ព័ត៌មានទាន់ហេតុការណ៍៖

បាតុកម្មក្លាយជាហិង្សានៅទីក្រុងប៉ារីស ប្រទេសបារាំងនៅថ្ងៃទិវាពលកម្មអន្តរជាតិ

ចែករំលែក៖

កាលពីថ្ងៃទី១ ខែឧសភា បានតុកម្មក្លាយជាហិង្សានៅកណ្តាលទីក្រុងប៉ារីស ប្រទេសបារាំងក្រោយពេលដែលកម្លាំងប៉ូលិសបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងបាញ់ទឹកទៅលើក្រុមបាតុករហិង្សាដែលបានវាយបំផ្លាញហាងលក់ទំនិញ និងគប់គ្រាប់បែកសាំង ក្នុងពេលដែលដង្ហែក្បួនព្យុហយាត្រា នៃទិវាពលកម្មអន្តរជាតិ ១ឧសភា។

តាមមន្ត្រីសន្តិសុខបារាំងបានឲ្យដឹងថា មានបាតុករប្រមាណ១.២០០នាក់ ស្លៀកសម្លៀកបំពាក់ដែលមានអក្សរ M ពណ៌ខ្មៅ បិទមុខ បានបង្ហាញខ្លួននៅក្បែរក្បួនព្យុហយាត្រាស្របច្បាប់ ដែលបានគ្រោងទុកជាមុន។ បាតករទាំងនោះបានបង្កឲ្យមានអំពើហិង្សាកើតឡើង។

ក្រុមបាតុករបានស្រែកនូវពាក្យស្លោកប្រឆាំង ហ្វាស៊ីស និងលើកទង់ជាតិស៊ូវៀត ព្រមទាំងស្លាកបដាជាច្រើន ប្រឆាំងរដ្ឋាភិបាលបារាំង។ បាតុករមួយចំនួនបានបំផ្លាញរបាំងការពាររបស់ប៉ូលិសទៀតផង។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Gerard Collomb បានថ្កោលទោសដល់ការធ្វើបាតុកម្មទាំងនោះ។ លោកបន្តទៀតថា ក្រុមសន្តិសុខបារាំង នឹងខិតខំដើម្បីចាប់អ្នកដែលបង្កអំពើហិង្សាខាងលើនេះមកកាត់ទោសតាមច្បាប់ ដើម្បីបញ្ចៀសអំពើហិង្សាកើតឡើងនាពេលអនាគត។

កន្លងមកនៅក្នុងប្រទេសបារាំង ក៏មានមហាបាតុកម្មប្រឆាំងនឹងការកែទម្រងច្បាប់ការងាររបស់រដ្ឋាភិបាល ធ្វើឲ្យបាត់បង់ផលប្រយោជន៍ជាច្រើនរបស់ពលរដ្ឋ ពិសេសនៅលើវិស័យដឹកជញ្ជូនតាមផ្លូវដែក និងអាកាសចរណ៍ផងដែរ៕ ម៉ែវ សាធី


ចែករំលែក៖