មនុស្ស១០នាក់បានស្លាប់ និង១០នាក់ទៀតរងរបួស បន្ទាប់ពីខ្មាន់កាំភ្លើងជាសិស្សសាលាម្នាក់បើកការបាញ់ប្រហារនៅក្នុងវិទ្យាលល័យមួយ ក្នុងរដ្ឋ តិចសាស់ សហរដ្ឋអាមេរិក ។ នេះបើតាមការចុះផ្សាយរបស់ប៊ីប៊ីស៊ីកាលពីប៉ុន្មានម៉ោងមុននេះ ដោយដងស្រង់សម្តីអភិបាលរដ្ឋតិចសាស់ ។
ប្រភពបន្តថា ខ្មាន់កាំភ្លើងត្រូវចាប់ចាប់ខ្លួនចោទប្រកាន់ពីបទមនុស្សឃាត ត្រូវបានស្គាល់ឈ្មោះ Dimitrios Pagourtzis ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សវិទ្យាល័យ Santa Fe High School ។
គេបានលួចយកកាំភ្លើងស្របច្បាប់របស់ឪពុករបស់គេ ទាំងកាំភ្លើងវែង និងកាំភ្លើងខ្លីមកធ្វើសកម្មភាពបាញ់ប្រហារនៅក្នុងសាលារៀនតែម្តង ។ ប៉ូលិសអះអាងថា ជនរងគ្រោះបាត់បង់ជីវិតភាគច្រើនជាសិស្សសាលា ។
អភិបាលរដ្ឋតិចសាស់ លោក Greg Abbott បានថ្លែងថា “គ្រឿងផ្ទុះជាច្រើនប្រភេទ” ត្រូវបានគេរកឃើញនៅឯសាលារៀន ចម្ងាយ 65 គីឡូម៉ែត្រ ខាងត្បូងទីក្រុង ហ៊ូស្តុន និងនៅឯបរិវេណសាលា។ ក្នុងនោះមានរួមបញ្ចូល “ឧបករណ៍ CO2” និង “ស្រាក្រឡុក Molotov”ផងដែរ ។
លោក Abbott បានថ្លែងថា ប៉ូលីសបានរកឃើញព័ត៌មាននៅលើកំណត់ហេតុប្រចាំថ្ងៃរបស់ជនសង្ស័យ កុំព្យូទ័រ និងទូរស័ព្ទដៃ ដែលបង្ហាញថា គេបានគ្រោងទុកការវាយប្រហារ ហើយមានបំណងសម្លាប់ខ្លួនឯងបន្ទាប់ពីនោះ។ អភិបាលរដ្ឋបានថ្លែងថា ក្មេងជំទង់ជាជនសង្ស័យរូបនេះ “បានប្រគល់ខ្លួនឯង” ពីព្រោះ “រូបគេមិនមានភាពក្លាហានក្នុងការធ្វើអត្តឃាតខ្លួនឯងនោះទេ” ។
ស្នងការប៉ូលីស Santa Fe លោក Jeff Powell បានណែនាំអ្នកស្រុកឱ្យដឹងពីវត្ថុដែលគួរឱ្យសង្ស័យណាមួយដែលប៉ូលិសបានរកឃើញ។ លោកបានថ្លែងថា “កុំប៉ះពាល់វត្ថុណាមួយដែលមើលឃើញនៅហ្នឹងកន្លែងកើតហេតុ”។ មន្រ្តីប៉ូលីសម្នាក់យាមនៅវិទ្យាល័យ Santa Fe ឈ្មោះ John Barnes បានរងរបួសក្នុងហេតុការណ៍នេះដែរ ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា John Barnes ស្ថិតនៅក្នុងស្ថានភាពរបួសធ្ងន់ធ្ងរ និងកំពុងធ្វើការវះកាត់ ។
សិស្សសាលាបាននិយាយថា ជនបាញ់ប្រហារបានចូលទៅក្នុងថ្នាក់វិចិត្រសិល្បៈ ហើយចាប់ផ្តើមបាញ់ប្រហារភ្លាមៗនៅមុនម៉ោង៨ព្រឹក ម៉ោងនៅក្នុងតំបន់ ។ សាក្សីម្នាក់បានប្រាប់បណ្តាញទូរទស្សន៍ TRK-TV ថា មានជនម្នាក់ដើរចូលមកជាមួយកាំភ្លើងខ្លីហើយបាញ់ប្រហារតែម្តង ហើយសាក្សីក្មេងស្រីសិស្សសាលាម្នាក់បានរងរបួសនៅត្រង់ជង្គង់ផងដែរ ។
សិស្សម្នាក់ទៀតនិយាយប្រាប់ទីភ្នាក់ងារព័ត៌មាន KHOU-11 ថា គ្រូម្នាក់ដែលបានដឹងពីអ្វីដែលបានកើតឡើងនោះបានចុះកណ្តឹងរោទិ៍ជាសញ្ញាឲ្យមានការជម្លៀសខ្លួនចេញពីអាការសាលា ហើយសិស្សទាំងឡាយចាប់ផ្តើមរត់ចេញពីសាលា ។ ប្រភពបន្តថា មានសិស្សនិស្សិតប្រមាណ១៤០០នាក់អំឡុងពេលដែលបាញ់ប្រហារកើតឡើងនេះ ។
លោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកបានថ្លែងថា នេះជាហេតុការណ៍ដ៏រន្ធត់ ។ លោកថា “រដ្ឋបាលរបស់ខ្ញុំបានប្តេជ្ញាធ្វើអ្វីគ្រប់យ៉ាងដើម្បីការពារសិស្សរបស់យើង ថែរក្សាសាលារៀនរបស់យើង និងរក្សាអាវុធមិនឲ្យធ្លាក់ចូលក្នុងដៃអ្នកដែលបង្កការគំរាមកំហែងដល់ខ្លួនឯង និងអ្នកដទៃ” ។ លោកបានបញ្ជាឲ្យទម្លាក់ទង់ជាតិនៅត្រឹមពាក់កណ្តាលដងវិញ នៅឯសេតវិមាន និងអគារសាធារណៈ និងទីតាំងយោធាទាំងអស់ទូទាំងប្រទេស ៕ ថាច់ យ៉ាត