ព័ត៌មានទាន់ហេតុការណ៍៖

លោកពូទីនអាចជួយសង្គ្រោះកិច្ចព្រមព្រៀងបរមាណូជាមួយប្រទេសកូរ៉េខាងជើង ប្រសិនបើលោកត្រាំបរាជ័យ

ចែករំលែក៖

ទីប្រឹក្សាមួយចំនួនរបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ កំពុងតែ បំផ្លាញ ដល់គម្រោងជំនួប ជាប្រវត្តិសាស្ត្រ រវាងអាមេរិកនឹងកូរ៉េខាងជើង ។ក្រុមអ្នក វិភាគបានវាយតម្លៃថា រុស្ស៊ីអាចទទួលបានផលប្រយោជន៍ជាច្រើនពីសកម្មភាពខាងលើ ក្នុងនោះមានការជួយឲ្យមានកិច្ចព្រមព្រៀងបរមាណូជាមួយកូរ៉េខាងជើង បើ លោកត្រាំបរាជ័យនោះ។

ជំនួបកំពូលរវាងអាមេរិកនឹងកូរ៉េខាងជើង កំពុងប្រឈមនឹងការបែកបាក់ ក្រោយពេលទីក្រុងព្យុងយ៉ាងខឹងសម្បាយ៉ាងខ្លាំង ដោយសារតែមន្ត្រីអាមេរិក បាន វិភាគពីរូបមន្តព្រមព្រៀងបរមាណូជាមួយលីប៊ី មក អនុវត្តជាមួយកូរ៉េខាងជើង ។ការលើក ឡើងបែបនោះរបស់ទីព្រឹប្សាសន្តិសុខជាតិ John Bolton ត្រូវបាន កូរ៉េខាងជើងគំរាមលុបចោលកិច្ចពិភាក្សានាថ្ងៃទី១២ខែមិថុនាខាងមុខ នៅប្រទេសសិង្ហបុរី។

រដ្ឋលេខាធិការក្រសួងការបរទេសកូរ៉េខាងជើង លោក Kim Kye Gwan បាន បញ្ជាក់ថា«ពិភពលោកបានដឹងយ៉ាងច្បាស់ថាប្រទេសរបស់យើងមិនមែនជាលីប៊ីនិងអីុរ៉ាក់នោះឡើយ ដែលមានជោគវាសនា អាក្រក់ ក្រោយកិច្ចព្រមព្រៀងបោះបង់ បរមាណូនោះ»។

ក្រុមអ្នកវិភាគបានលើកឡើងថា រុស្ស៊ីអាចជួយដល់កិច្ចព្រមព្រៀងបរមាណូជា មួយកូរ៉េខាងជើង ដោយប្រែក្លាយកិច្ចព្រមព្រៀងទៅជាកិច្ចព្រមព្រៀងពហុភាគីវិញ ។ លោកDmitry Abzalov ប្រធានមជ្ឈ មណ្ឌល យុទ្ធសាស្ត្រ រុស្ស៊ីបានបញ្ជាក់ថា ប្រសិនបើទីក្រុងព្យុងយ៉ាងមានមន្ទិល សង្ស័យ លើទីក្រុងវ៉ាសីុនតោននោះ តួនាទី របស់អាមេរិក នៅក្នុងការពិភាក្សាលុបបំបាត់បរមាណូ នៅឧបទ្វីបកូរ៉េនឹងត្រូវថយចុះ។ នៅពេលនោះមានតែរុស្ស៊ី ឬចិនទេដែលអាចធ្វើឲ្យកូរ៉េខាងជើងទុកចិត្តបាន។

នៅពេលនោះរុស្ស៊ីអាចធ្វើសកម្មភាព ដូចជាអាជ្ញាកណ្តាល រួមជាមួយកូរ៉េខាង ត្បូង ជប៉ុន ចិន ដើម្បីស្រោចស្រង់ជួយឲ្យមានកិច្ចព្រមព្រៀងនិងសន្តិភាពនៅឧបទ្វីបកូរ៉េ ។ នៅពេលនោះនឹងមានកិច្ចពិភាក្សាពហុភាគី មិនមែនទ្វេភាគីឡើយ។

ចំណែករដ្ឋាភិបាលចិនវិញ ក្រោយពី កូរ៉េខាងជើងគំរាមដកខ្លួនចេញពីជំនួបកំពូលជាមួយអាមេរិកនោះ ក្រសួងការបរទេស ចិន បានចេញសេចក្តីប្រកាសថា ភាគីទាំងពីរគួរតែកសាងទំនុកចិត្តគ្នាទៅវិញទៅមក និងខិតខំជំរុញ ឲ្យមានកិច្ចព្រមព្រៀងលុបបំបាត់អាវុធបរមាណូ នាំមកនូវសន្តិភាពស្ថិរភាពយូរអង្វែងនៅក្នុងតំបន់។

