យ៉ាងហោចណាស់ក៏មានមនុស្សដល់ទៅ៦៥នាក់ស្លាប់ និងរាប់សិបនាក់ផ្សេងទៀតដួលសន្លប់ដោយសារតែ រលកកម្តៅ ក្តៅខ្លាំង លើសពីធម្មតា។ បច្ចុប្បន្ននៅ ទីក្រុងកំពង់ផែការ៉ាជី មានសីតុណ្ហភាព កើនឡើងរហូតដល់ទៅ ៤៤អង្សាសេ ។
ពលរដ្ឋនៅទីក្រុង ការ៉ាជី ជាទីក្រុង ធំ បំផុតរបស់ប៉ាគីស្ថាន ក្រៅពីប្រឈមនឹង កម្តៅខ្លាំង ថែមទាំង ដាច់អគ្គិសនីទៀតផង ធ្វើឲ្យពលរដ្ឋត្រូវ ចេញពីក្រៅផ្ទះទៅរក កន្លែងត្រជាក់។
មូលនិធិ Edhi បានឲ្យដឹងថាចំនួនអ្នកស្លាប់កើនឡើងជាបន្តបន្ទាប់ ដោយសារតែអាកាសធាតុក្តៅខ្លាំងខុសប្រក្រតី។ អ្នកស្លាប់ជាច្រើនត្រូវបានបញ្ជូនទៅកាន់ កន្លែងទុកសាកសព ។ ក្រុមគ្រូពេទ្យ នៅ ទីក្រុងខាងលើបានឲ្យដឹងថា អ្នកស្លាប់ ភាគច្រើនដោយសារតែក្តៅខ្លាំង។
សីតុណ្ហភាពនៅទីក្រុងការ៉ាជីកើនកើនឡើងរហូតដល់ទៅ៤៤អង្សាសេ ។ អាកាសធាតុក្តៅខ្លាំងកើតឡើងក្នុងពេលដែល សាសនិកអ៊ិស្លាម ឈានចូលដល់ខែហូប បួស រ៉ាម៉ាឌ័រ អាចធ្វើឲ្យមនុស្សអស់កម្លាំងឈានដល់ការស្លាប់ ។
កាលពីឆ្នាំ២០១៥នៅទីក្រុងការ៉ាជី ក៏មានអាកាសធាតុក្តៅខ្លាំងជាប្រវត្តិសាស្ត្រ សម្លាប់មនុស្ស រហូតដល់ទៅ១.២០០នាក់ ។
អ្នកឯកទេសស្តីពីអាកាសធាតុលោក Eric Holthaus បានប្រកាសឲ្យដឹងថា ក្នុង រយៈពេល១ឆ្នាំកន្លងមកសីតុណ្ហភាព នៅ លើពិភពលោក កើនឡើង២៥ភាគរយ គឺ ស្មើនឹងកម្រិតកើនឡើងសរុបនៃ៤០ឆ្នាំ កន្លងមក៕ ម៉ែវ សាធី