លោកប្រធានាធីបតីអាមេរិក ដូណាល់ ត្រាំ បានសម្រេចលើកលែងពន្ធនាំចូលដែកថែប និងអាលុយមីញ៉ូម ដល់ប្រទេសតំបន់អឺរ៉ុប និង៥ប្រទេសផ្សេងទៀត ដែលជាសម្ពន្ធមិត្តជិតស្និទ្ធជាមួយអាមេរិករហូតដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ នៅពេលដែលអាមេរិកបញ្ចប់កិច្ចពិភាក្សាជាមួយរដ្ឋាភិបាលបណ្តាប្រទេស។
រដ្ឋាភិបាលរបស់ប្រធានាធិបតី ត្រាំ បានព្រមព្រៀងជាមួយប្រទេសអាហ្សង់ទីន អូស្ត្រាលី និងប្រេស៊ីល ហើយកិច្ចព្រមព្រៀងនោះនឹងត្រូវបានចុះហត្ថលេខាក្នុងរយៈពេល៣០ថ្ងៃខាងមុខ។ នៅពេលនេះ រដ្ឋាភិបាលអាមេរិកបានសម្រេច អូសបន្លាយការលើកលែងពន្ធដល់អឺរ៉ុបថែម១ខែទៀត នៅពេលដែកកិច្ចពិភាក្សា ជាមួយបណ្តាប្រទេសទាំងនោះនៅតែបន្ត។
កាលពីដើមខែមីនា ឆ្នាំ២០១៨ ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសដំឡើងពន្ធដែកថែប រហូតដល់ទៅ២៥ភាគរយ និងអាលុយមីញ៉ូម ១០ភាគរយ ដោយសារតែរដ្ឋាភិបាលរបស់លោក ត្រាំ យល់ឃើញថា ផលិតផលនាំចូលពីបរទេសធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិអាមេរិក។
ក្រោយមក លោក ត្រាំ បានស្នើដល់តំណាងពាណិជ្ជកម្មអាមេរិក លោក Robert Lighthizer បញ្ចប់កិច្ចពិភាក្សាជាមួយបណ្តាប្រទេសនានា ស្តីពីការលើកលែងពន្ធ ដែលបានបញ្ចប់ទៅនៅចុងខែមេសា ឆ្នាំ២០១៨។ ប៉ុន្តែដោយសារតែកិច្ចពិភាក្សាមិនទាន់ឈានដល់កិច្ចព្រមព្រៀង លោក ត្រាំ ក៏បានសម្រេចពន្យារពេល១ខែទៀត។
ដូចអ្វីដែលក្រុមអ្នកឯកទេសវិភាគបានលើកឡើង គោលដៅនៃការដំឡើងពន្ធរបស់អាមេរិក គឺមិនសម្តៅទៅលើប្រទេសជាសម្ពន្ធមិត្តនៅអឺរ៉ុបនោះឡើយ គោលដៅគឺសម្តៅទៅលើប្រទេសចិនតែមួយគត់ ដោយសារតែសេដ្ឋកិច្ចមានការរីកចម្រើនខ្ពស់អាចគំរាមកំហែងដល់អាមេរិកនាពេលអនាគត៕ ម៉ែវ សាធី