កាលពីឆ្នាំ២០១៦ អង្គការសុខភាព ពិភពលោក WHO បានប្រកាសថា ជំងឺ អេបូឡា ដ៏កាចសហាវមិនមែនជាបញ្ហា ប្រឈមមុខទៀតឡើយ គឺមិនមានការឆ្លងរាលដាលនៃជំងឺនេះទៀតទេ ។ ប៉ុន្តែ ក្រោយការស្ងប់ស្ងាត់មួយរយៈមក ជំងឺនេះក៏បានផ្ទុះឡើងសាជាថ្មីបង្កក្តីបារម្ភយ៉ាង ខ្លាំង។
សារព័ត៌មានNew York Times បាន ដកស្រង់សម្តីអគ្គនាយកអង្គការសុខភាពពិភពលោក លោកស្រី Magaret Chan បញ្ជាក់ថា ការឆ្លងរាលដាលនៃវីរុស អេបូឡា ត្រូវបានបញ្ចប់។ វីរុសនេះបាន កើតឡើង នៅក្នុងប្រទេសហ្គីនៀ កាលពី ខែធ្នូ ឆ្នាំ២០១៣ ហើយបញ្ចប់ទៅនៅឆ្នាំន២០១៦ដោយមានអ្នកឆ្លងដល់ទៅ ២៨ .០០០នាក់ និងសម្លាប់មនុស្ស ១១.៣០០ នាក់។
ប៉ុន្តែនៅឆ្នាំ២០១៨នេះ វីរុសអេបូឡា ដ៏កាចសាហាវនេះបានផ្ទុះឡើងជាថ្មី ហើយពេលនេះគឺផ្ទុះឡើងនៅក្នុងប្រទេសកុងហ្គោ បណ្តាលឲ្យមានអ្នកស្លាប់ ២៣ នាក់ហើយ។
មន្ត្រីសុខាភិបាល នៃសាធារណរដ្ឋ ប្រជាធិបតេយ្យកុងហ្គោបានឱ្យដឹងថា ជំងឺ អេបូឡា (Ebola) បាននិងកំពុងរាតត្បាត ជាថ្មី ចេញពីតំបន់ជនបទទៅកាន់ទីក្រុង មួយ ដែលបណ្ដាលឱ្យមានការព្រួយ បារម្ភថា វានឹងពិបាកគ្រប់គ្រង ខណៈ មនុស្ស ២៣នាក់ ទៅហើយត្រូវបានគេរាយ ការណ៍ថា បានស្លាប់។
យោងតាមរដ្ឋមន្ត្រីសុខាភិបាលកុងហ្គោ លោក អូលី អុីឡាំងហ្គា កាឡេងហ្គា (Oly Ilunga Kalenga) បានបញ្ជា់ថា ករណីឆ្លងនៃវីរុស Ebola ត្រូវបានគេរក ឃើញនៅក្នុងទីក្រុងអឹមបានដាកា (Mban daka) ជាទីក្រុងមួយមានមនុស្សជាងមួយលាននាក់រស់នៅ និងស្ថិតនៅចម្ងាយ ១៣០ គីឡូម៉ែត្រ ពីតំបន់ជនបទមួយដែលករណីផ្ទុះឡើងវិញនៃវីរុសដ៏ប្រល័យនេះ ត្រូវបានគេរាយការណ៍កាលពីដើមខែឧសភា។
បន្ថែមពីលើនេះ លោក Oly Ilunga ក៏បានអះអាងដែរថា មនុស្ស៤២នាក់ បាន ឆ្លងវីរុស Ebola ហើយ ២៣នាក់ ត្រូវគេ អះអាងថា បានស្លាប់។ ចំណែកឯក្រុម អង្គការសុខភាពពិភពលោក (WHO) បានបញ្ជូនកញ្ចប់ថ្នាំពេទ្យ និងវ៉ាក់សាំង ច្រើនជាង ៤,០០០កញ្ចប់ ទៅកាន់អាជ្ញា ធរកុងហ្គោ មុននឹងកញ្ចប់ដទៃនឹងត្រូវបញ្ជូនក្នុងពេលឆាប់ៗនេះ។
គួររំលឹកថា វីរុស Ebola បានផ្ដាច់យក អាយុជីវិតមនុស្ស ១១,៣០០នាក់ នៅ ក្នុងប្រទេសហ្គីនៀលីបេរីយ៉ា និងសៀរ៉ាឡេ អូន កាលពីចន្លោះឆ្នាំ២០១៤ និង២០១៦៕ ម៉ែវ សាធី