អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក ស្រីផាក គឿនហេ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យព្យាបាល ជាបន្ទាន់នៅពេល ដែលលោកស្រី មានអាការឈឺចុកចាប់ផ្នែកខាងខ្នង ។ លោកស្រីត្រូវបានចាប់ឃុំខ្លួនពីបទពុករលួយ កេងអំណាច …។
ប្រភពព័ត៌មានបានឲ្យដឹងថា យាន ជំនិះមួយគ្រឿងដែលដឹកលោកស្រីផាក បានធ្វើដំណើរមកដល់មន្ទីរពេទ្យមួយ កន្លែង ដែលស្ថិតនៅក្នុងសង្កាត់ សឿចូ (Seocho) ភាគខាងត្បូងទីក្រុងសេអ៊ូល នាព្រឹកថ្ងៃពុធ ទី៩ ខែឧសភា នេះ។ អតីត មេដឹកនាំកូរ៉េខាងត្បូងរូបនេះ នាពេល កន្លងទៅ ក៏ធ្លាប់បានទៅមន្ទីរពេទ្យប៉ុន្មានលើកផងដែរ គិតចាប់តាំងពីលោកស្រី ត្រូវបានគេឃុំខ្លួនមក។
កាលពីខែកក្កដាឆ្នាំទៅ លោកស្រី ផាក គឿនហេ បានទទួលការព្យាបាលរបួស ម្រាមជើង ដែលលោកស្រីបានទទួលរង ពេលស្ថិតនៅក្នុងកន្លែងឃុំឃាំង។ ក្រៅពី នេះលោកស្រី ផាក ក៏ទទួលបានការ អនុញ្ញាតឲ្យធ្វើដំណើរទៅកាន់មន្ទីរពេទ្យ កាលពីខែសីហា និងវិច្ឆិកា ឆ្នាំ២០១៧ ថែមទៀតផង សម្រាប់ការពិនិត្យមើល អាការឈឺចាប់នៅនឹងខ្នងព្រមទាំងពោះ របស់លោកស្រី រួមជាមួយការធ្វើតេស្តឯ ទៀតៗ។
គួរជម្រាបថា កាលពីខែមេសាកន្លងទៅ លោកស្រី ផាក គឿនហេ មានវ័យ ៦៦ឆ្នាំ ត្រូវបានតុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសឲ្យជាប់ពន្ធនាគារសម្រាប់រយៈពេល ២៤ឆ្នាំ បន្ទាប់ពីរឿងអាស្រូវពុករលួយ និងការប្រើប្រាស់អំណាចក្នុងផ្លូវខុសបានផ្ទុះឡើង កក្រើកប្រទេសអាស៊ីខាងកើតមួយនេះ រហូតបណ្តាលឲ្យលោកស្រីត្រូវបានគេដកចេញពីមុខតំណែងតែម្តង កាលពីអំឡុង ដើមឆ្នាំមុន៕ ម៉ែវ សាធី

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច