យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០២៣ និងបានចាប់ផ្តើមទទួលពាក្យបណ្ដឹងពីបងប្អូនប្រជាពលរដ្ឋចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ មកម្លេះ។ និង យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង យុទ្ធនាការពិនិត្យមើលភាពមិនប្រក្រតីនៅតាម តុលាការ បានចាប់ផ្តើមអនុវត្តទាំងពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤។ ហេតុដូច្នេះ បងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាពាក់ ព័ន្ធនឹងវិស័យច្បាប់ដូចបានរៀបរាប់ខាងលើ បងប្អូនអាចស្វែងរកជំនួយបាន ៕
ដោយ ៖ សិលា