ព័ត៌មានទាន់ហេតុការណ៍៖

ប៉ាឡេស្ទីនអំពាវនាវដល់សម្ព័ន្ធអារ៉ាប់កាត់ផ្តាច់ទំនាក់ទំនងជាមួយប្រទេសដែលប្តូរស្ថានទូតទៅកាន់ហ្ស៊េរុយសាឡឹម

ចែករំលែក៖

នៅថ្ងៃទី ២២ខែឧសភា មន្ត្រីជាន់ខ្ពស់ នៅសភាប៉ាឡេស្ទីន ឈ្មោះ Saeb Erekat បានអំពាវនាវដល់បណ្តាប្រទេសសម្ព័ន្ធអារ៉ាប់ កាត់ផ្តាច់ទំនាក់ទំនងជាមួយ ប្រទេស ដែលបានដើរតាមអាមេរិកប្តូរ ស្ថានទូតទៅកាន់តំបន់ហ្ស៊េរុយសាឡឹម ដោយខុសច្បាប់។

សារព័ត៌មាន Times Of Israel បាន ផ្សាយថា លោក Erekat បានបញ្ជាក់យ៉ាង ច្បាស់ថា ប៉ាឡេស្ទីនមានទំនាក់ទំនងជា មួយប្រទេសសម្ពន្ធមិត្ត ដើម្បីអនុវត្តនូវគោលនយោបាយការបរទេសមួយចំនួន ប្រឆាំង នឹងការប្តូរស្ថានទូត ទៅកាន់ហ្ស៊េរុយសា ឡឹម ដោយកន្លងមកមានប្រទេស ប៉ារ៉ា ហ្គាយ ហ្គេតេម៉ាឡា និងអាមេរិក។

លោក Erekat បញ្ជាក់ថា ប៉ាឡេស្ទីន បានអំពាវនាវដល់បណ្តាប្រទេសអារ៉ាប់ អនុវត្តទៅតាមការសម្រេចកន្លងមករបស់សម្ព័ន្ធអារ៉ាប់ នៅឆ្នាំ១៩៨០,១៩៩០និង ២០០០ ក្នុងនោះកាត់ផ្តាច់រាល់ទំនាក់ទំនង ជាមួយប្រទេសដែលបាន ប្តូរស្ថានទូតទៅកាន់ហ្ស៊េរុយសាឡឹម ឬក៏ទទួលស្គាល់តំបន់ហ្ស៊េរុយសាឡឹមជារដ្ឋធានីរបស់អុីស្រាអែល បណ្តាប្រទេស អារ៉ាប់ ជាច្រើនលើក បានព្រមាន កាត់ផ្តាច់ទំនាក់ទំនងការបរទេស ដល់ប្រទេសណាមួយដែលបានទទួល សា្គល់តំបន់ហ្ស៊េរុយសាឡឹម ។ គោលជំហរបែបនេះគឺមាននៅក្នុងសេចក្តីសម្រេច របស់សម្ព័ន្ធអារ៉ាប់។

លោក Erekat ក៏បានថ្កោលទោសដល់រដ្ឋាភិបាលរបស់ប្រធានាធិបតី ប៉ារ៉ាហ្គាយ លោក Horacio Cartes ដែលបានសម្រេច ប្តូរស្ថានទូតរបស់ខ្លួនទៅកាន់ហ្ស៊េរុយសាឡឹម។តំបន់ហ្ស៊េរុយសាឡឹមគឺជាទីតាំង ដែល បង្ក ឲ្យមានវិវាទរវាងអីុស្រាអែលនឹងប៉ាឡេស្ទីនជាច្រើនទសវត្សកន្លងមក ហើយក្រោយ សង្គ្រាមឆ្នាំ១៩៦៧។ ក្រោយមកតំបន់នេះត្រូវបានដាក់ចូលក្នុងការគ្រប់គ្រងរបស់អីុស្រាអែល ។

