ព័ត៌មានទាន់ហេតុការណ៍៖

អុីស្រាអែលចោទប្រកាន់អុីរ៉ង់ថាឆ្លងផុតបន្ទាត់ក្រហម

ចែករំលែក៖

នាយករដ្ឋមន្ត្រីអុីស្រាអែលបានបញ្ជាក់ថា សកម្មភាពវាយប្រហារដោយមីស៊ីល គឺជាសាររបស់អុីស្រាអែលផ្ញើទៅកាន់រដ្ឋាភិបាលស៊ីរីថា ប្រសិនបើទាហានស៊ីរីប្រឆាំងនឹងអុីស្រាអែល នោះ នឹងទទួលរងការ វាយបកវិញជាមិនខាន។

នាយករដ្ឋមន្ត្រីអុីស្រាអែល លោក បេន ចាមីន ណេតាន់យ៉ាហ៊ូ បានបញ្ជាក់ថា ការវាយប្រហារតាមដែនអាកាសរបស់អុីស្រាអែលទៅលើគោលដៅរបស់អុីរ៉ង់នៅក្នុងប្រទេសស៊ីរី គឺជារឿងសមហេតុផល ដោយសារតែប្រទេសអ៊ិស្លាមមួយនេះ បានដើរឆ្លងកាត់បន្ទាត់ក្រហម។ លោក ណេតាន់យ៉ាហ៊ូ បញ្ជាក់ថា ប្រសិនបើប្រធានាធិបតីស៊ីរីនៅតែឲ្យមានសកម្មភាពវាយប្រហារពីទឹកដីស៊ីរីទៅកាន់អុីស្រាអែលនោះ នឹងទទួលរងលទ្ធផលអាក្រក់ លើស ពីការស្មានទុកទៅទៀត។

អំពើហិង្សារវាងអីុស្រាអែល នឹងអីុរ៉ង់ក្រោយពេលទាហានអីុស្រាអែល បើកការវាយប្រហារទៅលើទីតាំងរបស់អីុរ៉ង់ ជា ការតបត ទៅលើការបាញ់មីស៊ីលពីស៊ីរីទៅកាន់ទីតាំងនៅក្នុងតំបន់ហ្គោឡែន របស់អីុ ស្រាអែល ។ ប្រទេសជាច្រើន បង្ហាញក្តី បារម្ភយ៉ាងខ្លាំង ដោយអំពាវនាវដល់ អីុស្រាអែលនិងអីុរ៉ង់ រក្សាការអត់ធ្មត់ កាត់ បន្ថយភាពតានតឹង ក្នុងពេលដែល អាមេ រិក បានដកកិច្ចព្រមព្រៀងបរមាណូជាមួយអីុរ៉ង់។

ប្រធានាធិបតីបារាំង លោក Emmanuel Macron បានបញ្ជាក់ថា «អឺរ៉ុបចាំបាច់ត្រូវតែដោះស្រាយបញ្ហាពីរទី១គឺរក្សាស្ថិរភាព បញ្ចៀសការប្រឈមមុខតានតឹង ទី២យើងស្នើឲ្យអីុរ៉ង់បន្តកិច្ចព្រមព្រៀងបរមាណូ បើទោះអាមេរិកដកចេញក្តី»។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov កាលពីថ្ងៃទី១០ ខែឧសភា ក៏បាន អំពាវានាវ ដល់អីុស្រាអែលនិងអីុរ៉ង់ចរចា គ្នា ដើម្បីបញ្ចៀសការប្រឈមមុខដាក់គ្នាដោយអាវុធ។ លោក Lavrov បញ្ជាក់ទៀត ថា បញ្ហាទាំងអស់នឹងត្រូវបានដោះស្រាយ តាមរយៈការចរចា។ ទន្ទឹមនឹងនោះក៏បាន ជំរុញឲ្យអីុរ៉ង់ និងអីុស្រាអែល បញ្ឈប់រាល់សកម្មភាពបង្កឲ្យតានតឹងកាន់តែខ្លាំងឡើង។

ចំណែកអាមេរិកវិញ បែរជាគាំទ្រដល់អីុស្រាអែលនៅក្នុងការវាយប្រហារទៅលើទីតាំងរបស់អីុរ៉ង់នៅទឹកដីស៊ីរី ។ អាមេរិក បង្ហាញក្តីបារម្ភនៅពេលដែល អីុរ៉ង់វាយ ប្រហារទៅលើទីតាំងរបស់អីុស្រាអែល។ ទីក្រុងវ៉ាស៊ីនតោន បានការពារអីុស្រាអែល ដោយបញ្ជាក់ថានេះជាសិទ្ធិការពារខ្លួន។

នៅក្នុងសេចក្តីប្រកាសរបស់អាមេរិកបានបញ្ជាក់ថា« ប្រការដែលរដ្ឋាភិបាលអីុរ៉ង់បានដាក់ពង្រាយមីស៊ីលនៅស៊ីរី ដើម្បីវាយប្រហារទៅលើទីតាំងរបស់អីុស្រាអែលគឺជារឿងមិនអាចទទួលយកបានឡើយ និង ជាសកម្មភាព បង្កឲ្យមានគ្រោះថ្នាក់ដល់ តំបន់មជ្ឈិមបូព៌ាទាំងមូល»។

ទីក្រុងវ៉ាស៊ីនតោនបញ្ជាក់ថា កម្លាំង ទាហានអីុរ៉ង់ នឹងត្រូវទទួលខុសត្រូវ ចំពោះ លទ្ធផលអាក្រក់ ដោយសារតែសកម្មភាពវាយប្រហាររបស់ខ្លួនទៅលើទីតាំងនៅ ក្នុងទឹកដីអីុស្រាអែល។

ជាមួយគ្នានេះ រុស្ស៊ី អាល្លឺម៉ង់ អង់គ្លេស បង្ហាញក្តីបារម្ភពីភាពតានតឹង កាន់តែខ្លាំង ឡើង ។ ដោយឡែកប្រទេសចិនវិញ បានអំពាវនាវដល់ភាគីពាក់ព័ន្ធឲ្យរក្សាការអត់ធ្មត់ ដើម្បីបញ្ចៀសការប្រឈមមុខដាក់គ្នាដោយអាវុធ៕ ម៉ែវ សាធី


ចែករំលែក៖