ព័ត៌មានទាន់ហេតុការណ៍៖

អារ៉ាប៊ីសាអ៊ូឌីត ព្រួយបារម្ភក្រោយប្រទេសកាតារ ប្រកាសទិញប្រព័ន្ធមីស៊ីលការពារពីរុស្ស៊ី

ចែករំលែក៖

វិវាទរវាងអារ៉ាប៊ីសាអ៊ូឌីត និង កាតារ កាន់តែតានតឹងខ្លាំងឡើងៗ ក្រោយពេល រដ្ឋាភិបាលកាតារ ប្តេជ្ញាទិញកាំជ្រួចមីស៊ីល ការពារ S-400 ពីរុស្ស៊ី ដើម្បីការពារខ្លួន។ការសម្រេចទិញអាវុធខាងលើគឺជាសញ្ញាបង្ហាញយ៉ាងច្បាស់ថា កាតារ មានសមត្ថ ភាព ទាំងសេដ្ឋកិច្ចនិងយោធា មិនចាញ់ ប្រទេសជិតខាងនោះឡើយ។

ចាប់តាំងពីកាតារមានការប្រឈមមុខដាក់គ្នាជាមួយអារ៉ាប៊ីសាអ៊ូឌីត ប្រទេសនេះបានសម្រេចចំណាយប្រាក់ជាច្រើន ដើម្បីទិញអាវុធមកការពារខ្លួន។ ក្រៅពី ទិញប្រពន្ធខែលមីស៊ីលការពារ កន្លងមក កាតារក៏បានចំណាយប្រាក់ជាច្រើន ទិញ អាវុធពីលោកខាងលិច ក្នុងនោះមានយន្ត ហោះចម្បាំង ២៤គ្រឿង ពីប្រទេសអង់ គ្លេសប្រភេទ Typhoon។ កិច្ចព្រមព្រៀង ទិញអាវុធពីអង់គ្លេស មានតម្លៃរហូត ដល់ទៅ ជាង៨ពាន់លានដុល្លារ ។

ចំណែកអង់គ្លេសវិញបញ្ជាក់ថា ប្រទេស នេះជាអតិថិជនទិញយន្តហោះច្រើនបំផុតមិនធ្លាប់មានរយៈពេលជាង១ទសវត្សន៍កន្លងមក។ ក្រៅពីអង់គ្លេស កាតារក៏បានទិញយន្តហោះចម្បាំង១២គ្រឿងទៀតពីប្រទេស បារាំង ផងដែរដែល ជាប្រភេទយន្តហោះ Dassault ។

ពាក់ព័ន្ធនឹងការទិញ មីស៊ីលការពារ ពីរុស្ស៊ី ព្រះចៅសាល់ម៉ាន់របស់អារ៉ាប៊ីសាអ៊ូឌីត បានផ្ញើលិខិតមួយទៅកាន់លោក ប្រធានាធិបតីបារាំង សុំឲ្យបារាំងជួយធ្វើ អន្តរាគមន៍អូសទាញនិងពន្យល់មេដឹកនាំប្រទេសកាតារ កុំឲ្យទិញប្រព័ន្ធខែលមីស៊ីលការពារផ្លូវអាកាស ពីរុស្ស៊ីឲ្យសោះ។ ដែល ពុំនោះទេ អារ៉ាប៊ីសាអ៊ូឌីត នឹងបំផ្លាញប្រព័ន្ធ ខែលនោះចោល បើទោះបីជាត្រូវប្រើកម្លាំងយោធាទៅលើកាតារក៏ដោយ។

យោងតាមប្រភពចុះផ្សាយ ដោយសារព័ត៌មានដ៏ល្បីបំផុតរបស់បារាំង ឈ្មោះ Le Monde បានឲ្យដឹងថា ព្រះចៅសាល់ម៉ាន់ របស់អារ៉ាប៊ីសាអ៊ូឌីត បានផ្ញើលិខិតមួយទៅកាន់ប្រធានាធិបតីបារាំងដែល ក្នុង លិខិតនោះបានសរសេរថា អារ៉ាប៊ីសាអ៊ូឌីត មានការព្រួយបារម្ភណាស់ ទាក់ទិននឹង បំណងរបស់កាតារ ដែលចង់ទិញប្រព័ន្ធ ខែលមីស៊ីលរបស់រុស្ស៊ី។ ព្រះចៅសាល់ ម៉ាន់ បានលើកឡើង ក្នុងលិខិតនោះថា ក្នុងនាមបារាំង ជាដៃគូមានទំនាក់ទំនងនឹងកាតារត្រូវជួយពន្យល់កាតារ កុំឲ្យធ្វើ ដូច្នោះ។ បើសិនជាកាតារ នៅតែរឹងទទឹង ទិញប្រព័ន្ធខែលមីស៊ីលនេះ ពីរុស្ស៊ីមែន​នោះអារ៉ាប៊ីសាអ៊ូឌីត នឹងត្រៀមខ្លួនប្រើកម្លាំងយោធាទៅលើកាតារ។

