ព័ត៌មានទាន់ហេតុការណ៍៖

ដំណក់ទឹកភ្នែកដ៏កម្ររបស់គីម ជុងអ៊ុន ដោយសារតែមិនអាចកែប្រែសេដ្ឋកិច្ចជាតិជួយដល់ពលរដ្ឋ

ចែករំលែក៖

«មនុស្សមីស៊ីល» (តាមការហៅរបស់លោកត្រាំ) មានភាពរឹងមាំយ៉ាងខ្លាំង មិនដែលស្រក់ទឹកភ្នែក នោះឡើយ ក្រោយការស្លាប់របស់ឪពុក គីម ជុងអ៊ីល ។ ប៉ុន្តែនៅពេលនេះ លោកគីម ជុងអ៊ុនបានស្រក់ទឹកភ្នែក ដោយសារតែពលរដ្ឋស្ថិតនៅក្រោមការដឹកនាំរបស់លោក មិនទាន់រួមផុតពីភាពក្រីក្រ មិនទាន់អាចកែទម្រង់ប្រព័ន្ធសេដ្ឋកិច្ចជាតិឲ្យបានល្អដូចការចង់បាន។

សារព័ត៌មាន Asahi Shimbun របស់ជប៉ុនបាននៅថ្ងៃទី ៣០ ខែឧសភា បានដកស្រង់សម្តី មន្ត្រីកូរ៉េខាងជើងដែលបានរត់ចេញពីប្រទេសបានឲ្យដឹងថា ឃ្លីបវីដីអូ ដែលបានចាក់ផ្សាយឲ្យមន្ត្រីជាន់ខ្ពស់ នៅក្នុងជួរដឹកនាំកូរ៉េខាងជើងបានឃើញពីការហូរទឹកភ្នែករបស់គីម ជុងអ៊ុនពាក់ព័ន្ធនឹងសេដ្ឋកិច្ចជាតិ។ ការចាក់ផ្សាយវីដីអូនោះ កើតឡើង មុនពេល កូរ៉េខាងជើងផ្ញើលិខិតទៅកាន់អាមេរិក ស្តីពីគោលបំណងចង់ជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ។

នៅក្នុងរូបភាពវីដីអូចាក់ផ្សាយដល់មន្ត្រីជាន់ខ្ពស់ បានឃើញ គឺលោកគីម ជុងអ៊ុន ឈរនៅឆ្នេរសមុទ្រ សម្លឹងឆ្ងាយហើយស្រក់ទឹកភ្នែក ។ ការដែលបញ្ចាំងពីរូបភាពរបស់មេដឹកនាំគីម ជុងអ៊ុន ទៅកាន់មន្ត្រីជាន់ខ្ពស់ គឺជាសារ ដើម្បីបង្ហាញឲ្យមន្ត្រីទាំងឡាយបានដឹង និងគាំទ្រដល់ការសម្រេចរបស់លោកគីម ជុងអ៊ុនក្នុងកិច្ចពិភាក្សាជាមួយអាមេរិក ជួយឲ្យកូរ៉េខាងជើងរួចផុតពីទណ្ឌកម្មសេដ្ឋកិច្ច ។

គីម ជុងអ៊ុន ចងឲ្យអាមេរិកយកប្រាក់មកវិនិយោគនៅកូរ៉េខាងជើង

មេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន ត្រូវបានគេដឹងថា មិនមានបំណងបោះបង់អាវុធបរមាណូ នោះឡើយ អ្វីដែលមេដឹកនាំទីក្រុងព្យុងយ៉ាងចង់បាននោះ គឺការវិនិយោគបរទេសចូលទៅទឹកដីកូរ៉េខាងជើង ពិសេសគឺអាមេរិក។

តាមរបាយការណ៍របស់ CIA របស់អាមេរិក បានផ្ញើទៅកាន់មន្ត្រីជាន់ខ្ពស់ អាមេរិកបានបញ្ជាក់ថា មេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន ចង់បានសកលភាវូបនីយកម្មក្នុងវិស័យសេដ្ឋកិច្ច តាមរយៈវិនិយោគបរទេស គាំទ្រ គម្រោងវិនិយោគផ្តាច់មុខបរទេសដូចជា បើកហាង Hamburger ជាដើម។

មន្ត្រីចារកិច្ចអាមេរិកមួយរូបបាននិយាយទៅកាន់សារព័ត៌មាន NBC news ថា «អ្នកណាក៏ដឹងថា កូរ៉េខាងជើងនឹងមិនបោះបង់អាវុធបរមាណូនោះឡើយ»។ កន្លងមកថ្មីៗ ទីប្រឹក្សាសន្តិសុខ របស់ប្រធានាធិបតីកូរ៉េខាងត្បូង ម៉ូន ជេអីន បានបញ្ជាក់ផងដែរថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ចង់ធ្វើឲ្យទំនើបកម្មលើវិស័យសេដ្ឋកិច្ច តាមរយៈការវិនិយោគបរទេស ដូចជាបើកហាង ផ្តាច់មុខ​ McDonald’s ឬកសាងសង់វិមាន ត្រាំ ជាដើម។

សាស្ត្រាចារ្យ Moon Chung in បានបញ្ជាក់នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន CNN ថា «កូរ៉េខាងជើងចង់ក្លាយជាប្រទេសធម្មតាដូចគេឯង ជារដ្ឋាភិបាលធម្មតា ដែលអាមេរិកទទួលស្គាល់ ។ កូរ៉េខាងជើង ចង់ឲ្យមានការវិនិយោគរបស់អាមេរិកទៅលើប្រទេសរបស់ខ្លួន ឬក៏ប្រទេសផ្សេងទៀតជុំវិញពិភពលោក»។

តាមរបាយការណ៍របស់CIA បានបានប្រកាសក្នុងពេលដែលអាមេរិក និងកូរ៉េខាងជើង នឹងជួបពិភាក្សាគ្នា នៅប្រទេសសឹង្ហបុរី នាថ្ងៃទី ១២ ខែមិថុនាខាងមុខ ដោយមានរបៀបវារៈគឺការលុបបំបាត់បរមាណូរបស់កូរ៉េខាងជើង។

បើទោះបីមានការមន្ទិលសង្ស័យពីចេតនាពិតរបស់កូរ៉េខាងជើង ប៉ុន្តែ ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បង្ហាញពីក្តីសង្ឃឹមនៅក្នុងជំនួបពិភាក្សានោះ ។ លោកត្រាំបញ្ជាក់ថា «យើងបានបញ្ជូនក្រុមមន្ត្រីជាន់ខ្ពស់ទៅពិភាក្សាជាមួយកូរ៉េខាងជើងស្តីពីជំនួបកំពូលនាពេលខាងមុខ» ៕ ម៉ែវ សាធី

 


ចែករំលែក៖