ខេត្តស្វាយរៀង៖ បុរសម្នាក់ ស្រវឹងខួបរាល់ថ្ងៃ និងមានជំងឺសរសៃប្រសាទប្រចាំកាយផងនោះ បានព្យាយាមសម្លាប់ខ្លួនឯង២ដងមកហើយ តែត្រូវបងប្អូន ក៏ដូចជាអ្នកភូមិជួយទាន់ពេលវេលា តែដល់លើកទី៣នេះ ក៏ស្លាប់បានដូចបំណង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិមកចោមរោមមើល និងរាយការណ៍ជូនសមត្ថកិច្ចឲ្យចុះពិនិត្យមើលកាលពីវេលាម៉ោង១២ និង៤៥នាទី ថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិថ្នល់កែង ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចនគរបាលបានឲ្យកាសែតនគរវត្តដឹងថា បុរសដែលគិតខ្លីមានឈ្មោះ ជា ហន អាយុ៣០ឆ្នាំ មុខរបរជាងសំណង់ ជាបុរសពោះម៉ាយគ្មានកូននោះទេខណះដែលពេលពិបាកចិត្តតែងតែផឹកស្រារហូតដល់ស្រវឹងខួប និងរវើរវាយ (សរសៃប្រសាទ)និយាយតែម្នាក់ឯង។
ប្រភពព័ត៌មានបន្ថែមពីអ្នកភូមិបានប្រាប់ថា នេះជាលើកទី៣ហើយ ដែលបុរសខាងលើប៉ុនប៉ងធ្វើអត្តឃាត ដោយលើកទី១ ប៉ុនប៉ងចង.ក តែមិនបានសម្រេច។ លើកទី២ រូបគេបានព្យាយាមរត់ចូលឡាន និងយកខ្សែគោចង.ក នៅតែមិនបានសម្រេច ហើយលើកទី៣.នៅវេលាកើតហេតុខាងលើ ជនរងគ្រោះបានយកខ្សែអង្រឹងចង.ក.លើដើមឈើខាងក្រោយផ្ទះបណ្តាលឲ្យស្លាប់តែម្តង។
សូមបញ្ជាក់ផងដែរថា បុរសរងគ្រោះខាងលើតែងព្យាយាមសម្លាប់ខ្លួន ដោយរវើរវាយថា មានគេមកយក និងមានគេយកកាំបិតដេញកាប់។
ក្រោយពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យ ដោយពុំឃើញមានស្លាកស្នាមអ្វីគួរឲ្យសង្ស័យ រួចបានប្រគល់សាកសពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ យឹម សុថាន