ព័ត៌មានទាន់ហេតុការណ៍៖

ជិម៉ូតូឌុបគ្នាយ៉ាងលឿនពេលមេឃកំពុងភ្លៀង ជ្រុលទៅបុករថយន្តឡិចស៊ីសLX570ចតស្ងៀម ពីក្រោយពេញទំហឹង បណ្ដាលឲ្យស្លាប់ម្នាក់របួសធ្ងន់ពីរនាក់

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់យ៉ាងអាណោចអធម៌នៅក្រោមតំណក់ភ្លៀង និងពីរនាក់ទៀតបានរងរបួសធ្ងន់ បន្ទាប់ពីបានជិះម៉ូតូមួយគ្រឿងឌុបគ្នាក្នុងល្បឿនលឿនមេឃកំពុងភ្លៀងបានបុករថយន្តឡិចស៊ីសLX570មួយគ្រឿងដែលចតស្ងៀមតាមចិញ្ចើមផ្លូវពីក្រោយពេញទំហឹង។

ហេតុការណ៍ដ៏រន្ធត់មួយនេះកើតឡើងកាល ពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅខាងលិចភោជនីយដ្ឋានជួបគ្នាសំលាញ់ប្រមាណជា៣០ម៉ែត្រ តាមបណ្តោយផ្លូវ៣១៥ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សពជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណនៅឡើងទេ ។ ចំណែកជនរងគ្រោះពីរនាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្រ្គោះភ្លាមៗផងដែល។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញយុវជនបីនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម១២៥ស៊េរី០១៦ ពណ៏ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GA-9800 ជិះម៉ូតូឌុបគ្នាក្នុងល្បឿនយ៉ាងលឿនទិសដៅពីជើងទៅត្បូង ខណៈពេលមេឃកំពុងធ្លាក់ភ្លៀង លុះមកដល់ចំណុចកើតហេតុខាងលើបានវាក់អើនិងរថយន្តមួយគ្រឿងម៉ាកឡិចស៊ីសLX570ពណ៏ខ្មៅពាក់ស្លាកលេខភ្នំពេញ2AO-8898ម្ចាស់ចតស្ងៀមតាមចិញ្ចើមផ្លូវស្របទិសដៅគ្នាពីជើងទៅត្បូង ក៏បុកពីក្រោយផ្នែកខាងឆ្វេងពេញទំហឹងបណ្តាលយុវជនម្នាក់អង្គុយនៅខាងក្រោយមិនពាក់មួកសុវត្ថភាពបោកក្បាលនិងថ្នល់ស្លាប់ភ្លាមៗនៅនិងកន្លែងចំណែកអ្នកបើកនិងអ្នកអង្គុយនៅចំកណ្តាលបានពាក់មួកសុវត្ថភាពបានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទិកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ ដោយឡែកសពជនងគ្រោះសមត្ថកិច្ចបានដឹកយកមកតម្កល់ទុកនៅវត្តទឹកថ្លារងចាំប្រគល់ជូនចាស់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស តារា


ចែករំលែក៖