ព័ត៌មានទាន់ហេតុការណ៍៖

ប៉ូលិសនឹងស៊ើបអង្កេតលើការគំរាមសម្លាប់អ្នកចាំទីរបស់ក្លិប Liverpool

ចែករំលែក៖

ប៉ូលិសរបស់ទីក្រុង Liverpool របស់អង់គ្លេសបានបញ្ជាក់ថា ពួកគេនឹងស៊ើបអង្កេតលើរាល់ទង្វើគំរាមសម្លាប់នៅលើប្រព័ន្ធអ៊ីនធើណេតទៅលើអ្នកចាំទី Loris Karius របស់ក្លិបហង្សក្រហម ក្រោយ វគ្គផ្ដាច់ព្រ័ត្រចប់ Champions League ។

អ្នកចាំទីវ័យ២៤ឆ្នាំ Loris Karius និងក្រុមគ្រួសារត្រូវបានក្លាយទៅជាទិសដៅនៃការគំរាម សម្លាប់ដោយសារតែ Loris Karius ធ្វើឲ្យមានកំហុសពីរដងនៅក្នុងការប្រកួត Champions League វគ្គផ្ដាច់ព្រ័ត្រ ដែលធ្វើឲ្យហង្សក្រហមចាញ់រហូតដល់ទៅ 3-1។

ប៉ូលិសបានរំឭកទៅកាន់អ្នកគាំទ្រក៏ដូចជាប្រជាជនទូទៅមិនត្រូវធ្វើការគំរាមទៅកាន់ Karius តាមបណ្ដាញសង្គម ឬប្រព័ន្ធទំនាក់ទំនងណាមួយឡើយ។ បើហ៊ានតែប្រព្រឹត្តនឹងមានការចាប់ខ្លួន។ ក្រោយបរាជ័យកាលពីចុងសប្ដាហ៍ អ្នកចាំទីសញ្ជាតិអាល្លឺម៉ង់បានលើកដៃសំពះទៅកាន់អ្នកគាំទ្រ Liverpool ចំពោះកំហុសរបស់ខ្លួន។

អ្នកគាំទ្រក្លិប Liverpool នៅតែមានអារម្មណ៍រីករាយខ្លាំងទោះបីក្រុមសំណព្វចិត្ត របស់ពួកគេរងបរាជ័យក្នុងវគ្គផ្ដាច់ព្រ័ត្រ Champions League ក្រោមថ្វីជើងក្រុមការពារជើងឯក Real Madrid ក៏ដោយ ខណៈអ្នកគាំទ្រខ្លះបានស្នើឱ្យក្លិបស្វែងរកទិញអ្នកចាំទីថ្មី ៕ ដេវីត


ចែករំលែក៖