ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ត្រីអុី សុខាស្នងការរងនគរបាលខេត្តព្រះសីហនុទទួលផែនសណ្ដាប់ធ្នាប់ បញ្ជាក់ថា រថយន្តមួយគ្រឿងរអិលថយក្រោយប៉ះផ្លាកគណបក្សនៅជិតមន្ទីរព័ត៌មានខេត្តព្រះសីហនុ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៧និង៤០នាទីល្ងាច ថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចកែងមន្ទីរព័ត៌មានខេត្ត ក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ បង្កដោយរថយន្តម៉ាកLEXUS RX300ពណ៌ទឹកមាស ពាក់ស្លាក លេខព្រះសីហនុ2C-6368 ។
ប្រភពបន្តថា រថយន្តនេះ បើកបរដោយឈ្មោះ គឹម ស្រីភា ភេទស្រី អាយុ២៦ឆ្នាំមុខរបរបុគ្គលិកនគរសំរឹទ្ធ មានទីនៅភូមិ០២ សង្កាត់០២ ក្រុងព្រះសីហនុ មានទិសដៅពីផ្សារពាណិជ្ជកម្ម ឆ្ពោះមក ផ្ទះនៅក្រោយមន្ទីរព័ត៌មាន លុះមកដល់ចំណុចមុខមន្ទីរព័ត៌មានក៏បានឈប់រថយន្ត ដើម្បីចូលផ្ទះយកទូស័ព្ទ ក្រោយមកមានកូនក្មេងអាយុប្រហែល១២ឆ្នាំរត់ទៅហៅស្ត្រីម្ចាស់រថយន្តដល់ផ្ទះ ប្រាប់ថា ឡានរអិលចុះក្រោមមកប៉ះនឹងផ្លាកគណបក្ស។
ប្រភពបន្តទៀតថា ក្រោយមកលោកចៅសង្កាត់លេខ២នឹងភាគីម្ចាស់រថយន្តបានចរចាគ្នា ដោយតម្រូវឲ្យភាគីរថយន្តធ្វើស្លាក សងវិញឲ្យបានស្អាត ក្នុងនោះភាគីខាងរថយន្តយល់ព្រមតាមសំណើចៅសង្កាត់ ហើយលោកចៅសង្កាត់ក៏បានឲ្យលោកនាយរងប៉ុស្តិ៍២យករថយន្តទៅរក្សាទុកនៅមុខសាលាសង្កាត់លេខ២ រង់ចាំម្ចាស់រថយន្តធ្វើស្លាក គណបក្សស្អាត ដូចដើមវិញ ទើបប្រគល់រថយន្តឲ្យម្ចាស់វិញ ជាកិច្ចបញ្ចប់រឿងករណីនេះ ៕ ឆ្លាម សមុទ្រ