ព័ត៌មានទាន់ហេតុការណ៍៖

ចិនសាកល្បងយន្តហោះយោធាទ្រង់ទ្រាយធំដោយជោគជ័យ

ចែករំលែក៖

នៅក្នុងវិស័យយោធាចិនទទួលបានជោគជ័យយ៉ាងខ្លាំង ដោយផលិតយន្តហោះចម្បាំងយន្តហោះគ្មានមនុស្សបើក យន្តហោះដឹកអ្នកដំណើរស៊ីវិល ហើយ ពេលនេះផលិតបានយន្តហោះដឹកជញ្ជូនយោធាខ្នាតធំ ប្រភេទY -20 ។

សារព័ត៌មាន ស៊ីនហួ នៅថ្ងៃទី៩ ខែ ឧសភាបានផ្សាយថា យន្តហោះដឹកជញ្ជូន ខ្នាតធំY-20 របស់ប្រទេសចិន ត្រូវបានគេធ្វើតេស្តហោះហើរនិងឆ្លងការហ្វឹកហាត់ ដឹកជញ្ជូនតាមផ្លូវអាកាសដោយជោគជ័យជាលើកដំបូង។

អ្នកនាំពាក្យកងទ័ពអាកាសចិន លោក Shen Jinke បានបញ្ជាក់ថា ជោគជ័យ ខាងលើនេះ គឺជាការបោះជំហានមួយនៅក្នុងការដឹកជញ្ជូនបែបយុទ្ធសាស្រ្ត និងការបង្កើនសមត្ថភាពប្រយុទ្ធផ្លូវអាកាស ចម្ងាយឆ្ងាយ របស់កងអង្គភាពនេះ ហើយ សមត្ថភាពនៃកងទ័ពអាកាសចិន គួរតែ អាចត្រូវពង្រីកទៅមុខ ដរាបណាផល ប្រយោជន៍ជាតិរបស់ចិននៅតែអាចទៅ ដល់ ដើម្បីផ្តល់ការធានាផ្នែកសន្តិសុខផ្លូវអាកាសដែលអាចជឿទុកចិត្តបានសម្រាប់ការអភិវឌ្ឍប្រទេស។

គួរជម្រាបថា យន្តហោះធុនY-20 ដែលត្រូវបានបញ្ជូនទៅក្នុងជួរកងទ័ពអាកាសចិន កាលពីខែកក្កដា ឆ្នាំ២០១៦ និងមានទម្ងន់ជាអតិបរមាសម្រាប់ការហោះហើរ ប្រមាណជា ២០០តោន នោះគឺស័ក្តិសម បំផុតសម្រាប់ការដឹកជញ្ជូនទំនិញ និង មនុស្ស ក្នុងការធ្វើដំណើររយៈចម្ងាយឆ្ងាយ ហើយនៅក្រោមស្ថានភាពអាកាសធាតុ ខុសៗគ្នា។

កន្លងមកចិនធ្វើការសាកល្បងយន្តហោះដឹកជញ្ជូនស៊ីវិល សម្រាប់ដឹកអ្នក ដំណើរ ទទួលបានជោគជ័យ ។ មិនតែ ប៉ុណ្ណោះក្រុមហ៊ុនផលិតយន្តហោះរបស់ ចិនទទួលបានការបញ្ជាទិញជាច្រើន ។

ក្រុមអ្នកឯកទេសបញ្ជាក់ថា រយៈពេល ដ៏ខ្លីខាងមុខ ក្រុមហ៊ុនផលិតយន្តហោះចិន ទាំងយោធានិងស៊ីវិល មានការរីកចម្រើន ខ្ពស់ អាចប្រជែងជាមួយក្រុមហ៊ុនលោក ខាងលិចបាន៕ ម៉ែវ សាធី


ចែករំលែក៖