ក្នុងពេលជាមួយគ្នានេះសារព័ត៌មាន ជប៉ុន Mainichi Shimbun បានផ្សាយថា ប្រធានាធិបតីចិន ស៊ី ជីនពីង អាចនឹងធ្វើ ដំណើរទៅកាន់ប្រទេសសិង្ហបុរីដើម្បីចូល រួមកិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើង ។ ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសចិន បដិសេធធ្វើអត្ថាធិប្បាយ នូវព័ត៌មានខាង លើ។

ក្រុមអ្នកវិភាគបានលើកឡើងថា ចិនមិនទុកឲ្យកូរ៉េខាងជើងចាញ់ប្រៀបអាមេរិក នៅក្នុងកិច្ចព្រមព្រៀងបរមាណូនោះឡើយ ដោយចិននឹងការពារកូរ៉េខាងជើងឲ្យមានសុវត្ថិភាពនាពេលអនាគត។

ដោយឡែកអាមេរិកវិញ បានធ្វើឲ្យ ប្រទេសនៅជុំវិញពិភពលោកបាត់បង់ទំនុកចិត្តលើខ្លួន តាមរយៈកិច្ចព្រមព្រៀងបរមាណូជាមួយអីុរ៉ាក់និងលីប៊ី ហើយពេលនេះបានដកកិច្ចព្រមព្រៀងបរមាណូ ជាមួយអីុរ៉ង់ ទៀតផង ។ទាំងនោះហើយ ទើបអាមេរិក ពិបាកនៅក្នុងការព្រមព្រៀងជាមួយកូរ៉េខាងជើង ឲ្យនាំយកអាវុធទាំងអស់ចេញទៅក្រៅប្រទេស ដោយខ្លាចអាមេរិកដកកិច្ច ព្រមព្រៀងដូចជាមួយអីុរ៉ង់នោះ ។

រដ្ឋាភិបាលចិនបានចេញមុខមកបន្ធូរ បន្ថយស្ថានការណ៍តានតឹងឡើងវិញ ក្រោយ ពីលោក ដូណាល់ ត្រាំ ប្រើប្រាស់អតីត កាលនៃរបបដឹកនាំលីប៊ី ដែលបានដួល រលំកាលពី៧ឆ្នាំមុន មកគំរាមលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងឲ្យបោះបង់អាវុធនុយក្លេអ៊ែរចោលទាំងស្រុងនោះ។

ជុំវិញបញ្ហាខាងលើ អ្នកនាំពាក្យក្រសួង ការបរទេសចិន លោក លូ កាង បានបញ្ជាក់ នៅថ្ងៃសុក្រមុននេះថា «ប្រទេសចិននឹងបន្តជំរុញឲ្យសហរដ្ឋអាមេរិក និងកូរ៉េខាង ជើង កសាងទំនុកចិត្តរវាងគ្នានឹងគ្នា ហើយខំប្រឹងប្រែងក្នុងការលើកស្ទួយដំណោះស្រាយនយោបាយ ទៅលើបញ្ហាក្នុងតំបន់ឧបទ្វីបកូរ៉េ។ ចិនសង្ឃឹមថា សហរដ្ឋអាមេ រិកនឹងយកចិត្តទុកដាក់ក្នុងការដោះស្រាយការព្រួយបារម្ភផ្នែកសន្តិសុខរបស់កូរ៉េខាងជើង»។

លោក ដូណាល់ ត្រាំ បាននិយាយថា បើសិនការទូតមិនបានទទួលជោគជ័យទេ លោក គីម ជុងអ៊ុន អាចនឹងមានជោគវាសនាឈឺចាប់ដូចគ្នាទៅនឹងលោក ហ្គាដាហ្វុី ដែលត្រូវបានក្រុមឧទ្ទាមគាំទ្រដោយសហរដ្ឋអាមេរិកទម្លាក់ពីអំណាច និងសម្លាប់ ចោលកាលពីឆ្នាំ២០១១។

ដោយឡែកមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ក៏បានបញ្ជាក់ផងដែរថា ការណ៍ ដែលប្រទេសនិងមេដឹកនាំទាំងនោះត្រូវ រលាយ ដោយសារតែ មិនបានសម្រេច គោលដៅ បង្កើត «ដាវទិព្វ» បរមាណូ ក្នុង ការការពារខ្លួន ។ ទាំងនោះហើយធ្វើឲ្យ លោកខាងលិច ងាយស្រួលនៅក្នុងការ វាយប្រហារ ដោយសារតែប្រទេសទាំងនោះគ្មានអាវុធតបតវិញ ៕ ម៉ែវ សាធី


ចែករំលែក៖