ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកសន្យាមិនផ្លាស់ប្តូររបបដឹកនាំកូរ៉េខាងជើងឡើយ

ចែករំលែក៖

ការសន្យារបស់អាមេរិក នៅមុនជំនួប កំពូល គឺជាការបង្ហាញពីភាពកក់ក្តៅ បំផុត ដល់កូរ៉េខាងជើង ដើម្បីធ្វើឲ្យមេដឹកនាំគីម ជុងអ៊ុន មានទំនុកចិត្ត ក៏ដូចជាជំរុញកិច្ច ពិភាក្សាឲ្យទទួលបានជោគជ័យ។

សារព័ត៌មាន រុស្ស៊ី ធូដេ នៅថ្ងៃទី១៤ ខែឧសភា បានដកស្រង់សម្តីរដ្ឋមន្ត្រីការ បរទេសអាមេរិក បញ្ជាក់ថា សហរដ្ឋអាមេ រិកនឹងមិនស្វែងរកការផ្លាស់ប្ដូររបបដឹកនាំនៅកូរ៉េខាងជើងឡើយ ហើយក៏ធានាដែរ ថា លោក គីម ជុងអ៊ុន អាចនឹងបន្តកាន់ អំណាចដដែល ដែលនេះត្រូវបានគេមើល ឃើញថា ជាភាពកក់ក្តៅមួយដល់កូរ៉េខាង ជើង ដើម្បីបន្តកិច្ចចរចាជាមួយអាមេរិក ប្រកបដោយទំនុកចិត្តនិងមានភាពយូរ អង្វែង។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បាន ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទ សម្ភាសន៍មួយកាលពី ថ្ងៃអាទិត្យជាមួយស្ថានីយទូរទស្សន៍ Fox News នៅមុន ជំនួបរវាងលោក ដូណាល់ ត្រាំ នឹងលោក គីម ជុងអ៊ុន ដែលគ្រោងនឹងធ្វើ ឡើងក្នុង ប្រទេសសិង្ហបុរី នៅថ្ងៃទី១២ ខែមិថុនា ខាងមុខនេះ ។ ថ្លែងនាឱកាសនោះ លោក ប៉ុមប៉េអូ បានបញ្ជាក់ដូច្នេះថា៖«យើងនឹងផ្ដល់ការធានារ៉ាប់រងសន្តិសុខយ៉ាងពិត ប្រាកដ ហើយវាគឺជាការធ្វើសម្បទានទៅ វិញទៅមក ដែលគេទន្ទឹងរង់ចាំក្នុងរយៈ ពេល២៥ឆ្នាំ មកនេះ»។

ដោយឡែកនៅពេលពិធីករសារព័ត៌ មាន Fox News លើកឡើងថា លោក គីម ជុងអ៊ុន ជាមេដឹកនាំផ្ដាច់ការ និងពីបញ្ហា សិទ្ធិមនុស្សនៅកូរ៉េខាងជើង រដ្ឋមន្ត្រីការ បរទេសអាមេរិករូបនេះបាននិយាយថា គេ គ្រប់គ្នានឹងបានដឹងថា កិច្ចចរចានឹងដំណើរការទៅយ៉ាងដូចម្ដេច។ ប៉ុន្តែលោកថា កុំឱ្យគ្រប់គ្នាមានការយល់ច្រឡំឱ្យសោះជុំវិញរឿងនេះ ព្រោះផលប្រយោជន៍របស់សហ រដ្ឋអាមេរិកនៅទីនេះ ហើយយើងត្រូវបង្ការ ហានិភ័យ ដែលទីក្រុងព្យុងយ៉ាងអាចនឹងបាញ់អាវុធនុយក្លេអ៊ែរ ឆ្ពោះមកកាន់ទីក្រុង ឡូសអាន់ជឺឡែស ឬទីក្រុង ឌែនវើរ (Denver) ឬក៏កន្លែងដទៃទៀត រួមទាំងកន្លែង ដែលលោកកំពុងអង្គុយសម្ភាសន៍នេះផងដែរ។

គួររំលឹកថា កាលពីចុងឆ្នាំ២០១៧ លោក ដូណាល់ ត្រាំ បានហៅលោក គីម ជុងអ៊ុន ថា «បុរសគ្រាប់រ៉ុក្កែត និងជាជន ផ្ដាច់ការដ៏អាក្រក់បំផុត»។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលរបស់លោក ក៏បានដាក់ទណ្ឌ កម្មក៏ដូចជាគំរាមប្រើប្រាស់កម្លាំងយោធា វាយប្រហារលើរបបដឹកនាំទីក្រុងព្យុងយ៉ាងទៀតផង នៅក្នុងករណីចាំបាច់ត្រូវការពារខ្លួនឯង និងសម្ពន្ធមិត្តរបស់ខ្លួន។ ប៉ុន្តែស្ថានការណ៍ពេលនេះត្រូវបានផ្លាស់ប្តូរជាល្អ ប្រសើរបន្តិចម្តងៗ ហើយវាក៏សមស្របទៅតាមគោលនយោបាយរបស់លោក ដែល ធ្លាប់បានប្រកូកប្រកាស កាលពីអំឡុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតនាឆ្នាំ ២០១៦ នោះផងដែរ៕ ម៉ែវ សាធី


ចែករំលែក៖