ខេត្តសៀមរាប៖ លោក ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ ព្រះវិហារវត្តមុនីសាគរបវរសត្ថាស្រះកែវ អណ្តែតហៅវត្តកំពង់ភ្លុកស្ថិតក្នុងភូមិកំពង់ភ្លុកស្រុកប្រាសាទបាគង ខេត្តសៀមរាបនៅថ្ងៃចន្ទ ទី២៣ ខែមេសា ឆ្នាំ២០១៨ ។
លោក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរួមគ្នាកសាងសមិទ្ធផលនានាគឺជាវប្បធម៌នៃការចែករំលែករបស់សប្បុរសជនជាប្រពលរដ្ឋខ្មែរ។ នេះហើយគឺជាមោទនភាព របស់ពលរដ្ឋខ្មែរដែលមានវប្បធម៌បែបនេះ សូម្បីបរទេសខ្លះមិនមានវប្បធម៌បែបនេះទេ។ វប្បធម៌នៃការរួបរួមគ្នា ចែករំលែកគ្នា នេះគឺជាការចង់បានរបស់ប្រមុខរាជរដ្ឋាភិបាលគឺសម្តេចតេជោ ហ៊ុន សែន។
លោកមានប្រសាសន៍បន្តថា ការសប្បាយរីករាយរបស់ប្រជាពលរដ្ឋក្នុងដំណាក់កាលដែលប្រទេសមានសុខសន្តិភាព ខុសពីកាលពីឆ្នាំ១៩៧៥ដែលយើង កំពុងយំយើងកំពុងរត់នៅក្នុងសង្គ្រាម ។ បច្ចុប្បន្ននេះប្រជាពលរដ្ឋមានឱកាស ប្រកបរបរចិញ្ចឹមជីវិតមានឱកាសចូលរួម អភិវឌ្ឍប្រទេសជាតិ អភិវឌ្ឍមូលដ្ឋានរបស់ ខ្លួន ដែលខុសគ្នាកាលពីសម័យសង្គ្រាម ដែលយើងគ្មានឱកាសកសាងប្រទេស គឺគិតតែរត់។ ប៉ុន្តែប្រជាពលរដ្ឋសម័យនេះមានភាពសម្បូណ៌សប្បាយ រីករាយ ជួបជុំ គ្រួសារនៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ។
លោកបន្តថា សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រជាពលរដ្ឋជំនាន់នេះនិងជំនាន់ ក្រោយៗសម្បូរសប្បាយមិនចង់ឱ្យកូនចៅជំនាន់ក្រោយលំបាកវេទនាដូចជំនាន់គាត់ មិនចង់ឱ្យកុមារឃ្លាតពីឪពុកម្តាយដូចជំនាន់មុនត្រូវបង្កើតសាលារៀន និងរុញសាលា ឱ្យជិតនឹងប្រជាពលរដ្ឋ កុំឱ្យកូនចៅចាក ឆ្ងាយពីគ្រួសារ ។ ពិតណាស់កន្លែងខ្លះ យើងដោះស្រាយយឺតប៉ុន្តែយើងខិតខំដោះស្រាយឱ្យអស់លទ្ធភាព ។
លោកបញ្ជាក់ថា ក្នុងដំណាក់កាល ប្រទេសដែលមានសុខសន្តិភាពប្រជាពល រដ្ឋមានឱកាសគ្រប់បែបយ៉ាងកន្លែងដែលធ្លាប់ច្បាំងគ្នាក្លាយជាកន្លែងទេសចរណ៍ ដូចជាតំបន់កោះ តំបន់ព្រៃលិចទឹកជាដើម ដែលទាក់ទាញភ្ញៀវទេសចរមកទស្សនា និងបង្កើនជីវភាពរស់នៅរបស់ប្រជាពល រដ្ឋ។ ស្ទើរគ្រប់ទីកន្លែងប្រជាពលរដ្ឋមាន អគ្គិសនីប្រើប្រាស់មានសាលារៀនធ្វើឱ្យ ជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរ ។
លោកហ៊ុន ម៉ាណែត សូមថ្លែងអំណរ គុណអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលខិតខំបម្រើប្រជាពល រដ្ឋទោះបីបានតិចបានច្រើនយើងខិតខំធ្វើ បន្ថែមទៀត រួមគ្នាបន្ថែមទៀត ដែលនេះហើយគឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលខិតខំយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ៕ ហេង សូរិយា