ព័ត៌មានទាន់ហេតុការណ៍៖

ស្ថិតក្រោមដំបូលសន្តិភាពធ្វើឲ្យប្រជាពលរដ្ឋអបអរសាទរនិងគាំទ្រការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ លោក ឧកញ៉ា កុយ សុវណ្ណ ក្រុមការងារថ្នាក់កណ្តាល និងជា អនុប្រធានក្រុមការងារចុះជួយស្រុកកំពង់ត្រឡាច បានថ្លែងថា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុនសែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យវិស័យព្រះពុទ្ធសាសនាមានការ រីកចម្រើននៅគ្រប់មូលដ្ឋានដែលនេះក៏ ដោយសារប្រទេសជាតិមានសុខសន្តិភាព បរិបូណ៌ពេញផ្ទៃប្រទសនិងក៏ដោយសារមានការ គាំទ្រចូលរួមពីប្រជាពលរដ្ឋទាំង ក្នុងប្រទេសនិងក្រៅប្រទេសផងដែរ ។ លោកឧកញ៉ាបានថ្លែងបែបនេះនៅព្រឹកថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ ក្នុងពិធីសម្ពោធមហាកុដិវត្ត កំពង់ត្រឡាចក្រោម ភូមិកំពង់​ត្រឡាច ឃុំ-ស្រុកកំពង់ត្រឡាច ។

លោក កុយ សុវណ្ណ បានថ្លែងបន្តថា ដើម្ប​ីឲ្យប្រទេសជាតិមានស្ថិរភាពនិង​មាន​សុខសន្តិភាពគឺអាស្រ័យដោយប្រជាពល រដ្ឋជាម្ចាស់ឆ្នោតជាអ្នកសម្រេចបើយើងបោះឆ្នោតខុសនោះអាចនាំឲ្យប្រទេសជាតិធ្លាក់ក្នុងភាពវឹកវរ អស្ថិរភាព តែបើយើងបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដែលមានបទពិសោធន៍ជិត៤០ឆ្នាំកន្លង មកហើយនោះដឹកនាំប្រទេសជាតិបន្ត​ទៀត សុខសន្តិភាពនិងកាអភិវឌ្ឍប្រាកដជាកើតមានជារៀងរហូត ។

លោកឧកញ៉ា​ក៏បានសំណូមពរផង​ដែរ​ដល់ប្រជាពលរដ្ឋទាំងអស់សូមទៅបោះ​ឆ្នោត​នៅ​ថ្ងៃទី២៩ ខែកក្កដា ខាងមុខ​នេះ​ឲ្យបាន​គ្រប់ៗ​គ្នាដើម្បីជ្រើសរើសតំណាងរាស្ត្រស្របច្បាប់ការពារផលប្រយោជន៍ឲ្យ​យើង​ទាំងអស់គ្នានិងដឹកនាំប្រទេសជាតិទៅកាន់ភាពសំបូរសប្បាយរុងរឿង ។

នៅក្នុងពិធីនេះលោក សន សំអាត អភិបាលរងស្រុកកំពង់ត្រឡាចបានរាយ​ការណ៍ឲ្យដឹងថា ស្ថិតនៅក្រោមដំបូលសន្តិ​ភាពក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែនប្រមុខរាជរដ្ឋាភិបាលកម្ពុជាជិត៤០ឆ្នាំមកនេះ វត្តកំពង់ត្រឡាចក្រោម កសាងបាននូវសមិទ្ធផលយ៉ាងច្រើនគួរជាទីមោទនៈដោយចំណាយថវិកាអស់ថវិកាជាង១៤០ម៉ឺន​ដុល្លារនិងនៅក្នុងពេលថ្មីៗនេះបានកសាងមហាកុដិមួយខ្នងទៀត អស់ថវិកា៦៧.​៥០០​ដុល្លារ ដែលបាន​ដាក់​សម្ពោធក្នុង​ពេល​នេះ ។ ជំនួសមុខឲ្យប្រជាពលរដ្ឋក្នុងស្រុកកំពង់ត្រឡាចសូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាវជ្រៅ​ចំពោះ​លោក​ឧកញ៉ា​កុយ សុវណ្ណ និង​សប្បុរស​ជនទាំងក្នុងនិងក្រៅប្រទេសដែលបាន ចូលបច្ច័យកសាងសមិទ្ធផលទាំងអស់ ខាងលើនេះ ។

នៅក្នុងពិធីនេះលោកឧកញ៉ា​កុយ សុវណ្ណ បានចូលបច្ច័យកសាងវត្តចំនួន៥លានរៀលនិងបានចែកសារុងម្នាក់មួយៗជូនប្រជា​ពល​រដ្ឋចំនួន៥០០នាក់ផងដែរ ៕ សូរិយា


ចែករំលែក៖