ខេត្តពោធិ៍សាត់៖ កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានសហការគ្នាចុះស្រាវជ្រាវឃាត់ចាប់ខ្លួនជនសង្ស័យម្នាក់រួមទាំងវត្ថុតាង នាប៉ុន្មានម៉ោងក្រោយខណៈជនសង្ស័យខាងលើបានធ្វើសកម្មភាពលួចទូរស័ព្ទអ្នកជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់រួចគេចខ្លួនបាត់។
ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង២ និង៤០នាទី រសៀលថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។
កម្លាំងចុះប្រតិបត្តិការបានប្រាប់ថា ជនសង្ស័យត្រូវបានកម្លាំងឃាត់ចាប់ខ្លួនឈ្មោះ សុះ សារឿន ហៅញ៉ាញ់ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដូងជ្រុំ សង្កាត់ព្រៃញី ក្រុង-ខេត្តពោធិ៍សាត់ ក្នុងនោះកម្លាំងដកហូតនូវវត្ថុតាងទូរស័ព្ទដៃចំនួន ០១គ្រឿងផងដែរម៉ាក សាមសុង ណូតស្រុី ពណ៏ស។
ប្រភពខាងលើបន្តថា ការដែលឃាត់ចាប់ខ្លួនជនសង្ស័យរូបនេះ បន្ទាប់ពីទទួលបណ្ដឹងពីអ្នកជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តឈ្មោះ វ៉ែ យ៉ាត ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិថ្នល់ជប៉ុន សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់ ដែលបានបាត់ទូរស័ព្ទ និងសង្ស័យលើជនខាងលើនេះ កាលពីវេលាម៉ោង៦ និង៣០នាទី ព្រលប់ថ្ងៃទី២៩ មុនថ្ងៃឃាត់ខ្លួនជនសង្ស័យ។
ប្រភពដដែលបន្តទៀតថា ជនសង្ស័យរួមទាំងវត្ថុតាងបាននាំមកបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ហើយបានបញ្ជូនទៅការិយាល័យជំនាញព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលក្រុងពោធិ៍សាត់ចាត់ការបន្ត៕ ប៉ឹម ពិន