ព័ត៌មានទាន់ហេតុការណ៍៖

អំពើហិង្សាកើនឡើងនៅប្រទេសមីយ៉ាន់ម៉ា ស្លាប់១៩នាក់,ចិនអំពាវនាវឲ្យរក្សាការអត់ធ្មត់

ចែករំលែក៖

កន្លងមកស្ថានភាពនៅក្នុងប្រទេស មីយ៉ាន់ម៉ា មានភាពល្អប្រសើរឡើង ក្រោយ ពេល អង្គការអន្តរជាតិ បានចុះទៅពិនិត្យស្ថានភាពនៅតំបន់ជនជាតិរ៉ូហីុងយ៉ារស់នៅ ។ ប៉ុន្តែនៅពេលនេះអំពើហិង្សាបន្ត កើតឡើង រវាងកម្លាំងទាហានរដ្ឋាភិបាល មីយ៉ាន់ម៉ា នឹងក្រុមឧទ្ទាម អ៊ិស្លាម Muse។

រដ្ឋាភិបាលទីក្រុងប៉េកាំង បានអំពាវនាវដល់ភាគីទាំងពីរនៅក្នុងប្រទេសមីយ៉ាន់ម៉ា កុំធ្វើសកម្មភាពឆេវឆាវ ក្រោយប៉ះទង្គិច គ្នាបណ្តាលឲ្យមានអ្នកស្លាប់ដល់ទៅ ១៩នាក់ ។ ស្ថានទូតចិនប្រចាំនៅមីយ៉ាន់ម៉ា បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ប្រកាន់គោលជំហរអត់ធ្មត់ ហើយចាត់វិធានការជាក់ស្តែងនិងប្រកបដោយប្រសិទ្ធភាព ដើម្បីទប់ស្កាត់កុំឲ្យស្ថានការណ៍កាន់តែ អាក្រក់ឡើង។

សារព័ត៌មានស៊ីនហួបានផ្សាយថា អំពើ ហិង្សា ផ្ទុះឡើងសាជាថ្មី រវាងកងទ័ពក៏ដូចជាប៉ូលិសមីយ៉ាន់ម៉ា ជាមួយក្រុមឧទ្ទាម ប្រដាប់អាវុធនៅក្រុង Muse ភាគខាង ជើងប្រទេសមីយ៉ាន់ម៉ា ដែលបានផ្តាច់ជីវិតមនុស្សនិងបង្កឲ្យរបួសជាច្រើននាក់ កាល ពីថ្ងៃទី១២ ខែឧសភា កន្លងមក។

យោងតាមសេចក្តីថ្លែងការណ៍មួយ របស់ស្ថានទូតចិនបានឲ្យដឹងថា ប្រជា ជនមីយ៉ាន់ម៉ាមួយចំនួន ដែលរស់នៅតាម តំបន់ព្រំដែន បានរត់ភៀសខ្លួនចូលទៅក្នុងប្រទេសចិន ហើយគ្រាប់កាំភ្លើងខ្លះក៏បានរាលដៅដល់ទឹកដីប្រទេសចិនផងដែរ។ ដោយថ្កោលទោសចំពោះអំពើហិង្សានិង ចូលរួមសោកស្តាយសម្រាប់អ្នករងគ្រោះ និងបាត់បង់ជីវិត រដ្ឋាភិបាលចិនបានទទូចឲ្យភាគីពាក់ព័ន្ធទាំងអស់ ធានាឲ្យបាននូវសុវត្ថិភាពនៃអាយុជីវិតនិងទ្រព្យសម្បត្តិ របស់ប្រជាជននៅតាមព្រំដែនប្រទេស ទាំងពីរ។

សេចក្តីថ្លែងការណ៍ខាងលើ បានអំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធ ពង្រឹងកិច្ចសន្ទនា ចរចា, លើកស្ទួយទំនុកចិត្តគ្នាទៅវិញទៅ មក និងបោះជំហានឆ្ពោះទៅរកទិសដៅរួមគ្នា ដើម្បីដើរតួនាទីស្ថាបនា ក្នុងការលើក កម្ពស់កិច្ចផ្សះផ្សាជាតិ ព្រមទាំងកិច្ចប្រឹងប្រែងស្វែងរកសន្តិភាពនៃប្រទេសមីយ៉ាន់ម៉ា។

គួរជម្រាបថា មនុស្សយ៉ាងតិចចំនួន១៩ នាក់ រួមមានប៉ូលិសម្នាក់ ជនសកម្មប្រយុទ្ធ ៤នាក់ និងជនស៊ីវិលស្លូតត្រង់១៤នាក់ បានបាត់បង់ជីវិត និង២៧នាក់ផ្សេងទៀត បានទទួលរងរបួស នៅក្នុងការវាយប្រហារ ដោយក្រុមឧទ្ទាមប្រដាប់អាវុធ នៅក្រុង Muse នៃរដ្ឋ Shan ភាគខាងជើងមីយ៉ាន់ម៉ា គឺក្រុម Kachin Independence Army (KIA) និងក្រុម Ta’ang National Liberation Army (TNLA) ដែលបានរួមដៃគ្នា។ នេះបើតាមការបញ្ជាក់ពីរដ្ឋាភិបាលមីយ៉ាន់ម៉ា៕ ម៉ែវ សាធី


ចែករំលែក៖