សហគមន៍អន្តរជាតិ មិនបានទទួល ស្គាល់ទីក្រុងហ្ស៊េរុយសាឡឹមជារដ្ឋធានី របស់អីុស្រាអែលនោះឡើយ ។ ពលរដ្ឋប៉ា ឡេស្ទីនបានចាត់ទុក ជារដ្ឋធានីរបស់ខ្លួន ផងដែរ។ បាតុកម្មបានកើតឡើង ជាទ្រង់ ទ្រាយធំ នៅតំបន់ព្រំដែនអីុស្រាអែល-ហ្គា ហ្សា ហើយកម្លាំងទាហានអីុស្រាអែល បានបាញ់គ្រាប់ពិត ទៅលើបាតុករប៉ាឡេស្ទីនបណ្តាលឲ្យមានអ្នកស្លាប់និងរបួសរាប់ពាន់នាក់។

អាមេរិក ជាប្រទេសគោរពសិទ្ធិមនុស្សហើយតែងតែថ្កោលទោសដល់សកម្មភាពប្រើហិង្សាទៅលើបាតុករ អហិង្សានៅជុំវិញ ពិភពលោក ។ប៉ុន្តែពេលនេះ អាមេរិក មិនត្រឹមតែមិនថ្កោលទោសនោះឡើយថែមទាំង រារាំងអង្គការអន្តរជាតិទៅស្រាវជ្រាវពីការសម្លាប់ ពលរដ្ឋស្លូតត្រង់ពីកម្លាំងទាហានអីុស្រាអែលថែមទៀត។

ប៉ាឡេស្ទីន បានចោទប្រកាន់អាមេរិកនិងអីុស្រាអែល បានរួមដៃគ្នា ប្រព្រឹត្ត ឧក្រិដ្ឋ កម្មប្រឆាំងពលរដ្ឋប៉ាឡេស្ទីន ។

ពាក់ព័ន្ធនឹងស្ថានភាពហិង្សា របស់ កម្លាំងទាហានអុីស្រាអែល ទៅលើ ពល រដ្ឋប៉ាឡេស្ទីននៅហ្គាហ្សា ប្រទេសអ៊ិស្លាម បានជំរុញឲ្យមាន កម្លាំងអន្តរជាតិការពារ ពលរដ្ឋប៉ាឡេស្ទីន ។ នេះជាកន្លែងរបស់ ប្រធានាធិបតីទួរគី លោក អ៊ែរដូហ្គាន នៅក្នុងសន្និសីទសារព័ត៌មានមួយនៅចុងបញ្ចប់នៃកិច្ចប្រជុំវិសាមញ្ញរបស់អង្គការសហ ប្រតិបត្តិការ អ៊ិស្លាម (OIC) នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០១៨។

ក្រុមមេដឹកនាំជាន់ខ្ពស់ប្រទេសអ៊ិស្លាមបានជួបពិភាក្សាគ្នា នៅក្នុងទីក្រុង អុីស្តង់ ប៊ុល ប្រទេសទួរគី កាលពីថ្ងៃសុក្រ ដើម្បី ជំរុញឱ្យមានការការពារប្រជាជនប៉ាឡេ ស្ទីន តាមរយៈការបង្កើតឲ្យមានកងកម្លាំងអន្តរជាតិមួយ។ កិច្ចប្រជុំកំពូលនេះ ត្រូវ បានប្រារព្ឋធ្វើ នៅតែប៉ុន្មានថ្ងៃក្រោយពី ប្រធានាធិបតីទួរគី លោកអ៊ែរដូហ្កានថ្លែង ឲ្យមានការសាមគ្គីគ្នា រវាងប្រទេសអ៊ិស្លាម ក្នុងការការពារប្រជាជនប៉ាឡេស្ទីន ពីការវាយប្រហារដោយប្រទេសអុីស្រាអែល។

