ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តរាប់ពាន់គ្រឿងបានបើកឆ្លងកាត់ស្ពានវែងជាងគេបំផុតនៅអឺរ៉ុប

ចែករំលែក៖

បើទោះបីមានការថ្កោលទោសពីអាមេរិក និងអឺរ៉ុប ប៉ុន្តែនៅមានរថយន្តរាប់ពាន់គ្រឿងបានបើកឆ្លងកាត់ស្ពានវែងបំផុតនៅអឺរ៉ុបក្នុងរយៈពេល១២ម៉ោង ក្រោយបើកសម្ពោធ។ នៅក្នុងពិធីសម្ពោធនាពេលកន្លងមកប្រធានាធិបតី ពូទីន បានបើករថយន្តដោយខ្លួនឯងដឹកនាំក្បួនរថយន្តប្រតិភូមឆ្លងកាត់ស្ពានតផ្ជាប់ពីតំបន់គ្រីមៀរទៅកាន់ប្រទេសរុស្ស៊ី។

ថ្ងៃសម្ពោធស្ពានដែលមានប្រវែង១៩គីឡូម៉ែត្រ ឆ្លងកាត់ដៃសមុទ្រ Kerch កាលពីថ្ងៃទី១៥ ខែឧសភាកន្លងទៅ ប្រធានាធិបតីរុស្ស៊ីលោក ពូទីន បានបើករថយន្តឆ្លងកាត់ស្ពានដោយមានអង្គរក្សអមសងខាងស្ពាន។

រដ្ឋលេខាធិការក្រសួងការបរទេសរុស្ស៊ីលោក Grigory Karasain នៅថ្ងៃទី១៧ ខែឧសភា បានប្រកាសថា «រុស្ស៊ីមិនមានអារម្ភព្រួយចំពោះលោកខាងលិចដាក់ទណ្ឌកម្មនោះឡើយ ពាក់ព័ន្ធនឹងការបើកសម្ពោធស្ពានតភ្ជាប់គ្រីមៀរ និងរុស្សី»។

លោកបន្តទៀតថា «យើងមិនខ្លាចការដាក់ទណ្ឌកម្មនោះឡើយ ការដាក់ទណ្ឌកម្ម បានបង្រៀនយើងពីវិធីសាស្ត្រធ្វើការកាន់តែមានប្រសិទ្ធិភាពតែប៉ុណ្ណោះ ក្នុងមានវិស័យសេដ្ឋកិច្ច»។

នៅថ្ងៃសម្ពោធស្ពានខានលើ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថា «ស្ពានតភ្ជាប់គ្រីមៀរ មិនត្រឹមតែជាការខិតខំនៅក្នុងការគ្រប់គ្រោងដោយខុសច្បាប់របស់រុស្ស៊ី នៅតំបន់គ្រីមៀរ ថែមទាំងរារាំងដល់សកម្មភាពដឹកជញ្ជូនតាមផ្លូវទឹក នៃនាវាធំៗឆ្លងកាត់ទីនោះ។ ទាំងនោះបង្ហាញឲ្យឃើញថា រុស្ស៊ីបានបំពានច្បាប់អន្តរជាតិជាបន្តទៀត។

នៅក្នុងសេចក្តីប្រកាស លោកស្រី Grigory Karasain បានបញ្ជាក់ថាទីក្រុងវ៉ាស៊ីនតោនថ្កោលទោសយ៉ាងខ្លាំង ចំពោះការសាងសង់ស្ពានគ្រីមៀរដោយមិនទទួលបានការអនុញ្ញាតិពីរដ្ឋាភិបាលអ៊ុយក្រែន។

សហគមន៍អឺរ៉ុបក៏បានថ្កោលទោសការសម្ពោធស្ពានខាងលើ ចំណែកអឺរ៉ុប បានចាត់ទុកសកម្មភាពខាងលើ គឺជាការឈ្លានពានដែនអធិបតេយ្យភាពរបស់ប្រទេសអ៊ុយក្រែន។ អឺរ៉ុបនឹងបន្តសហការជាមួយប្រទេសជាដៃគូ ដើម្បីប្រឆាំងនឹងសកម្មភាពខុសច្បាប់របស់រុស្ស៊ីនៅគ្រីមៀរនេះ។

រដ្ឋាភិបាលអ៊ុយក្រែនក៏បានថ្កោលទោសដល់ការសាងសង់ស្ពាន និងសម្ពោធដាក់ឲ្យប្រើប្រាសស្ពានខាងលើ។ រដ្ឋាភិបាលទីក្រុងគីវ បានចាត់ទុកថា រុស្ស៊ីកំពុងតែឈ្លានពានទឹកដីអ៊ុយក្រែនខុសច្បាប់អន្តរជាតិ។

ប្រតិកម្មទៅលើការថ្កោលទោសខាងលើរុស្ស៊ីបានបញ្ជាក់ថា រុស្ស៊ីនឹងមិនសុំច្បាប់អ្នកណាមួយឡើយ ក្នុងការសាងសង់ស្ពានខាងលើ ដោយសារតែស្ពាននេះកសាងឡើងដើម្បីផលប្រយោន៍ប្រជាជននៅក្នុងប្រទេសតែប៉ុណ្ណោះ។ ទីក្រុងវាស៊ីនតោនពិតជាមិនសម្បាយចិត្តឡើងប៉ុន្តែគ្រីមៀរជាទឹកដីរុស្សី ដូច្នេះហើយរុស្ស៊ីមានសិទ្ធធ្វើអ្វីគ្រប់យ៉ាងដោយមិនចាំបាច់សួរនាំខាងណានោះឡើយ។.

ក្រុមហ៊ុនគ្រប់គ្រងស្ពានខាងលើបានប្រកាសឲ្យដឹងថា ក្នុងរយៈពេល១២ម៉ោង ក្រោយសម្ពោធស្ពាតខាងលើនេះ មានរថយន្តរហូតដល់ទៅ ១៤.០០០គ្រឿងបានធ្វើដំណើរឆ្លងកាត់៕ ម៉ែវ សាធី


ចែករំលែក៖