យ៉ាងហោចណាសក៏មានមនុស្ស១៨នាក់ស្លាប់ និង៥៤នាក់រងរបួស នៅក្នុង ហេតុការណ៍គ្រោះធម្មជាតិ បង្កឡើងដោយ ព្យុះភ្លៀង នៅតំបន់ភាគពាយព្យនៃប្រទេសប៉ាគីស្ថាន។
មន្ត្រីរដ្ឋាភិបាលនៅក្នុងតំបន់ Bajaur Agency ជាប់ព្រំដែនអាហ្វហ្គានីស្ថាន បានឲ្យដឹងថា យ៉ាងហោចណាស់ក៏មាន មនុស្ស ស្លាប់១០នាក់និង២០នាក់ទៀត រងរបួស ដោយសារតែភ្លៀងធ្លាក់ខ្លាំង ជាច្រើនម៉ោង បង្កឲ្យមានគ្រោះទឹកជំនន់ ក្នុងពេលជាមួយគ្នា ខ្យល់ព្យុះក៏បានបក់បោកនៅក្នុងតំបន់នេះដែរ។ ការប្រកាសអាសន្នក៏ត្រូវបានប្រកាសឡើងនៅក្នុងតំបន់នេះ ហើយកម្លាំងទាហានក៏បានចូលរួមធ្វើសកម្មភាពជួយសង្គ្រោះពលរដ្ឋផងដែរ។
ចំណែកនៅក្នុងខេត្ត Khyber Pakhtunkhwa មានមនុស្ស ៥នាក់ស្លាប់ និង ១២នាក់រងរបួស នៅពេលដែលរថយន្ត ពេទ្យដឹកពួកគាត់ រអិល កង់ទៅបុកនឹង រថយន្តយោធា នៅក្នុងតំបន់ Lower Dir ក្នុងពេលដែលភ្លៀងកំពុងធ្លាក់ខ្លាំង។
ក្រៅពីនេះ មានគ្រោះថ្នាក់ពីរផ្សេង ទៀត នៅស្រុក Swat និង Khyber សម្លាប់មនុស្ស ២នាក់ និង របួស២២នាក់ ដោយសារតែអាកាសធាតុអាក្រក់។ ដោយឡែកមានអ្នកស្លាប់ពីរនាក់ទៀតដោយសារតែបាក់ស្រុតដំបូលផ្ទះ ៕ ម៉ែវ សាធី