ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋក៏ដូចជា មជ្ឈដ្ឋានទូទៅដែលកំពុងតាមដានករណី អតីតប្ដីកាប់អតីតប្រពន្ធស្លាប់តាមផ្លូវហើយរត់ទៅលោតទឹកសម្លាប់ខ្លួនហើយមកដល់ ពេលនេះមានរយៈពេល៦ថ្ងៃមកហើយ សមត្ថកិច្ចនៅមិនទាន់រកឃើញសាកសពជនដៃដល់នៅឡើយ។ ការរកសាកសព ជនដៃដល់មិនទាន់ឃើញយ៉ាងនេះហើយ ធ្វើឲ្យមហាជនមានចម្ងល់ និងសង្ស័យថា រឿងនេះពិតជាមានភាពអាថ៌កំបាំងយ៉ាងពិតប្រាកដ ហើយឃាតកមិនទាន់ស្លាប់ទេ ។
ចំណែកសមត្ថកិច្ចវិញអះអាងថា អស់ រយៈពេល៦ថ្ងៃហើយគិតចាប់ពីថ្ងៃទី១៩ រហូតមកដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ សមត្ថកិច្ចមូលដ្ឋានរកសាកសពជនសង្ស័យមិនទាន់ឃើញនៅឡើយទោះបីដាក់កម្លាំងឃ្លាំមើលទាំងយប់ថ្ងៃយ៉ាងណាក៏ដោយ ។
លោក រស់ ចន្ថា អធិការនគរបាលស្រុក លើកដែកដែលតាមដានអំពើឃាតកម្មនេះ បានឲ្យដឹងថា ខាងក្រុមសមត្ថកិច្ចស្រុក លើកដែករបស់យើងខ្ញុំកំពុងតែតាមរកសព រហូតនូវករណីនេះ ប៉ុន្តែលទ្ធផលនៅតែរក មិនឃើញ។ តាមការស្រាវជ្រាវនិងការស៊ើប អង្កេតប្រវត្តិបុរសដែលលោតសម្លាប់ខ្លួននោះវាមិនចេះហែលទឹកទេ ដូច្នេះវាអាច ស្លាប់ ហើយមូលហេតុដែលសពជនសង្ស័យ មិនទាន់អណ្តែតឡើងនោះទី១-ជនសង្ស័យ ពាក់អាវយឺត ហើយអាវយឺតបើវាថ្ពក់ទៅលើវត្ថុរឹងអ្វីមួយវាមិនរហែកហើយសពមិនអាចអណ្តែតបានទេ។ ទី២សពបើសិនជាអណ្តែតរសាត់ទៅបាតក្រោមកន្លែងចិញ្ចឹមត្រីណាមួយយើងក៏រកមិនឃើញដែរ។ ជាមួយនេះបើសិនជាប៉ុន្មានថ្ងៃទៀតសពកាន់តែទ្រុឌទ្រោមទៅៗវានឹងធ្លាក់ទៅដល់បាតទន្លេវិញរឹតតែរកមិនឃើញតែម្តង ។
លោកអធិការបានបន្តថា «តែករណីនេះខាងក្រុមសមត្ថកិច្ចមិនបោះបង់ចោលទេគឺនៅតែតាមស៊ើបអង្កេត និងស្រាវជ្រាវ បន្តទៅទៀត។ សមត្ថកិច្ចចង់ប្ដូរពីករណីស្វែងរកសាកសពមកជាការស្រាវជ្រាវវិញ បន្ទាប់ពីសង្ស័យថាឃាតកនៅរស់ ។ ឥឡូវ ខ្ញុំកំពុងតែសរសេររបាយការណ៍ករណីនេះថា ឃាតកនៅរស់ក្រោយយើងដឹង១០០ភាគរយថាវាលោតទឹកហើយ ប៉ុន្តែការលោត ពីស្ពានចុះទៅគឺមិនរស់ទេទោះបីជាអ្នកនោះជាកីឡាករក៏ងាប់ដែរ ពីព្រោះស្ពាន នោះខ្ពស់ណាស់ ណាមួយទឹកជ្រៅទៀត។ ដូច្នេះយើងត្រូវប្តូរករណីវិញ ពោលគឺបានន័យថាឃាតកលោតទឹកមិនទាន់ស្លាប់ទេ សុំដាក់ថាករណីស្រាវជ្រាវស៊ើបអង្កេតរកឃាតកនៅរស់វិញ» ។
មានប្រភពចចាមអារ៉ាមមួយបានលួចបង្ហើបឲ្យដឹងថា ឃាតកជាមនុស្សចេះហែល ទឹកហើយក្រោយលោតទឹកសម្លាប់ខ្លួននោះគេបណ្តែតខ្លួនតាមខ្សែទឹកហូរទៅឆ្ងាយរួចឡើងច្រាំងគេចខ្លួនបាត់ទៅហើយ។ ចំពោះការថតវីដេអូឃ្លីបខ្លីដែលមានរូប ឃាតកលោតពីលើស្ពានសម្លាប់ខ្លួននោះទៀតសោតអាចជាល្បិចរបស់ឃាតករៀបចំទុកជាមុន ព្រោះគេជាជាងទូរស័ព្ទមាន បច្ចេកទេសខ្ពស់ក្នុងការកាត់តរូបភាព សម្រាប់បន្លំសមត្ថកិច្ច។ តែយ៉ាងណានេះគ្រាន់តែជាប្រភពមិនផ្លូវការប៉ុណ្ណោះ ។
សូមរំលឹកថា អំពើឃាតកម្មដ៏សាហាវ បានកើតឡើងកាលពីវេលាម៉ោង២និង១៥នាទីរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ នៅក្បែរអនុវិទ្យាល័យកំពង់ចម្លង ភូមិកំពង់ ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្ត កណ្តាល។ អតីតប្តីជាឃាតកដែលបានលែងលះគ្នាជាយូរមកហើយនោះបានកាប់អតីតប្រពន្ធស្លាប់រួចរត់ឡើងលើស្ពានអ្នកលឿងលោតសម្លាប់ខ្លួនក្នុងទន្លេបាត់ ខណៈ អតីតប្តីបានណាត់ឲ្យនារីរងគ្រោះមកជួប និយាយគ្នាតែនារីរងគ្រោះមិនព្រមទៅ ។
នារីរងគ្រោះឈ្មោះ ទន់ ស្រីណយ អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ស្ពានដែក ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្ដកណ្ដាល។ ចំណែកជនដៃដល់ឈ្មោះ រ៉ា ឆៃរ៉ាត់ អាយុ២៣ឆ្នាំ មានទីលំនៅ ភូមិ អំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្ដ កណ្ដាល ៕ ស្អាងជ័យ