ព័ត៌មានទាន់ហេតុការណ៍៖

ចិនតភ្ជាប់ជើងហោះហើរទៅកាន់កូរ៉េខាងជើងឡើងវិញ

ចែករំលែក៖

តាមការប្រកាសរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិចិន Air China បានឲ្យដឹងថា ក្រុមហ៊ុននេះបានសម្រេចតភ្ជាប់ឡើងវិញ នូវជើងហោះហើរ ពីទីក្រុងប៉េកាំង ទៅ កាន់ទីក្រុងព្យុងយ៉ាង ដែលចាប់ផ្តើមឡើង នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨នេះ ក្រោយពីផ្អាកអស់ជាច្រើនខែ។

ក្រុមហ៊ុនអាកាសចរណ៍Air China បានផ្អាកការហោះហើរ ទៅកាន់ទីក្រុងព្យុង យ៉ាង ចាប់តាំងពីខែវិច្ឆិកាឆ្នាំ២០១៧ ដោយ មានមូលហេតុផ្សេងៗ ក្នុងនោះមានការ ចូលរួមដាក់ទណ្ឌកម្មរបស់ទីក្រុងប៉េកាំងទៅលើកូរ៉េខាងជើង តាមការសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជា ជាតិ។

ប៉ុន្តែនៅពេលនេះ ខណៈដែលកូរ៉េខាង ជើង បានផ្សះផ្សាទំនាក់ទំនងជាមួយសហគមន៍អន្តរជាតិពិសេសគឺអាមេរិក ក្រុមហ៊ុនអាកាសចរណ៍ចិនក៏បានដំណើរការហោះហើរទៅកាន់កូរ៉េខាងជើងវិញ។ នៅពេល នេះ អ្នកដំណើរអាចបញ្ជាទិញសំបុត្រ ហោះហើរពីទីក្រុងប៉េកាំងទៅកាន់ទីក្រុង ព្យុងយ៉ាង នៅថ្ងៃចន្ទ ថ្ងៃពុធ និងថ្ងៃសុក្រ រៀងរាល់សប្តាហ៍។

ក្រុមហ៊ុនអាកាសចរណ៍ចិនបានបើកការហោះហើរទៅកាន់កូរ៉េខាងជើង តាំង ពីឆ្នាំ២០០៨ ដោយមូលហេតុផ្សេងៗគ្នាក្រុមហ៊ុននេះបានផ្អាកការហោះហើរជាបន្តបន្ទាប់។

បច្ចុប្បន្នទំនាក់ទំនងរវាងចិន នឹងកូរ៉េ ខាងជើង មានភាពល្អប្រសើរឡើង ក្រោយពីដំណើរទស្សនកិច្ចរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ទៅកាន់ទីក្រុងប៉េកាំងជួបពិភាក្សាជាមួយមេដឹកនាំស៊ី ជីន ពីង ។លោកគីម ជុងអ៊ុន បានជួបជាមួយ លោកស៊ី ជីនពីង ពីរលើកក្នុងរយៈពេល ១ខែ ។

ក្រៅពីការតភ្ជាប់ជើងហោះហើរ វិញ ក្រុមការពារព្រំដែនចិន ក៏បានធ្វើព្រងើយ ឲ្យពលរដ្ឋកូរ៉េខាងជើងចូលទៅធ្វើការនៅក្នុងប្រទេសចិនវិញដូចដើម ដោយធ្វើមិន ដឹង បើទោះបីច្បាប់ដាក់ទណ្ឌកម្មកូរ៉េខាងជើងនៅតែបន្តអនុវត្តក្តី៕ ម៉ែវ សាធី


ចែករំលែក៖