ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែប្រយុទ្ធ Mohamed Salah ឈ្នះពានកីឡាករលេងល្អប្រចាំឆ្នាំ

ចែករំលែក៖

ខ្សែប្រយុទ្ធ Mohamed Salah របស់ក្រុមហង្សក្រហម Liverpool បានឈ្នះពានកីឡាករលេងល្អប្រចាំឆ្នាំ នៅក្របខ័ណ្ឌកំពូលអង់គ្លេស Premier League លើកទី៤៥ ដែលកម្មវិធីនេះប្រព្រឹត្តទៅនៅ Grosvenor House នាទីក្រុងឡុង ចក្រភពអង់គ្លេសកាលពីសប្តាហ៍មុន។ Salah បានបង្ហាញទម្រង់លេងល្អ បំផុតនៅរដូវកាលដំបូងឲ្យក្រុមក្រោយផ្ទេរពីក្រុម Roma មកកីឡដ្ឋាន Anfield របស់ Liverpool ក្នុងតម្លៃ៣៤,៣លានផោន កាលពីរដូវក្តៅឆ្នាំមុន។ បច្ចុប្បន្ន Salah រកគ្រាប់បាល់បានរហូតដល់ ៣១គ្រាប់ និង Assist ៩គ្រាប់នៅក្របខ័ណ្ឌ Premier League រដូវកាលនេះធ្វើឲ្យរូបគេកំពុងនាំ មុខជាកីឡាករដែលរកគ្រាប់បាល់បានច្រើននៅរដូវកាលនេះដែលនឹងក្លាយជាម្ចាស់ស្បែក ជើងមាសផងដែរ ។

ខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីបវ័យ២៥ឆ្នាំរូបនេះបានឈ្នះគូប្រជែងគឺខ្សែបម្រើសញ្ជាតិបែលហ្សុិក  Kevin De Bruyne របស់ក្រុម Manchester City ដើម្បីគ្រងតំណែងកីឡាករលេងល្អប្រចាំឆ្នាំនេះ (PFA) Player of the year។ កីឡាករ Kevin De Bruyne គឺជាបេក្ខភាពឈានមុខគេ ដែលតាមប្រកៀក នឹងម្ចាស់ជ័យលាភី Salah ក្រោយពីជួយក្រុម Man City របស់លោក Pep Guadiola ឲ្យលើកពាន Premier League រដូវកាល(២០១៧-២០១៨)នេះ ប៉ុន្តែទីបំផុតនៅតែមិនអាច ប្រជែងជាមួយកីឡាករកំពុងលេចធ្លោដែលមានប្រភពមកពីតំបន់អាហ្រ្វិកបាន។

ក្រោយពីទទួលបានពានរង្វាន់ជាកីឡាករឆ្នើមប្រចាំ កីឡាករ Salah បានប្រាប់សារព័ត៌មានថា «ខ្ញុំមានអារម្មណ៍រំភើបអ្នកទាំងអស់គ្នាដឹងទេ ថាខ្ញុំបានខិតខំប្រឹងប្រែងលេង ហើយរីករាយ នឹងទទួលពានរង្វាន់នេះ។ ក្រុមទាំងមូលបានចូលរួមចំណែកជួយខ្ញុំផងដែរ។ ពួកគេបានបោះ និងបញ្ជូនបាល់ មកឲ្យខ្ញុំយ៉ាងច្រើន ដូច្នេះអាចនិយាយបានថាក្រុមបានជួយខ្ញុំដោយចិត្តស្មោះ ដើម្បីបង្ហាញទម្រង់លេងបានល្អដូចនេះ»។

ដោយឡែកខ្សែបម្រើប្រយុទ្ធ Leroy Sane របស់ក្រុម Man City បានយកឈ្នះខ្សែប្រយុទ្ធ Rashford និង Kane គ្រង​ពាន​ជាកីឡាករ​វ័យ​ក្មេង​ឆ្នើម​បំផុត​ប្រចាំ​ឆ្នាំ២០១៨នៅ​អង់គ្លេស PFA  (PFA Young Player of the Year) ផងដែរ។​

កីឡាករ​វ័យ​ក្មេង​របស់​អាល្លឺម៉ង់​រូប​នេះ​បាន​បង្ហាញ​សមត្ថភាព​​លេង​លេចធ្លោ​ខ្លាំង​នៅ​រដូវ​កាល​នេះ​ ស័ក្ដិសម​នឹង​ទទួល​បាន​ពាន​មួយ​នេះ​ណាស់។ Sane ជា​កូនសោ​ដ៏​សំខាន់​ក្នុង​ការ​ជួយ​ឲ្យ​ Man City ក្ដោប​ពាន​ Premier League រដូវ​កាល​នេះក្រោម​ការ​ដឹក​នាំ​របស់​លោក Pep Guardiola។

រដូវ​កាល​២០១៧-១៨ កីឡាករ​វ័យ​២២​ឆ្នាំ​រក​បាន​៩​គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ទាត់​បញ្ចូល​ទី​បាន​១២​ដង។ សម្រាប់​ជ័យលាភី​កីឡាករ​វ័យ​ក្មេង​ឆ្នើម​បំផុត​ប្រចាំ​ឆ្នាំ PFA Sane បានប្រជែង​ឈ្នះ​កីឡាករ​ខ្លាំង​ជា​ច្រើន​ក្នុង​លីក​ដូច​ជា  Harry Kane របស់​ Spurs,  Marcus Rashford របស់ Man Utd និងមិត្ត​រួម​ក្រុម Ederson និង Raheem Sterling ។

សូមបញ្ជាក់ថា ការប្រគល់ពានរង្វាន់កីឡាករឆ្នើមប្រចាំតែងតែប្រព្រឹត្តទៅនៅចុងរដូវកាល នីមួយៗនៅអង់គ្លេស ហើយកីឡាករភាគច្រើនដែលទទួលបានពាននេះគឺជាខ្សែប្រយុទ្ធ និងខ្សែបម្រើប្រយុទ្ធដែលរកគ្រាប់បាល់បានច្រើន និងបញ្ជូនបាល់ឲ្យគូប្រកួតបានច្រើន។ ចាប់តាំងពីបង្កើតពានរង្វាន់នេះមកមានក្លិបជាច្រើនដែលមានកីឡាករឈ្នះពាននេះ ។ ក្នុងនោះកីឡាករមកពីក្លិបបិសាចក្រហមបានទទួលពាននេះច្រើនជាងគេ ។

ខាងក្រោមនេះគឺជាក្លិបដែលមានកីឡាករឈ្នះពាន (PFA) Player of the year៖

១-Manchester United (១១ដង)

២-Liverpool (៧ដង)

៣-Tottenham Hotspur (៥ដង)

៤-Arsenal (៥ដង)

៥-Chelsea (៣ដង)

៦-Aston Villa (៣ដង)

៧-Everton (២ដង)

៨-Newcastle United (២ដង)

៩-Leeds United(១ដង)

១០-Derby County(១ដង)

១១-Nottingham Forest(១ដង)

១២-Ipswich Town(១ដង)

១៣-Southampton(១ដង)

១៤-Blackburn Rovers(១ដង)

១៥-Leicester City (១ដង) ៕

 

 

 

 

 


ចែករំលែក៖