ព័ត៌មានទាន់ហេតុការណ៍៖

ច្បាប់ថ្មីផ្ទះសង់ថ្មីនៅរដ្ឋកាលីហ្វ័រនីញ៉ាត្រូវប្រក់ដំបូលសូឡាទាំងអស់

ចែករំលែក៖

នេះជាគម្រោងប្រើប្រាស់ថាមពលព្រះអាទិត្យថ្មី ដែលបានអនុវត្តដំបូងគេនៅរដ្ឋកាលីហ្វ័រនីញ៉ាសហរដ្ឋអាមេរិក ដោយចាប់ពីពេលនេះទៅផ្ទះពលរដ្ឋដែលសាងសង់ថ្មីគឺដំបូលត្រូវប្រក់ ផ្ទាំងស៊ូឡាទាំងអស់ ដើម្បីស្រូបយកថាមពលមកប្រើប្រាស់នៅក្នុង ផ្ទះ។

សារព័ត៌មានស៊ីនហួបាន ដកស្រង់ប្រភពព័ត៌មានពីទីភ្នាក់ងារទួលបន្ទុកការកំណត់គោលនយោបាយនិងរៀបចំគម្រោងស្តីពី វិស័យថាមពលរបស់រដ្ឋកាលីហ្វ័រនីញ៉ា បាន ផ្តល់ការឯកភាពជាឯកច្ឆន្ទ ចំពោះក្បួន ច្បាប់មួយ នៃការសាងសង់ដែលតម្រូវមានការបំពាក់ ប្រព័ន្ធបំលែងថាមពលព្រះ អាទិត្យ នៅតាមលំនៅឋានថ្មីៗ ហើយ ប្រការនេះធ្វើឲ្យរដ្ឋកាលីហ្វ័រនីញ៉ា ក្លាយ ជារដ្ឋអាមេរិកដំបូងគេបង្អស់ ដែលបាន ចេញច្បាប់បែបនេះ។

យោងតាមគណៈកម្មការថាមពល នៃរដ្ឋកាលីហ្វ៍រនីញ៉ា ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពល នៅតាមគេហដ្ឋានថ្មីៗឲ្យបានច្រើនជាង ៥០ភាគរយ ក្រោមគោលបំណងបន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នោះ គណៈកម្មការនេះ បានសម្រេចចេញច្បាប់ស្តីពីស្តង់ដារសំណង់អគារ ដែលតម្រូវឲ្យមានការបំពាក់ប្រព័ន្ធបំលែងថាមពលព្រះអាទិត្យ ដោយចាប់ផ្តើមពីឆ្នាំ២០២០ តទៅ។

ទីភ្នាក់ងារខាងលើមានក្តីរំពឹងខ្ពស់ថា ស្តង់ដារនៃការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព សម្រាប់សំណង់អគារ ថ្មីនេះ នឹងជួយកាត់បន្ថយបរិមាណនៃឧស្ម័នផ្ទះកញ្ចក់ ដែលស្មើនឹងការលុបបំបាត់ រថយន្តប្រើប្រាស់ប្រេងឥន្ធនៈចេញពីផ្លូវ ថ្នល់អ៊ីចឹងដែរ។ បើតាមច្បាប់ថ្មីនេះ ប្រព័ន្ធ ផ្ទាំងសូឡា នឹងត្រូវបំពាក់នៅតាមផ្ទះ អគារ ខុនដូ និងអាផាតមិន ដែលមានកម្ពស់ត្រឹមបីជាន់ជាអប្បបរមា។

ការប្រើប្រាស់ថាមពលព្រះអាទិត្យ ក៏មានបញ្ហាប្រឈមធំមួយដែរ នោះគឺកត្តាអាកាសធាតុដែលមានព្យុះភ្លៀង ឬមេឃ មានពពកច្រើនស្រអាប់ វាប្រាកដជាពិបាក ហើយ ប៉ុន្តែយើងក៏អាចបង្កើតជាអាគុយស្តុកធំៗ ដើម្បីបង្ការបញ្ហាទាំងនោះផងដែរ។ បន្ថែមពីនេះទៀត ថាមពលខ្យល់ក៏ជា មធ្យោបាយប្រសើរបំផុត ដែលគួរតែជំរុញឲ្យមានការប្រើប្រាស់ ប្រកបដោយសក្តានុ ពលផងដែរ៕ ម៉ែវ សាធី

 


ចែករំលែក៖