ព័ត៌មានទាន់ហេតុការណ៍៖

ហ៊ានណាស់! ឆក់ទូរស័ព្ទដៃអ្នកបើករថយន្តបានសម្រេច ត្រូវជនរងគ្រោះបើកតាមបំបុកដួលម៉ូតូ ឃាត់ខ្លួនបានទាំង២នាក់

ចែករំលែក៖

ភ្នំពេញ៖ ចោរឆក់ទូរស័ព្ទដៃ២នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទជនរងគ្រោះកំពុងតែបើករថយន្តតាមផ្លូវបានសម្រេចហើយព្យាយាមជិះរត់គេចខ្លួន ភ្លាមនោះជនរងគ្រោះក៏បើករថយន្តដេញតាមពីក្រោយជនសង្ស័យរួចបំបុកម៉ូតូរបស់ជនសង្ស័យដួលម៉ូតូ បណ្ដាលឲ្យម្នាក់បាក់ជើងខាងឆ្វេងនិងម្នាក់ទៀតរងរបួសស្រាល ។

ករណីឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះ បានធ្វើឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ដែលប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៥៩ ផ្លូវ លេខ៦០៦ កែងផ្លូវលេខ៣១៣ ក្រុម ទី៣៨ ភូមិ៨ សង្កាត់បឹងកក់ ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ពីបទ លួច មានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ )ដោយជនសង្ស័យទី១-ឈ្មោះ វ៉ែន ប៉ានលី ហៅ ទូ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវ រថភ្លើង សង្កាត់ឬស្សីកែវ រាជធានីភ្នំពេញ (រងរបួសបាក់ភ្លៅខាងឆ្វេងកំពុងសំរាក ព្យាបាល នៅមន្ទីរពេទ្យព្រះកុសុមៈ ) ។ និងទី២-ឈ្មោះ ឡែត ពន្លក ហៅ ខ្មៅ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅពុំពិតប្រាកដ ។ វត្ថុតាងចាប់យកមាន៖ ម៉ូតូមួយគ្រឿងម៉ាក Super CVT ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FH-4045 ដែលមានលេខតួនិងលេខម៉ាស៊ីន 400495 ; សោរទីបលេខ៨ សំប៉ែតកែច្នៃសំរាប់កាច់កម៉ូតូចំនួន០១ (ចាប់យកពីឈ្មោះ ឡែតពន្លក ហៅ ខ្មៅ ) ។ចំណែកជនរងគ្រោះពុំស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ ជនជាតិខ្មែរ (ក្រោយកើតហេតុពុំបាន ដាក់ពាក្យបណ្ដឹងទេ បើកឡានចេញទៅបាត់)។

យោងតាមមន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌទួលគោក បានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះពុំស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល ៣០ឆ្នាំ ជនជាតិខ្មែរ បាន បើករថយន្តមួយគ្រឿងម៉ាក COROLA ពណ៌ទឹកមាស ពុំច្បាស់ស្លាកលេខ តាមបណ្ដោយផ្លូវលេខ៦០៦ លុះពេលមកដល់ចំណុចផ្លូវលេខ៦០៦ កែង៣១៣ ក្រុម ទី៣៨ ភូមិ៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពេលនោះជនរងគ្រោះបានយកទូរស័ព្ទ ដៃមកនិយាយបណ្ដើរ បើករថយន្តបណ្ដើរ ។

លុះបើកមកដល់ចំណុចកើតហេតុ ស្រាប់តែភ្លាមនោះក៏លេចមុខជនសង្ស័យ២នាក់ ឈ្មោះ វ៉ែន ប៉ានលី ហៅ ទូ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ និងជនសង្ស័យឈ្មោះ ឡែត ពន្លក ហៅ ខ្មៅ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ បានជិះម៉ូតូមួយគ្រឿងម៉ាក Super CVT ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FH-4045 បានមកពីក្រោយជនរងគ្រោះ ដោយជនសង្ស័យឈ្មោះ វ៉ែន ប៉ានលី ជាអ្នកបើកម៉ូតូ ចំណែកឈ្មោះ ឡែត ពន្លក ហៅ ខ្មៅ ជាអ្នកជិះពីខាងក្រោយ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីដៃរបស់ជនរងគ្រោះ បានសម្រេចតែម្តង ។

ប្រភពដដែរបន្តទៀតថា ភ្លាមនោះជនរងគ្រោះក៏បើកឡានតាមពីក្រោយជនសង្ស័យរួចដេញបំបុកម៉ូតូរបស់ជនសង្ស័យទាំងពីរនាក់ បណ្ដាលឲ្យដួលម៉ូតូ បណ្ដាលឲ្យបាក់ជើងខាងឆ្វេងរបស់ជនសង្ស័យឈ្មោះ វ៉ែន ប៉ានលី ភ្លាមនោះជនរងគ្រោះពុំស្គាល់អត្តសញ្ញាណ បានមកយកទូរស័ព្ទពីដៃជនសង្ស័យទាំងពីរ នាក់ យកទៅវិញ រួចបើករថយន្តចាកចេញទៅបាត់ ដោយពុំបាន ដាក់ពាក្យបណ្ដឹងទេ ។ ចំណែកជនសង្ស័យទាំងពីរក៏ត្រូវប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ ជួយឃាត់ខ្លួន យកមកប្រគល់ឲ្យសមត្ថកិច្ចនគរបាល ប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២ ចាត់ការតាមផ្លូវច្បាប់តែម្ដង ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ខាងលើជនសង្ស័យឈ្មោះ វ៉ែន ប៉ាលី ហៅ ទូ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកជនសង្ស័យឈ្មោះ ឡែត ពន្លក ហៅ ខ្មៅ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីធ្វើការ សាកសួរ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕ស តារា


ចែករំលែក៖