អង្គការសហប្រតិបត្ដិការអ៊ិស្លាមហៅកាត់ថា OIC ដែលមានសមាជិកចំនួន៥៧ ប្រទេស បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ក្រោយពេលដែលប្រជាជនប៉ាឡេស្ទីនចំនួន ៦០នាក់បានស្លាប់ ដោយសារការ បាញ់កាំភ្លើងពីសំណាក់ទាហានអុីស្រាអែលនៅតំបន់ហ្គាហ្សា កាលពីថ្ងៃចន្ទដើមសប្តាហ៍ នេះ។

ថ្លែងនៅឯពិធីបើកកិច្ចប្រជុំកំពូលនេះ ប្រធានាធិបតីទួរគីលោកអ៊ែរ ដូហ្កាន បានប្រៀបប្រដូចទង្វើរបស់អុីស្រាអែលនេះ ទៅនឹងការធ្វើទុក្ខបុកម្នេញរបស់ពួកណាហ្ស៊ីជ្រុលនិយមអាល្លឺម៉ង់ ដែលបាន សម្លាប់ពួកជ្វីហ្វ យ៉ាងរង្គាលក្នុងអំឡុង សង្គ្រាមលោកលើកទី២។

ទាក់ទងរឿងនេះដែរ នាយករដ្ឋមន្ត្រី ប៉ាឡេស្ទីនលោក Rami Hamdallah បាន និយាយនៅក្នុងជំនួបកំពូលនេះថា សហ រដ្ឋអាមេរិក កំពុងព្យាយាមបង្កជម្លោះ សាសនានៅក្នុងតំបន់តាមរយៈការផ្លាស់ ប្តូរស្ថានទូតរបស់ខ្លួន ទៅកាន់ក្រុងហ្សេ៊ រុយសាឡឹម។

ទោះជាយ៉ាងណាក្តី ក្រុមប្រទេសសមាជិកអង្គការសហប្រតិបត្ដិការអ៊ិស្លាម នៅ មិនទាន់រួបរួមគ្នាបានល្អនៅឡើយក្នុងការដោះស្រាយទុក្ខវេទនា ដែលប្រជាជនប៉ា ឡេស្ទីនជួបប្រទះ។ ហេតុផលនៅពីក្រោយ នេះ ក៏ព្រោះតែប្រទេសសមាជិកអង្គការ សហប្រតិបត្ដិការអ៊ិស្លាម ដែលជាតួអង្គ សំខាន់ៗ មានជម្លោះរវាងគ្នានឹងគ្នា។ តួយ៉ាងភាពមិនចុះសម្រុងគ្នារវាងក្រុមកាន់និកាយ ស៊ីអុីតអុីរ៉ង់ ជាមួយប្រទេសអារ៉ាប៊ី សាអ៊ូឌីត ដែលកាន់និកាយសាន់នីត ហើយបញ្ហានេះតែងតែបង្កឱ្យមានភាព ស្មុគស្មាញក្នុងការអនុម័តវិធានការណា មួយតបតទៅកាន់ប្រទេសអុីស្រាអែល នៅពេលវាយប្រហារប្រជាជនប៉ាឡេស្ទីន ម្តងៗ។

គួរបញ្ជាក់ជូនថា នេះជាកិច្ចប្រជុំលើកទី ២ហើយ របស់អង្គការរប្រទេសអ៊ិស្លាម OIC។ ជំនួបលើកទី១ បានធ្វើឡើងកាល ពីចុងខែធ្នូ ឆ្នាំ២០១៧ ដើម្បីថ្កោលទោសការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានទទួលស្គាល់ក្រុងហ្សេ៊រុយសាឡឹម ថាជារដ្ឋធានី នៃប្រទេសអុីស្រាអែល៕ ម៉ែវ សាធី

ឈ្មោះ Saeb Erekat បានអំពាវនាវដល់បណ្តាប្រទេសសម្ព័ន្ធអារ៉ាប់ កាត់ផ្តាច់ទំនាក់ទំនងជាមួយ ប្រទេស ដែលបានដើរតាមអាមេរិក


ចែករំលែក៖