ព័ត៌មានទាន់ហេតុការណ៍៖

គណៈប្រតិភូកូរ៉េខាងជើងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន

ចែករំលែក៖

សារព័ត៌មាន ក្យូដូបានផ្សាយថានៅថ្ងៃទី១៥ខែឧសភា គណៈប្រតិភូ កូរ៉េខាងជើង ដឹកនាំដោយ លោក Pak Tae Song អនុ ប្រធានគណបក្សពលករកូរ៉េខាងជើង ទទួលបន្ទុកសេដ្ឋកិច្ចបានដឹកនាំគណៈប្រតិភូទៅកាន់ប្រទេសចិន។

កន្លងមកបណ្តាញព័ត៌មានជាតិកូរ៉េខាងជើង KCNA ក៏បានផ្សាយថា នៅក្នុង អាកាសយានដ្ឋានអន្តរជាតិ ទីក្រុងប៉េកាំង គណៈប្រតិភូកូរ៉េខាងជើង ត្រូវបានទទួល ស្វាគមន៍ដោយ មន្ត្រីជាន់ខ្ពស់នៅក្នុងបក្សកុម្មុយនីស្តចិននិងមន្ត្រីស្ថានទូតកូរ៉េខាងជើងនៅទីក្រុងប៉េកាំង។

សារព័ត៌មានកូរ៉េខាងជើង មិនបាន បញ្ជាក់ពីព័ត៌មានពិតប្រាកដពី ខ្លឹមសារនៃដំណើរទស្សនកិច្ចនោះឡើយ ដោយគ្រាន់ តែ និយាយថា មន្ត្រីជាន់ខ្ពស់របស់ទីក្រុងប៉េកាំងនិងទីក្រុងព្យុងយ៉ាង ផ្លាស់ប្តូរទស្សនៈស្តីពីជំនួបកំពូល រវាងលោកគីមជុងអ៊ុន នឹង ដូណាល់ ត្រាំនាពេលខាងមុខ។

ប្រភពព័ត៌មានបានឲ្យដឹងថា កូរ៉េខាង ជើងនិងចិន កំពុងតែព្យាយាមបង្កើនទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីកាន់តែប្រសើរឡើង ដែលជាការចង់បានរបស់ពលរដ្ឋកូរ៉េខាងជើង ។

មិនថាប្រទេសចិននោះឡើយ ប្រទេសជាច្រើននៅក្នុងតំបន់ក្នុងនោះមានកូរ៉េខាងត្បូង និងជប៉ុន បានប្រកាសថានឹងជួយ ដល់កូរ៉េខាងជើង នៅក្នុងការអភិវឌ្ឍ សេដ្ឋកិច្ច ឲ្យមានការរីកចម្រើន ដូចជា ប្រទេសកូរ៉េខាងត្បូង អ៊ីចឹង។

សូម្បីតែអាមេរិក ក៏បានសន្យាជាមួយ កូរ៉េខាងជើង ថានឹង ជួយដល់សេដ្ឋកិច្ច ប្រទេសនេះប្រសិនបើ កូរ៉េខាងជើង ព្រម បោះបង់កម្មវិធីបរមាណូនោះ។

កន្លងមកពលរដ្ឋកូរ៉េខាងជើង ជាច្រើនបានវិលត្រឡប់ទៅធ្វើការនៅក្នុងប្រទេសចិនវិញបើទោះបី ច្បាប់ទណ្ឌកម្មនៅតែបន្តអនុវត្តដដែល ។មន្ត្រីចិន បានធ្វើព្រងើយ បិទភ្នែកទុកឲ្យពលរដ្ឋកូរ៉េខាងជើង ចូល ធ្វើការនៅចិនដូចដើម។ ទាំងនោះជាលទ្ធ ផលក្រោយ មានជំនួប រវាងលោកគីម ជុង អ៊ុន នឹងប្រធានាធិបតីស៊ី ជីនពីង៕ ម៉ែវ សាធី


ចែករំលែក៖