ព័ត៌មានទាន់ហេតុការណ៍៖

ស៊ីរីថាអ៊ីស្រាអែលបាញ់មីស៊ីល២គ្រាប់តាមអាកាសនៅក្បែរទីក្រុង ដាម៉ាស

ចែករំលែក៖

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរីបានអះអាងថា អ៊ីស្រាអែលបានបាញ់ប្រហារតាមអាកាសប្រឆាំងទីតាំងកងទ័ពមួយកន្លែងនៅភាគខាងត្បូងនៃរដ្ឋធានី ដាម៉ាស ។

ទីភ្នាក់ងារព័ត៌មាន សាណា បានរាយការណ៍ថា ប្រព័ន្ធការពារផ្លូវអាកាសស៊ីរី បានបាញ់ទម្លាក់មីស៊ីលអ៊ីស្រាអែលពីរគ្រាប់ នៅក្នុងតំបន់ គីសវ៉ា( Kiswah) កាលពីថ្ងៃអង្គារ ។

ប្រភពរាយការណ៍ថា គ្មានគ្រោះថ្នាល់ដល់អាយុជីវិតទេ ប៉ុន្តែក្រុមឃ្លាំមើលមួយបាននិយាយថា កងកម្លាំងគាំទ្ររដ្ឋាភិបាលយ៉ាងហោចណាស់ 9 នាក់បានស្លាប់ រួមទាំងក្រុមយុទ្ធជនគាំទ្រដោយអ៊ីរ៉ង់ផងដែរ។

កាលពីព្រឹកថ្ងៃអង្គារ មានសេចក្តីរាយការណ៍ថា ហេតុការណ៍ផ្ទុះយ៉ាងខ្លាំងមួយបានកើតឡើងនៅឯមូលដ្ឋានយោធាមួយកន្លែងស្ថិតនៅក្នុងតំបន់ខាងលើនេះ។

មេបញ្ជាការមួយរូប ដែលគាំទ្រលោកប្រធានាធិបតី Bashar al-Assad បានប្រាប់ទីភ្នាក់ងាររ៉យទ័រថា ការបាញ់ប្រហារតាមដែនអាកាសបានសំដៅទៅលើទីតាំងកងទ័ពស៊ីរី ។

ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានរាយការណ៍ថា គោលដៅបាញ់ប្រហារនេះ សំដៅទៅលើឃ្លាំងអាវុធ ហើយថា សមាជិកឆ្មាំបដិវត្តន៍អ៊ីរ៉ង់ និងពួកជីវពលស៊ីអ៊ីតដទៃទៀត បានស្លាប់ក្នុងហេតុការណ៍នេះដែរ ។

រដ្ឋាភិបាលអ៊ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយលើសេចក្តីរាយការណ៍នេះទេ ប៉ុន្តែបាននិយាយថា ខ្លួននឹងបញ្ឈប់នូវអ្វីដែលខ្លួនចាត់ទុកថា ជាការឈ្លានពានដោយយោធារបស់អ៊ីរ៉ង់នៅក្នុងទឹកដីស៊ីរី ។

អ៊ីរ៉ង់បានគាំទ្ររដ្ឋាភិបាលស៊ីរីក្នុងអំឡុងសង្គ្រាមស៊ីវិលរយៈពេលប្រាំពីរឆ្នាំកន្លងមកនេះ ដោយបញ្ជូនទីប្រឹក្សាយោធារាប់រយនាក់ និងពួកឧទ្ទាមរាប់ពាន់នាក់ឲ្យទៅកាន់ប្រទេសស៊ីរី ។

មានសេចក្តីរាយការណ៍ថា គេបានសាងសង់មូលដ្ឋានយោធានៅក្នុងតំបន់ ដែលមានការវាយប្រហារតាមដែនអាកាសកាលពីថ្ងៃអង្គារនោះឯងហើយ ។

