ព័ត៌មានទាន់ហេតុការណ៍៖

ជំនួបរវាងលោកត្រាំនឹងលោកគីមជុងអ៊ុនប្រឈមនឹងការលុបចោលដោយសារតែការគំរាមគ្នាទៅវិញទៅមក

ចែករំលែក៖

កន្លងមកមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន បានគំរាមលុបចោលគម្រោងជំនួបពិភាក្សាជាមួយប្រធានាធិបតីដូណាល់ ត្រាំ ដោយសារតែ ការវិភាគរបស់មន្ត្រីជាន់ខ្ពស់អាមេរិក និង ការបន្តធ្វើសមយុទ្ធរវាង អាមេរិក នឹងកូរ៉េខាងត្បូង ។

នៅពេលនេះដែរ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំបានព្រមានវិញម្តង ពីការលុបចោលជំនួបកំពូលជាប្រវត្តិសាស្ត្រ ដោយសារតែសកម្មភាពរបស់ លោកគីម ជុងអ៊ុន ដែលអាមេរិកចាត់ទុកថាកំពុងតែលេងសើចជាមួយអាមេរិក ។ កន្លងមក អាមេរិកក៏បានព្រមានថា នឹង ប្រើប្រាស់ កម្លាំងយោធា ដើម្បីលុបបំបាត់បរមាណូ របស់កូរ៉េខាងជើង នៅពេលដែលកិច្ចពិភាក្សាការទូតបរាជ័យ។

សកម្មភាពរបស់មេដឹកនាំកូរ៉េខាងជើង និងអាមេរិក នាពេលកន្លងមកនេះបានធ្វើឲ្យភាពស្និទ្ធស្នាលមានត្រឹមតែរយៈពេលខ្លី ត្រូវបាត់បង់ទៅវិញ។ ការគំរាម នាពេលនេះមិនខុសអ្វីការការគំរាមវាយប្រហារ ដោយបរមាណូរបស់កូរ៉េខាងជើង ទៅ លើកោះហាវៃ៉ និងការគំរាមវាយប្រហាររបស់អាមេរិកទៅលើទីតាំងបរមាណូរបស់កូរ៉េខាងជើងនោះទេ។

សហគមន៍អន្តរជាតិបង្ហាញក្តីព្រួយ បារម្ភយ៉ាងខ្លាំង ក្រោយពេលដែលកូរ៉េ ខាងជើង និងអាមេរិក បានព្រមានគ្នាទៅ វិញទៅមកធ្វើឲ្យក្តីសង្ឃឹមរបស់ពលរដ្ឋ ប្រទេសទាំងពីរ ក៏ដូចជាពលរដ្ឋនៅក្នុងតំបន់ពីសន្តិភាពត្រូវបាត់បង់។

ជាក់ស្ដែងអនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ផែន (Mike Pence) នៅថ្ងៃ ចន្ទសប្ដាហ៍នេះ បានចេញមុខជំនួសឲ្យ លោក ដូណាល់ ត្រាំ ធ្វើការព្រមានចំៗលើមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កុំឱ្យលេងសើចជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ។

លោក Mike Pence ធ្វើការកត់សម្គាល់ បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ Fox News។ នាឱកាស នោះ លោកអនុប្រធានាធិបតីអាមេរិក បាន គូសបញ្ជាក់យ៉ាងដូច្នេះថា «វាគ្មានបញ្ហាអ្វី នោះទេបើលោក ដូណាល់ ត្រាំ មានបំណង ដើរចេញពីកិច្ចពិភាក្សា ដែលគ្រោងនឹងធ្វើឡើងនៅប្រទេសសិង្ហបុរី ហើយខ្ញុំមិនគិត ឡើយថា លោកប្រធានាធិបតី ត្រាំ កំពុង គិតពីទំនាក់ទំនងសាធារណៈ តែគាត់ កំពុងគិតពីសន្តិភាព ដូច្នេះវានិងក្លាយជា កំហុសមួយដ៏ធំសម្រាប់លោក គីម ជុងអ៊ុន ដែលគិតថា គាត់អាចលេងជាមួយលោក ប្រធានាធិបតី ត្រាំ»។

គួររំលឹកថា កូរ៉េខាងជើងកាលពី សប្ដាហ៍មុន បានព្រមានលុបចោលជំនួប កំពូលរវាងលោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ ដែលគ្រោងនឹងធ្វើឡើងក្នុងប្រទេសសិង្ហបុរី នៅថ្ងៃទី១២ ខែមិថុនា ខាងមុខនេះ។ ការព្រមាននេះ កើតមាន ឡើងក្រោយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងនៅតែបន្តធ្វើសមយុទ្ធយោធា ហើយ លើសពីនេះទៅទៀត ការប្រៀបធៀបគំរូលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលីប៊ីអាចប្រើជាថ្មីនៅកូរ៉េខាងជើង របស់ទីប្រឹក្សា សន្តិសុខជាតិអាមេរិក លោក ចន បូលតុន (John Bolton) កាន់តែធ្វើឱ្យទីក្រុងព្យុងយ៉ាងខឹងសម្បា៕ ម៉ែវ សាធី


ចែករំលែក៖