ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងទាហានជើងទឹកអាមេរិកចាប់ផ្តើមយុទ្ធនាការវាយប្រហារទៅលើគោលដៅ IS នៅស៊ីរី

ចែករំលែក៖

កាលពីថ្ងៃទី៤ ខែឧសភា ក្រុមនាវាចម្បាំង វាយលុក ដឹកនាំដោយនាវាផ្ទុកយន្តហោះ Harry Truman បានចាប់ផ្តើមវាយប្រហារតាមដែនអាកាស ចេញពីតំបន់ភាគខាងកើតដែនសមុទ្រមេឌីទែរ៉ាណេ ទៅលើទីតាំងរបស់ក្រុមភេរវកម្ម IS នៅក្នុងប្រទេសស៊ីរី។

តាមការប្រកាសរបស់កម្លាំងទាហានជើងទឹកអាមេរិកបានបញ្ជាក់ថា យន្តហោះចម្បាំងនៅលើនាវាផ្ទុកយន្តហោះ បានបើកការវាយប្រហារទៅលើទីតាំងនានារបស់ក្រុមភេរវកម្ម។ នាវាផ្ទុកយន្តហោះ ខាងលើបានចាកចេញពីទីតាំង Norfolk កាលពីថ្ងៃទី១១ ខែមេសា ទៅកាន់ដែនសមុទ្រ មេឌីទែរ៉ាណេ កាលពីថ្ងៃទី១៩ ខែមេសា គឺក្រោយ១សប្តាហ៍ដែល អាមេរិក បារាំង បើកការវាយប្រហារតាមដែនអាកាស ដោយមីស៊ីល ទៅលើទីតាំងរបស់ក្រុមទាហានស៊ីរី ដើម្បីជាការសងសឹកទៅនឹងការប្រើប្រាស់អាវុធគីមី កាលពីថ្ងៃទី៧ ខែមេសា នៅតំបន់ Doumaជាយក្រុងដាម៉ាកាស។

ការវាយប្រហាររបស់អាមេរិកទៅលើទីតាំង នៅក្នុងប្រទេសស៊ីរី និងធ្វើឲ្យស្ថានភាព នៅក្នុងប្រទេសនេះកាន់តែអាក្រក់ទៅ។ កន្លងមក រដ្ឋាភិបាលស៊ីរី បានចោទប្រកាន់ប្រទេសលោកខាងលិចថា មានបំណងឈ្លានពានទឹកដីស៊ីរី ដោយបញ្ជូនកម្លាំងទាហានជាច្រើនមកឈរជើងនៅទីនេះ ដោយមិនព្រមដកចេញឡើយ។

កន្លងមកថ្មីៗប្រធានាធិបតីបារាំង លោក ម៉ាក្រុង បានស្នើដល់អាមេរិកមិនត្រូវដកទ័ពចេញពីទឹកដីស៊ីរីនោះឡើយបើទោះបីសង្គ្រាមភេរវកម្មបានបញ្ចប់ទៅហើយក្តី។ លោក ម៉ាក្រុង បញ្ជាក់ថា ការរក្សាវត្តមានទាហាននៅទីនោះ គឺដើម្បីជួយរក្សាសន្តិភាព និងអភិវឌ្ឍន៍ក្រោយសង្គ្រាម៕ ម៉ែវ សាធី


ចែករំលែក៖