កាលពីឆ្នាំមុនប្រភពចារកម្មលោកខាងលិចបានប្រាប់ BBC ថា យោធាអ៊ីរ៉ង់បានបង្កើតបរិវេណយោធាមួយនៅកន្លែងមួយដែលកងទ័ពស៊ីរីប្រើ ក្បែរទីក្រុង គីស៊ីវ៉ា (Kiswah)។

អ៊ីរ៉ង់ក៏បានប្តេជ្ញាសងសឹកចំពោះការវាយប្រហារតាមអាកាសនាពេលថ្មីៗនេះទៅលើមូលដ្ឋានយោធារបស់ខ្លួននៅក្នុងប្រទេសស៊ីរី ដែលត្រូវបានសន្មតថា ប្រទេសអ៊ីស្រាអែលជាអ្នកប្រព្រឹត្ត។

ភាពតានតឹងរវាងប្រទេសទាំងពីរបានកើនឡើងកាលពីថ្ងៃអង្គារ នៅពេលអ៊ីស្រាអែលបាននិយាយថា ខ្លួនបានរកឃើញ “សកម្មភាពអ៊ីរ៉ង់មិនប្រក្រតី” នៅក្នុងតំបន់ Golan Heights ដែលកាន់កាប់នៅស៊ីរី។

គេបានដាក់តំបន់នេះ ដែលជាដែនដីស៊ីរីស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ីស្រាអែលក្រោមការប្រុងប្រយ័ត្នខ្ពស់ និងបានណែនាំឱ្យបើកចំហរទ្វារឃ្លាំងអាវុធ។

លោក Jonathan Conricus អ្នកនាំពាក្យយោធាអ៊ីស្រាអែលបាននិយាយថា “ការឈ្លានពានណាមួយប្រឆាំងនឹងប្រទេសអ៊ីស្រាអែល នឹងត្រូវបានឆ្លើយតបត្រឡប់វិញឲ្យបានស័ក្តិសមជាទីបំផុត” ។

លោក Jonathan Conricus ថ្លែងថា IDF(កម្លាំងការពារអ៊ីស្រាអ៊ែល) បានរកឃើញសកម្មភាពមិនប្រក្រតីរបស់ប្រទេសអ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរី ហើយកំពុងរៀបចំប្រជាជនស៊ីវិលនៅតាមដង Golan Heights ស្របតាមប្រព័ន្ធការពារ។ ការឈ្លានពានណាមួយប្រឆាំងនឹងប្រទេសអ៊ីស្រាអែលនឹងត្រូវបានឆ្លើយតបត្រឡប់ទៅវិញដ៏ស័ក្តិសមបំផុត ។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានផ្សាយថា ជាលើកទីមួយហើយដែលមានបញ្ជាឱ្យរៀបចំជំរំនៅក្នុងតំបន់ ដែលកាន់កាប់ ចាប់តាំងពីសង្រ្គាមស៊ីរីបានចាប់ផ្តើម ។

ករណីនេះបានកើតឡើងនៅពេលលោកប្រធានាធិបតីអាមេរិក Donald Trump បានថ្លែងថា សហរដ្ឋអាមេរិក នឹងបោះបង់ចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ។

លោកបានថ្លែងថា លោកនឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចដែលត្រូវបានលើកលែងអំឡុងពេលកិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ 2015 ។

កិច្ចព្រមព្រៀងនុយក្លេអ៊ែរនេះ អ៊ីរ៉ង់បានយល់ព្រមដាក់កម្រិតស្តុកអ៊ុយរ៉ានីញ៉ូមដែលត្រូវបានប្រើដើម្បីផលិតប្រេងរ៉េអាក់ទ័រ ប៉ុន្តែក៏ជាសារធាតុអាវុធនុយក្លេអ៊ែរផងដែរ ដើម្បីជាថ្នូរការដកទណ្ឌកម្ម ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា លោកគាំទ្រយ៉ាងពេញទំហឹងចំពោះការដកកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់របស់លោក Trump ដោយនិយាយថា កិច្ចព្រមព្រៀងនេះមាន “បង្កើនការឈ្លានពានរបស់អ៊ីរ៉ង់” ៕ ថាច់ យ៉ាត


ចែករំលែក៖