ទោះជាយ៉ាងណាក្តីទីភ្នាក់ងារព័ត៌មានបារាំង AFP បានព្យាយាមទាក់ទងទៅ ក្រសួងការបរទេសបារាំង និងវិមានប្រធា នាធិបតីបារាំង ក៏ប៉ុន្តែពុំបានចម្លើយអ្វីទាំងអស់ ទាក់ទិននឹងលិខិត ដែលកាសែត Le Monde បានលើកឡើងនេះ។

សូមរំលឹកថា ប្រទេសកាតារ មានជម្លោះរកាំរកូសជាមួយនឹងអារ៉ាប៊ីសាអ៊ូឌីត មួយ ឆ្នាំមកហើយ។ អារ៉ាប៊ីសាអ៊ូឌីត បានចោទ ប្រកាន់កាតារ ថាមានទំនោរខិតទៅរកអុីរ៉ង់ ហើយបានចំណាយលុយទំនុកបម្រុងក្រុមភេរវកម្មមួយចំនួនទៀតផង។ កាលពីថ្ងៃ ទី៥ មិថុនា ឆ្នាំ២០១៧ អារ៉ាប៊ីសាអ៊ូឌីត អេហ្ស៊ីប បារ៉ែន យេម៉ែន និងអេមៀរ៉ាត អារ៉ាប់រួម បានព្រួតគ្នាផ្តាច់ចំណងការទូតជាមួយកាតារ និងបិទច្រកព្រំដែនទាំងអស់ ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។

ថ្វីដ្បិតតែមានការព្យាយាមចរចាគ្នា ក្តី ក៏ភាពរកាំរកូសនេះ នៅមិនទាន់ដោះ ស្រាយបាននៅឡើយ។ ចាប់តាំងពីដើមឆ្នាំ ២០១៨មក កាតារបានព្យាយាមធ្វើប្រតិ បត្តិការការទូត និងសេដ្ឋកិច្ច ដើម្បីងើប ខ្លួនចេញពីការគាបសង្កត់ របស់អារ៉ាប៊ី សាអ៊ូឌីត និងប្រទេសជុំវិញខ្លួន។ នៅខែ មករា ឯកអគ្គរដ្ឋទូតកាតារប្រចាំក្រុងមូស្គូ បានអះអាងប្រាប់ទីភ្នាក់ងារព័ត៌មានរុស្ស៊ីថា កាតារកំពុងតែចរចាទិញប្រព័ន្ធមីស៊ីលកម្ទេចមីស៊ីល ប្រភេទ S-400 របស់រុស្ស៊ី។ បើតាមការប្រកាសរបស់ភាគីទាំង២ ការ ចរចារវាងកាតារ និងរុស្ស៊ី បានដើរដល់ ដំណើរការជិត បានសម្រេច១០០%ទៅ ហើយ។

ការគំរាមប្រើកម្លាំងយោធាលើកាតារ ពីសំណាក់អារ៉ាប៊ីសាអ៊ូឌីតនេះ គឺជារឿង មួយធ្ងន់ធ្ងរណាស់ ហើយអាចត្រូវភាគី កាតារ ចាត់ទុកថាជាការលូកលាន់បំពានសិទ្ធិរបស់កាតារ។ ជាងនេះទៅទៀត កាលពីខែកុម្ភៈ អារ៉ាប៊ីសាអ៊ូឌីត ខ្លួនឯង ក៏បានទទួលស្គាល់ថា ខ្លួនក៏បានស្នើសុំទិញប្រព័ន្ធខែលមីស៊ីល របស់រុស្ស៊ីនេះដែរ។ តែយ៉ាងណា វាគឺជាសិទ្ធិរបស់កាតារ ដែលអាចមានប្រព័ន្ធខែលមីស៊ីលការពារខ្លួន ខណៈដែលអារ៉ាប៊ីសាអ៊ូឌីតខ្លួនឯង ក៏មានប្រព័ន្ធខែលមីស៊ីលមួយទិញពីអាមេរិកដែរ។

កាតារជាប្រទេសមហាសេដ្ឋីនៅក្នុង ពិភពលោក កន្លងមកប្រទេសនេះ មិន ខ្វល់ពីការពង្រឹងវិស័យការពារជាតិឡើយ ប៉ុន្តែក្រោយពេលប្រឈមមុខជាមួយប្រទេសជិតខាង កាតារក៏បានសម្រេចចំណាយប្រាក់ជាច្រើនសម្រាប់អភិវឌ្ឍវិស័យយោធា ដើម្បីឲ្យមានតុល្យភាពជាមួយប្រទេសជិតខាង ។

ក្រុមអ្នកឯកទេសបានលើកឡើងថា ការអភិវឌ្ឍវិស័យយោធា ការពារជាតិ របស់កាតារមិនមែនជាបញ្ហាធំដុំនោះឡើយដោយសារតែប្រទេសនេះមានប្រាក់គ្រប់គ្រាន់ ហើយក្នុងរយៈពេលខ្លី កាតារនិង មានសមត្ថភាពយោធា ដូចអារ៉ាប៊ីសាអ៊ូឌីត ដែរ ៕ ម៉ែវ សាធី


ចែករំលែក៖